ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណកម្មការបង្កាគ្រោះអគ្គីភ័យចាប់ផ្ដើមគិតគូលើការបង្កាគ្រោះអគ្គីភ័យសម្រាប់សំណង់ធំៗ

វិទ្យុជាតិកម្ពុជា៖ ដោយ ហោ សេងគ្រី និងលោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ មន្ត្រីនៃអគ្គស្នងការនគរបាលជាតិឱ្យដឹងថា នៅពេលខាងមុខគណកម្មការបង្កាគ្រោះអគ្គីភ័យ មានបំណងជំរុញឱ្យក្រុមអ្នកជំនាញផ្នែកពន្លត់អគ្គីភ័យ បានចូលរួមពិនិត្យមើលប្លង់និងសុវត្ថិភាពសំណង់ធំៗនានាព្រមទាំងពិគ្រោះយោបល់ នៅមុនពេលដែលសំណង់ ទាំងនោះចាប់ផ្ដើមសាងសង់។

លោក ឆាយ គឹមខឿនអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ នៅព្រឹកថ្ងៃច័ន្ទទី២៤ខែកញ្ញាថា៖គណកម្មការបង្កាគ្រោះអគ្គីភ័យ កំពុងធ្វើសេចក្តីព្រាងបទដ្ឋានច្បាប់មួយ ដើម្បីបញ្ចូលក្រុមអ្នកជំនាញពន្លត់អគ្គីភ័យ ឱ្យមានតួនាទីពិនិត្យមើលប្លង់និងសុវត្ថិភាព របស់អាគារធំៗ ដូចជាអាគារពាណិជ្ជកម្មជាដើម អំពីលក្ខណៈបង្កាគ្រោះអគ្គីយភ័យ នៅមុនពេលដែលសំណង់ទាំងនោះចាប់ផ្ដើមសាងសង់ ។

លោកបន្តថា សេចក្តីព្រាងបទដ្ឋានច្បាប់ ស្ដីពីការត្រួតពិនិត្យនិងផ្ដល់យោបល់លើការបង្កាគ្រោះអគ្គីភ័យ ទៅលើសំណង់ធំៗនោះ បានតាក់តែងរយៈពេល១ឆ្នាំមកហើយ ដោយគណកម្មការបង្កាគ្រោះអគ្គីភ័យ ហើយចង់ឱ្យវាចេញជារូបរាងនៅក្នុងឆ្នាំនេះ។

លោកបន្ថែមថា បច្ចុប្បន្ននេះ សំណង់ធំៗជាច្រើននៅរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តខ្លះ គឺខ្វះប្រព័ន្ធការពារគ្រោះអគ្គីភ័យ ដូចជាគ្មានបំពង់ទឹកស្វ័យប្រវត្តិសម្រាប់ពន្លត់ភ្លើងនិងសំណង់ខ្លះស្ថិតនៅផ្លូវតូចចង្អៀត ពិបាកអន្តរាគមន៍នៅពេលមានអគ្គីភ័យកើតឡើង។

ជាច្រើនឆ្នាំមកហើយ គណកម្មការបង្កាគ្រោះអគ្គីភ័យ តែងបានផ្សព្វផ្សាយអប់រំ ម្ចាស់សំណង់ពាណិជ្ជកម្ម និងប្រជាពលរដ្ឋនៅតាមលំនៅដ្ឋាន ព្រមទាំងនៅគ្រប់ពេលពិធីបុណ្យជាតិផ្សេងៗឱ្យដាក់ឧបករណ៍សម្រាប់ពន្លត់អគ្គីភ័យ សម្រាប់ជួយសង្គ្រោះបឋមជាដើម ក៏ប៉ុន្តែគ្រោះអភ្គីភ័យនៅតែកើតមាននៅកន្លែងខ្លះ ដោយសារតែម្ចាស់សំណង់ខ្វះការប្រុងប្រយ័ត្ន។

លោក ឆាយ គឹមខឿន ឱ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៨ មានគ្រោះអគ្គីភ័យកើតឡើងចំនួនជាង៦០ករណី នៅទូទាំងប្រទេស គឺមានការថយចុះតិចតួច បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧កន្លងទៅ៕