ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ ជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សប្រឡង បាក់ឌុបជាប់និទ្ទេស A, B និងC ចំនួន១២០នាក់ នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨​ — ឯកឧត្ដម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបសំណេះសំណាល និង ប្រគល់រង្វាន់ជូនចំពោះសិស្សជ័យលាភីប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដោយទទួល បាននិទ្ទេសA និទ្ទេសB និងនិទ្ទេស C សរុបចំនួន១២០នាក់ នៅក្នុងខេត្ដក្រចេះ។ ពិធីនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃអាទិត្យ ១៤ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០១៨ ។  តាមរបាយការណ៍របស់មន្ទីរអប់រំយុជននិងកីឡាខេត្ត បានឱ្យដឹងថា លទ្ធផលនៃការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨នេះគឺ មានបេក្ខជនមានឈ្មោះក្នុងបញ្ជី ប្រឡងចំនួន១.៩៤០នាក់ ស្រី១.០៤០ នាក់ មានមណ្ឌលប្រឡងចំនួន ៤ និងមានបន្ទប់ប្រឡង ៧៩បន្ទប់។ សម្រាប់បេក្ខជនដែលមកប្រឡងចំនួន១.៩០២នាក់ ស្រី១.០១៨នាក់ ប្រឡងជាប់ ចំនួន១.០០០នាក់ ស្រី ៥៨២ នាក់ ស្មើនឹង ៥២.៦៧ភាគរយ ស្រី៥៧.១៧ភាគរយ កើនឡើង ៧.៩៦ភាគរយ ស្រី ៥.៧២ភាគរយ ធៀបនឹងឆ្នាំ ២០១៧។ សម្រាប់សិស្សទទួលបាននិទ្ទេសA ចំនួន៧នាក់ ស្រី៣ និទ្ទេសB ចំនួន៣៨នាក់ ស្រី២១នាក់ និទ្ទេសC ចំនួន៧៥ នាក់ ស្រី ៤៦នាក់ និទ្ទេសD ចំនួន១៤៧ នាក់ ស្រី ៩៨ នាក់ និងនិទ្ទេស E ចំនួន៧៣៣ នាក់ ស្រី ៤១៤ នាក់ ។
ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ក្រុមការងារចុះជួយខេត្តក្រចេះ បានថ្លែងថា លទ្ធផលដែលក្មួយៗទទួលបានៅពេលនេះ គឺជា ការខិតខំប្រឹងប្រែងផ្ទាល់របស់ក្មួយៗ និងជាការផ្តល់កិត្តិយសសម្រាប់ក្មួយៗផង សម្រាប់ សាលារៀន គ្រួសារ និងសង្គមជាតិរបស់យើង។ ឯកឧត្ដមបញ្ជាក់ថា គោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋ មន្ត្រី បានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងកំណែទម្រង់ស៊ីជម្រៅទៅលើវិស័យអប់រំ និងបាន ចាត់ទុកវិស័យអប់រំគឺជាវិស័យអាទិភាព ក្នុងការបណ្ដុះបណ្តាលចំណេះដឹងដល់មនុស្សគ្រប់ ជំនាន់ ឱ្យទទួលបាននូវចំណេះដឹង និងជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពយ៉ាង ពិតប្រាកដ។ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំដល់ក្មួយៗសិស្សានុសិស្សទាំងអស់ មិនត្រូវ ស្កប់ស្កល់នូវជ័យជម្នះពេលនេះ ហើយបញ្ឈប់ ឬបោះបង់ចោលនូវជ័យជម្នះខាងមុខនោះទេ ហើយត្រូវទទ្ទេញឱ្យចាំក្នុងចិត្តថានឹងជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន ត្រូវគោរពពេលវេលា និងខិតខំសិក្សាស្រាវជ្រាវបន្ថែមដោយខ្លួនឯង ត្រូវមានទស្សនៈវិស័យឱ្យវែងឆ្លាយ និងមាន គោលដៅសម្រាប់អនាគតច្បាស់លាស់។ ឯកឧត្តមបានណែនាំដល់សិស្ស ដែលមិនបាន ជាប់ជ័យលាភីឆ្នាំនេះមិនត្រូវបោះបង់ការសិក្សាឡើយ ត្រូវបន្តការសិក្សាដើម្បីប្រឡងឆ្នាំក្រោ យៗទៀត ឬត្រូវរៀនជំនាញឯកទេសណាមួយតាមរយៈការ សិក្សាជំនាញបណ្តុះបណ្តាល វិជ្ជាជីវៈ។

សូមបញ្ជាក់ថា សិស្សទទួលបាននិទ្ទេសA ចំនួន៧ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ លានរៀល និង១០០ដុល្លារ គិតជាប្រាក់ដុល្លារស្រុបស្មើចំនួន ៦០០ ដុល្លារ និទ្ទេសB ចំនួន៣៨ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៧០ម៉ឺនរៀល និងនិទ្ទេសC ៧៥ នាក់ ក្នុងម្នាក់ៗ ទទួល បានថវិកាចំនួន ៥០ ម៉ឺនរៀលផងដែរ៕

ដោយ ជួន សុជាតិ