ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អង្គការការីតាសកម្ពុជា ចែកស្បៀងមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹក ជំនន់ចំនួន​ ១.០២០គ្រួសារ​ នៅខេត្តត្បូងឃ្មុំ

AKP ត្បូងឃ្មុំ ថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០១៨ — កាលពីថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម រ័ត្ន វិរ:​ អនុរដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចូលរួមជាអធិបតី រួមជាមួយឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំអាជ្ញាធរខេត្តត្បូងឃ្មុំនិងលោក គឹម រតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា បានចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋចំនួន​ ១.០២០គ្រួសារ​ ដែលរងគ្រោះដោយ ទឹកជំនន់ នៅក្នុងខេត្តត្បូងឃ្មុំ។

ឯកឧត្តម រ័ត្ន វិរៈ​ បានមានប្រសាសន៍ថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេស អង្គការការីតាសកម្ពុជា ដែលបានសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ​មហន្តរាយ អាជ្ញាធរខេត្ត ដើម្បីឆ្លើយតបបន្ទាន់ និងជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹក ជំនន់នៅក្នុងខេត្តត្បូងឃ្មុំនាពេលនេះ។ ឯកឧត្តម បានលើកឡើងពីការយកចិត្តទុកដាក់ពី ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយក ចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងដោះស្រាយជីវភាពប្រជាពលរដ្ឋជួបការលំបាកជានិច្ច។ ជាក់ស្តែង ការចែកអំណោយសប្បុរសធម៌ជូនប្រជាពលរដ្ឋ ជនរងគ្រោះ និងជនងាយរង គ្រោះនាពេលនេះ គឺសុទ្ធតែបានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ១.០២០គ្រួសារ​ នៅក្នុងខេត្តត្បូងឃ្មុំ ដែលបាន និងកំពុងទទួលរងគ្រោះដោយសារទឹកជំនន់តាមមូលដ្ឋានមួយចំនួននៅក្នុងខេត្តត្បូងឃ្មុំ បានទទួលស្បៀងសង្រ្គោះបឋមនៅពេលនេះ ដោយមួយគ្រួសារៗទទួលបាន រួមមានអង្ករ ត្រីខ មី​ កៅស៊ូតង់។ ជាមួយគ្នានេះដែរ អង្គការការីតាសកម្ពុជា ក៏បានផ្តល់ស៊ីទែនទឹក បង្គន់ចល័ត និងប្រព័ន្ធចម្រោះទឹកចល័តខ្នាតធំ ជូនអាជ្ញាធរខេត្តដើម្បីផ្តល់ជូនប្រជាពលរដ្ឋ​រងគ្រោះប្រើប្រាស់តាមទីទួលសុវត្ថិភាព។

លោក គឹម រតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា បានឱ្យដឹងថា អង្គការការី តាសកម្ពុជា ដោយមានការគាំទ្រពីការីតាសអន្តរជាតិ គ្រោងនឹងចែកអំណោយសប្បុរសធម៌ មានពីរដំណាក់កាល ដែលនេះជាការឆ្លើយតបដំណាក់កាលបន្ទាន់ និងដំណាក់ស្តារឡើងវិញ កម្រិតបឋមថែមទៀតនាពេលខាងមុខ។ លោកបានបន្ថែមទៀតថា អង្គការ​ការីតាស ជាអង្គការក្រៅរដ្ឋាភិបាលកម្ពុជាមួយ​ ដែលតែងតែចូលរួមសកមភាពមនុស្សធម៌​ជាមួយ​រាជ​រដ្ឋាភិបាល​ កាកបាទក្រហមកម្ពុជា​ ដៃគូអង្គការនានា​ជាច្រើន​ ដោយមិនពាក់ព័ន្ធនឹង​ការងារនយោបាយ និងសាសនា​ឡើយ។ លោកបានលើកឡើងថា សកម្មភាពនេះ​ គ្រោងនឹងបន្តបំពេញការងារមនុស្សធម៌ ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅតាម ខេត្តព្រៃវែង ក្រចេះ ស្ទឹងត្រែង កណ្តាល ត្បូងឃ្មុំ និងខេត្ដកំពង់ចាម​ ផងដែរ៕

ដោយ ទូច​វលក្ខណ៍