ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចម្រាញ់បានម្ចាស់ជ័យលាភីកីឡាហែលទឹក ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ប្រចាំឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៨ — ព្រឹត្តិាការណ៍កីឡាហែលទឹក ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៥ ប្រចាំឆ្នាំ២០១៨ បានបិទជាផ្លូវការហើយ នៅព្រឹកថ្ងៃចន្ទទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅអាងហែលទឹកនៃ ពហុកីឡដ្ឋានជាតិ ក្រោយ​ពីគណៈកម្មការបច្ចេកទេសចម្រាញ់បានម្ចាស់ជ័យលាភីលើវិញ្ញាសា ចំនួន១៧។

យោងតាមលទ្ធផលបច្ចេកទេសបានឱ្យដឹងថា សម្រាប់ជ័យលាភីលើវិញ្ញាសាសរុបចំនួន ១៧នោះ រួមមាន៖ វិញ្ញាសាហែលរបៀបផ្ងារ ២០០ម៉ែត្រនារីកីឡាការិនីជំនាញ ចំណាត់ថ្នាក់ លេខ១ កីឡាការិនី ឆោម ស្រី វលក្ខណ៍ មកពីក្លិបក្រសួងសាធារណការ និងដឹកជញ្ជូន ខណៈវិញ្ញាសាកីឡាករជំនាញ លេខ១ កីឡាករ លឹម កែវឧត្តម មកពីក្លិបក្រសួងមហាផ្ទៃ។ វិញ្ញាសា១០០ម៉ែត្រ ររៀបហែលសេរី កុមារអាយុ១២ឆ្នាំ មេដាយមាស បានទៅលើកីឡាករ លឹម សុខវារៈស័ក្ក មកពីក្លិបកីឡាហែលទឹកក្រសួងព័ត៌មាន។ វិញ្ញាសាហែល៤រៀបឯកត្តជន យុវជនអាយុក្រោម១៨ឆ្នាំ មេដាយមាស បានទៅលើកីឡាករ ឌឿន រ៉ាត់ធីឌុន មកពីក្លឹបនាគ​រាជកំពង់ចាម។ ក្រៅពីនេះក៏មានចំណាត់ថ្នាក់ជ័យលាភី ចំណាត់ថ្នាក់លេខ២ លេខ៣​លើគ្រប់វិញ្ញាសាផ្សេងៗទៀតផងដែរ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង និងជាអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកគូសបញ្ជាក់ថា ការប្រកួតកីឡាហែលទឹក ពាន រង្វាន់សម្តេចក្រឡាហោមឆ្នាំ២០១៨ ស្រូបបានអត្តពលិកគ្រប់វ័យចូលរួមសរុបចំនួន៨៧នាក់ មកពី៨ក្លិប និងសមាគម ហើយវិញ្ញាសាដែលដាក់ឱ្យប្រកួតមានចំនួន១៧វិញ្ញាសា។ ឯកឧត្តម បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីមកបណ្តាក្លិបទាំងអស់គប្បី ត្រូវខិតខំហ្វឹកហាត់ឱ្យ បានកាន់តែខ្លាំងក្លាបន្ថែម ដើម្បីបង្កើនគុណភាពបច្ចេកទេសរបស់ខ្លួនឱ្យកាន់តែខ្លាំងពូកែ ដើម្បីឱ្យសហព័ន្ធអាចរកបានធនធានថ្នាលប្រកបដោយគុណភាព ក្នុងការចូលរួមប្រកួតនៅ លើឆាកអន្តរជាតិ នាពេលខាងមុខ ខណៈវិស័យកីឡាហែលទឹកកម្ពុជា នៅក្នុងតំបន់អាស៊ាន គឺនៅយើងនៅមានកម្រិតទាបជាងគេ។ឯកឧត្តម ជា ប៊ុនហេង បានបន្ថែមទៀតថា តាមរយៈ ព្រឹត្តិការណ៍ពានរង្វាន់សម្តេចក្រឡាហោម ពេលនេះនឹងជួយដុះខាត់សមត្ថភាព អត្តពលិក ហែលទឹកជាពិសេសគឺក្មេងៗឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

ដោយ ហេង ណាលីន