ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ទីទេសចរណ៍ខេត្តព្រះសីហនុ ជំរុញឱ្យមានការវិនិយោគកន្លែងស្នាក់ នៅបែបប្រណិតបន្ថែមនៅក្នុងខេត្ត

AKP ព្រះសីហនុ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ — ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុ បានអះអាងថាតម្រូវការ ស្នាក់នៅបែបប្រណិតក្នុង ក្រុងព្រះសីហនុ នៅមិនទាន់ឆ្លើយតបនៅឡើយទៅនឹងកំណើនភ្ញៀវទេសជាតិ និងអន្តរជាតិ ដែលកំពុងមានសន្ទះកើនឡើងខ្លាំងក្នុងខេត្តនេះ។

 ថ្លែងក្នុងពិធីសម្ភោធជាផ្លូវការនៃសណ្ឋាគារលំដាប់ផ្កាយ៥ Prince Time Hotel កាល ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ នៅខេត្ដព្រះសីហនុ លោក តាំង សុចិត្រគ្រីស្នា ប្រធាន មន្ទីទេសចរណ៍ ខេត្តព្រះសីហនុ បានបញ្ជាក់ថា បច្ចុប្បន្ន ខេត្តព្រះសីហនុ ទាមទារ​ឱ្យមានការ វិនិយោគបន្ថែមទៅលើកន្លែងស្នាក់នៅបែបប្រណិតឱ្យបានច្រើន ដើម្បីឆ្លើយតប ទៅនឹងតម្រូវ ការទីផ្សារ ខណៈបច្ចប្បន្នខេត្តនេះ អាចទាក់ទាញភ្ញៀវទេសចរបានប្រមាណជាង១០ម៉ឺននាក់ កើនឡើង១៦ភាគរយ ក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ។ លោកបន្ថែមថា ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ចំនួនភ្ញ្ញៀវទេសចរក្នុងខេត្តព្រះសីហនុ បានកើនជាមធ្យម១០​ភាគរយ​ក្នុង១ ឆ្នាំ ដែលបានធ្វើឱ្យតម្រូវការក្នុងផ្នែកទេសចរណ៍ បានកើនឡើងខ្ពស់ ទាមទារឱ្យមានការ បំពេញបន្ថែម ក្នុងនោះរួមមានបដិសណ្ឋារកិច្ច អាហារដ្ឋាន និងសណ្ឋាគារប្រណិតៗ។ លោកបន្តទៀតថា ជាក់ស្ដែងវត្តមានរបស់សណ្ឋាគារលំដាប់ផ្កាយ៥ Prince Time Hotel នាថ្ងៃ នេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សោភណភាពទីក្រុង បម្រើ ដល់ការងារវិស័យទេសចរណ៍កម្ពុជា និងបានផ្ដល់ឱកាសការងារ ជាច្រើនដល់ ពលរដ្ឋក្នុង ខេត្តជាច្រើនកន្លែង។
លោកឈីវ គួស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានលើកឡើងថា សណ្ឋាគារព្រីនស៍ ថាម ហូថេល ជាសណ្ឋាគារ លំដាប់ផ្កាយ៥ មានកម្ពស់១៨ជាន់ ដែលមានសេវាកម្មល្អឥតខ្ចោះ រួមទាំងបន្ទប់ ដ៏ប្រណីត ចំនួន១៩៧បន្ទប់ ដែលត្រូវបានតុបតែងតាមបែបខ្មែរ ហើយ បន្ទប់នីមួយៗពោរពេញទៅ​ដោយភាពស្រស់ស្អាត ទំនើប និងផាសុខភាព។ ទន្ទឹមនេះ បន្ទប់ជាន់ខ្ពស់អាចទទួលបាន​ភាពរីករាយ និងសម្រាកលំហែ ដោយទស្សនាទេសភាពដ៏ស្រស់បំព្រងនៃឆ្នេរសមុទ្រ ក៏ដូចជា​ទិដ្ឋភាពដ៏ស្រស់ស្អាតនៃទីក្រុងព្រះសីហនុផងដែរ។ នៅផ្នែកខាងក្នុងនៃសណ្ឋាគារនេះ មាន រួម​បញ្ជូលនូវអាងហែលទឹក ក្លិបហាត់ប្រាណ ចំណត Helicopter និងភោជនីយដ្ឋានប្រណិត បែបចិន និងអឺរ៉ុប ជាលក្ខណៈVIP។
លោក Li Min អគ្គនាយកក្រុមហ៊ុន Prince Real Estate Group បានបញ្ជាក់ថា ក្រុមហ៊ុន Prince Real Estate Group នឹងពង្រីកសណ្ឋាគារចំនួន១៥កន្លែង ជាបន្តបន្ទាប់​ទៀតក្នុងខេត្ត ក្រុងទាំង១៣ នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះ ខេត្តព្រះសីហនុ មាន គម្រោងវិនិយោគធំៗចំនួន២ កំពុងមានវត្តមាននៅក្នុងខេត្តនេះ ដោយគម្រោងទី១ សម្ពោធ ជាផ្លូវការនៅថ្ងៃនេះ និងសណ្ឋាគារព្រីនស៍ ខូលីណឹន បេ លំដាប់ផ្កាយប្រាំពីរ ទើបតែ ប្រកាសចាប់ផ្តើមសាងសង់នៅដើមខែសីហា ឆ្នាំ ២០១៨ នេះ។
គួរបញ្ជាក់ថា សណ្ឋាគារព្រីនស៍ ថាម ហូថេល ជាគម្រោងវិនិយោគរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប និងគ្រប់គ្រងប្រតិបត្តិការដោយក្រុមហ៊ុន ព្រីនស៍ ថាម ហូថេល មេនេចមេន ដោយគម្រោងនេះ ត្រូវបានសាងសង់ឡើង នៅលើផ្ទៃដីប្រមាណ ២៩.០០០ម៉ែត្រការ៉េ ស្ថិតនៅទីតាំងផ្លូវឯករាជ្យ ក្រុងព្រះសីហនុ៕

ដោយ ម៉ៅ ចរិយា