ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កងកម្លាំងអាហ្វហ្កានីស្ថានបើកប្រតិបត្តិការប្រឆាំងក្រុម ​IS

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ — កងកម្លាំងអាហ្វហ្កានីស្ថានបានបើកធ្វើប្រតិបត្តិការប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម ( ​IS ) នៅក្នុងស្រុក Watapur ខេត្តគូណារភាគខាងកើតកាលពីថ្ងៃចន្ទ នៅពេលមានសេចក្តីរាយការណ៍ពីវត្តមានរបស់លោក អាប៊ូ បាក្រ អាល់ – បាកដាឌី ( Abu Bakr al-Baghdadi ) មេដឹកនាំរត់គេចខ្លួនរបស់ក្រុមប្រដាប់អាវុធនេះ នៅក្នុងខេត្តណានហ្គាហារ ភាគខាងកើត ក្នុងប្រទេសដែលញាំញីដោយឧទ្ទាមកម្មនេះ ។

តាមលោក ហាក ណាវ៉ាស ហាកយ៉ារ មេប៉ូលីសខេត្តគូណារ ឱ្យដឹងថា ប្រតិបត្តិការដែលមានការសម្របសម្រួលគ្នាបានយ៉ាងល្អនោះត្រូវបានបើកធ្វើឡើងប្រឆាំងនឹង​កន្លែងលាក់ខ្លួនរបស់ IS ក្នុងស្រុក Watapur កាលពីព្រឹកថ្ងៃចន្ទ ហើយរហូតមកដល់ពេលនេះ គេបានសម្លាប់ពួកឧទ្ទាម៥នាក់ ។

លោក ហាកយ៉ារ បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ប្រតិបត្តិការនេះបានបើកធ្វើឡើងប្រឆាំងនឹងកន្លែងលាក់ខ្លួន IS នៅក្នុងតំបន់ Ghondi នៃក្នុងស្រុក Watapur នៅព្រឹកថ្ងៃចន្ទនេះ ហើយរហូតមកដល់ពេលនេះ ពួកសកម្មប្រយុទ្ធប្រដាប់អាវុធ ៥នាក់បានស្លាប់ នឹង៣នាក់ទៀតរបួស ។

តាមមន្ត្រីនោះឱ្យដឹងថា ប្រតិបត្តិការនេះ នឹងមានរយៈពេល៤ថ្ងៃ ដើម្បីបោសសំអាតពួកសកម្មប្រយុទ្ធ IS ចេញពីតំបន់នោះ ។ ក្រុម ​IS មិនទាន់បានធ្វើអត្ថាធិប្បាយនៅឡើយទេ ។ កាសែតក្នុងស្រុកមួយឈ្មោះ Daily Weesa រាយការណ៍ពីថ្ងៃចន្ទថា លោក អាប៊ូ បាក្រ អាល់ – បាកដាឌី មេដឹកនាំក្រុមរដ្ឋអ៊ីស្លាមបានប្តូរកន្លែងមកប្រទេសអាហ្វហ្កានីស្ថាន ។ ដោយដកស្រង់ប្រភពដែលគេមិនស្គាល់នោះ កាសែតនោះបាននិយាយបន្ថែមថា លោក អាប៊ូ- បាក្រ អាល់ – បាកដាឌី បានចូលទៅកាន់ខេត្តណានហ្គាហារ ។

មេដឹកនាំរត់គេចខ្លួន ISនេះ បានបាត់ខ្លួនចាប់តាំងពីការដួលរលំកាលីហ្វាត ដែលប្រកាសដោយខ្លួនឯងរបស់លោកនៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីឆ្នាំកន្លងទៅនឹងបានទទួលបរាជ័យជាបណ្តើរៗ នៃពួកយុទ្ធជនរបស់លោកនៅក្នុងប្រទេសស៊ីរី ។
ពួកសកម្មប្រយុទ្ធ IS ត្រូវបានក្រុមតាលីបង់ធ្វើឱ្យបរាជ័យយ៉ាងខ្លាំងនៅក្នុងខេត្ត Jawzjan កាលពីក្នុងខែសីហា ដែលបង្ខំឱ្យពួកសកម្មប្រយុទ្ធនេះ ចុះចូលជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ។ ចាប់តាំងពីបរាជ័យរបស់ពួកសកម្មប្រយុទ្ធ IS ក្នុងខេត្ត Jawzjan មក ក្រុមប្រដាប់អាវុធនេះ គេរាយការណ៍ថា បានប្រមូលផ្តុំពួកយុទ្ធជនរបស់ខ្លួននៅណានហ្គាហារ និង ខេត្តគូណារ ដែលនៅជិតខាង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )