ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វគ្គសិក្សាមូលដ្ឋានគ្រឹះស្ដីពីមេដឹកនាំកាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបិទវគ្គបណ្ដុះបណ្ដាលនៅខេត្ដសៀមរាប

AKP​ សៀមរាប ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ — វគ្គសិក្សាមូលដ្ឋានគ្រឹះមេដឹកនាំកាយរឹទ្ធិជាតិកម្ពុជា ដែលបានបើកវគ្គសិក្សាលើកទីមួយរបស់ ខ្លួននៅសាលាពលទាហានខេត្តសៀមរាប ដែលមានរយៈពេល៧ថ្ងៃ ស្មើនឹង៣៥ មេរៀននោះ ត្រូវបានប្រារព្ធពិធីបិទវគ្គកាលពីថ្ងៃ១៣កើត ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម តូច ជឿន អគ្គនាយកនៃអគ្គនាយក ដ្ឋានយុវជន ក្រសួងអប់រំយុវជន និងកីឡានិងជាប្រធានគណៈស្នងការជាតិកម្ពុជា។   ឯកឧត្តម តូច ជឿន បានមានប្រសាសន៍ថា កាយរឹទ្ធិជាតិកម្ពុជាបានបំពេញបេសកម្ម របស់ខ្លួន ដែលជាចលនាអប់រំក្រៅប្រព័ន្ធ ដើម្បីគាំទ្រការអប់រំក្នុងប្រព័ន្ធរបស់ក្រសួងអប់រំ យុវជន និងកីឡានៃរាជរដ្ឋាភិបាលកម្ពុជា និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើក ទឹកចិត្ត ដល់កុមារនិងយុវជន ឱ្យចូលរួមចំណែកយ៉ាងសកម្មទៅក្នុងសហគមន៍ជាតិ និងអន្តរជាតិ។

ឯកឧត្តមបានបន្ដថា កាយរឹទ្ធិជាតិកម្ពុជាបានបំពេញបេសកម្មរបស់ខ្លួនយ៉ាងសកម្ម និងត្រឹម ត្រូវតាមធម្មនុញ និងបទបញ្ចាផ្ទៃក្នុង ដើម្បីអភិវឌ្ឍន៍កុមារ និងយុវជនឱ្យមានសក្តានុពល ពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត ដើម្បីក្លាយទៅជាពលរដ្ឋដែលមានទំនួល ខុសត្រូវ និងទៅជាសមាជិកក្នុងសហគមន៍តាមមូលដ្ឋានរស់នៅក្នុងសហគមន៍ជាតិ និងអន្តរ ជាតិ។
ឯកឧត្តមអគ្គនាយកបានគូសបញ្ជាក់ថា ការបញ្ចប់វគ្គមូលដ្ឋានគ្រឹះមេដឹកនាំកាយរឹទ្ធិ នាពេលនេះ ពុំមានន័យថា សិក្ខាកាមទាំងអស់បានបញ្ចប់ការសិក្សាជំនាញកាយរឹទ្ធិនោះទេ។ នេះគឺជាវគ្គសិក្សាដំបូង និងជាស្ពានចម្លងដើម្បីបន្តវគ្គសិក្សាជំនាញកាយរឹទ្ធិកម្មជាច្រើន បន្តទៀត ដែលធ្វើការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឱ្យក្លាយជាអ្នកជំនាញ និងមានឯកទេស កាយរឹទ្ធិកម្មពិត ប្រាកដ។

លោក ឯម ពិសិដ្ឋ អនុប្រធានគណៈស្នងការជាតិ និងជាស្នងការជាតិកិច្ចការអន្តរជាតិ នៃកាយរឹទ្ធិជាតិកម្ពុជា បានបង្ហាញនៅក្នុងពិធីបិទវគ្គនោះដែរថា នេះគឺជាលើកទី១ហើយក្នុង ប្រវត្តិសាស្ត្រចលនាកាយរឹទ្ធិជាតិកម្ពុជា ដែលកាយរឹទ្ធិកម្ពុជាមាននាយកដ្ឋាន សហប្រតិបត្តិ ការកាយរឹទ្ធិជាសេនាធិការ បានរៀបចំវគ្គមូលដ្ឋានគ្រឹះមេដឹកនាំកាយរឹទ្ធិ ដោយប្រើប្រាស់ ធនធានមនុស្ស​ សម្ភារ បច្ចេកទេសដោយខ្លួនឯង ហើយត្រូវបានទទួលស្គាល់ដោយ អង្គការពិភពលោកនៃចលនាកាយរឹទ្ធិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
លោកបានលើកឡើងថា វគ្គនេះមានសារៈសំខាន់ និងចាំបាច់បំផុតក្នុងការចូលរួម ជំរុញ និងអភិវឌ្ឍន៍ចលនាកាយរឹទ្ធិជាតិកម្ពុជា ឱ្យមានវឌ្ឍនភាពទៅមុខ និងឆ្លើយតបតាម តម្រូវការដែល​បានវិវត្តថ្មីៗរបស់កុមារ យុវជននិងសង្គមជាតិ។

សូមបញ្ជាក់ថា វគ្គសិក្សាដែលត្រូវបានបែងចែកនៃការសិក្សាក្នុងបន្ទប់៣០ភាគរយ និង​អនុវត្តន៍លើទ្រឹស្តីក្នុងទីវាល៧០ភាគរយ ដែលមានសិក្ខាកាមសរុប៤៨នាក់ មកពីបណ្តា រាជធានី-ខេត្តមួយចំនួននៃប្រទេសកម្ពុជា បានអនុវត្តន៍ដោយជោគជ័យគ្រប់លក្ខខណ្ឌ នៃការ សិក្សា៕

ដោយ ហង្ស សៀក