ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

នាយករដ្ឋមន្រ្តីវៀតណាមគូសបញ្ជាក់អំពីសារៈសំខាន់ នៃការកសាងកំពង់ផែ Lien Chieu

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ — កាលពីថ្ងៃទី ២៤ ខែកញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបប្រជុំជាមួយថ្នាក់ដឹកនាំទីក្រុងដាណាង (Da Nang) ដើម្បីពិភាក្សាអំពីការសាងសង់កំពង់ផែ Lien Chieu ដោយលោកបានកត់សម្គាល់ថា នេះជាគម្រោងដែលមានការរៀបចំយ៉ាងល្អ។

លោក Phuc បាននិយាយថា បរិមាណទំនិញដែលឆ្លងកាត់កំពង់ផែ Tien Sa របស់ទីក្រុងដាណាងមានការកើនឡើងនាពេលថ្មីៗនេះ ដែលបង្កឱ្យមានការកកស្ទះនៅក្នុងទីក្រុង នឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច។ នាវាធំៗជាច្រើនមិនអាចចូលក្នុងកំពង់ផែនេះបានដោយសារតែកម្រិតទឹកទាបរបស់វា។

លោកបានកោតសរសើរដល់អាជ្ញាធរទីក្រុង និងក្រសួងដឹកជញ្ជូន (MoT) ចំពោះផែនការរបស់ពួកគេទៅលើការធ្វើ សមាហរណកម្មសង្គមក្នុងការកសាងគម្រោងកំពង់ផែ Lien Chieu ដែលរួមមានទាំងសេវាដឹកជញ្ជូន និងភ័ស្តុភារ។
ថ្នាក់ដឹកនាំរូបនេះបានស្នើឱ្យទីក្រុងធ្វើការងារដោយផ្ទាល់ជាមួយក្រសួងដឹកជញ្ជូន (MoT) និងក្រសួងផែនការ និងវិនិយោគ (MoPI) ដើម្បីធ្វើការស្នើសុំនូវជំនួយផ្តួចផ្តើមដើម្បីពន្លឿនដំណើរការរបស់គម្រោងនេះ។

នាយករដ្ឋមន្ត្រីបានស្នើថា ទីក្រុងអាចបង្កើតគណៈកម្មាធិការដឹកនាំ ឬក្រុមការងារពិសេសមួយ ដើម្បីចាប់ផ្តើមគម្រោងនេះ។ អាជ្ញាធរក្រុងបានរាយការណ៍ថា ទំនិញតាមកំពង់ផែដាណាង បានកើនឡើង ១៦,២ភាគរយជារៀងរាល់ឆ្នាំ ហើយត្រូវបានគេព្យាករណ៍ថា នឹងមានការកើនឡើងដល់ជិត ១០លានតោននៅឆ្នាំ ២០២០ និងប្រហែលជា ៣០លានតោន នៅឆ្នាំ ២០៣០ ដែលហួសពីសមត្ថភាពរបស់កំពង់ផែ Tien Sa និងកំពង់ផែ Son Tra សម្រាប់រយៈពេលនោះ។

នាពេលថ្មីៗនេះ ទំនិញដែលដឹកចេញពីកំពង់ផែ Tien Sa ទៅតាមផ្លូវល្បឿនលឿន Yet Kieu ផ្លូវ Ngo Quyen និងផ្លូវ Ngu Hanh Son បានកើនឡើង ហើយបង្កឱ្យមានគ្រោះថ្នាក់ចរាចរដល់ថ្នាក់បាត់បង់ជីវិត ដែលបណ្តាលមកពីរថយន្តដឹកទំនិញធុនធ្ងន់ទាំងនោះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)