ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កង់ចំនួន៧៤គ្រឿង ផ្តល់ជូនសមាជិកសមាគម សហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិបឹង ពារាំង សម្រាប់​ធ្វើ​ជា​មធ្យោបាយធ្វើដំណើរប្រចំាថ្ងៃ

AKP សៀមរាប ថ្ងៃទី២៤ខែកញ្ញាឆ្នំា២០១៨​ — សប្បុរសជននៅក្នុង​ខេត្តសៀមរាប​តាម​រយៈ CEO Master Club បានផ្តល់កង់ចំនួន៧៤គ្រឿង សម្រាប់​យក​មកផ្តល់ជូនដល់​សមាជិក សមាគម សហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិបឹង ពារាំងដែលស្ថិនៅសង្កត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ដែលគ្រួសារពួក​គាត់​មួយ​ចំនួន ជីវភាព​នៅមាន​ការ​ខ្វះខាត។ពិធីប្រគល់ និងទទួលកង់នេះ ធ្វើឡើង កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨។លោក គង់ មង្គល ប្រធានសមាគម សហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិបឹង ពារាំងបានឱ្យដឹងថា នៅក្នុង​សហគមន៍របស់លោកមាន​សមាជិកជាង​១០០នាក់ ក្នុងនោះ​មាន​សមាជិកមួយ​ចំនួនគ្រួសាររបស់ពួក​គាត់​នៅ​មាន​ជីវភាព​ខ្វះខាត ប៉ុន្តែ​ពួក​គាត់​បាន​លះបង់ កម្លាំងកាយចិត្ត ក្នុងការ​ចូល​រួមការ​ពារ​ធនធានធម្មជាតិ​នៅ​ក្នុង​សង្កាត់​ជ្រាវ​នេះ បានយ៉ាង​ល្អប្រសើរ​។ លោកបានបន្ដថា​ ​ដើម្បី​ជួយដល់ពួក​គាត់វិញលោកក្នុង​នាមជាប្រធាន​សមាគមន៍ បាន​អំពាវនាវ​ឱ្យ​សប្បុរសជនជួយដល់ពួកគាត់ ជាក់ស្តែងមាន សប្បុរសជននៅក្នុងខេត្ត សៀមរាបតាម​តាម​រយៈ CEO Master Club បានផ្តល់កង់ចំនួន៧៤គ្រឿង។ លោកបាន​លើកឡើងថា ​នេះគឺ​ជាលើកទីពីរហើយ​ដែលសមាជិកសមាគមន៍របស់លោកទទួល​បាន​ការ​ឧបត្ថម្ភពីសប្បុរស់ជន។

​ លោក អោម សេងបូរ៉ា ស្ថាបនិករបស់ CEO Master Club បានថ្លែងថា មូលហេតុ ដែលលោករៃអង្គាសថវិកាពីសប្បុរស់ជននានាយកមកទិញកង់សម្រាប់ផ្តល់ជូនដល់សមាជិកសមាគម សហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិបឹងពារាំងនេះ ដោយសារតែកង់​ជាមធ្យោ​បាយ និងជាស្ពានមួយដ៏មាន​សារៈសំខាន់សម្រាប់គ្រួសារដែលមាន​ជីវភាពខ្វះខាត ជាពិសេស សម្រាប់កុមារឆ្លងទៅរកភាព​ជោគ​ជ័យ​ និងចេញ​ឱ្យផុតពីភាពក្រីក្រ។

លោកពន្យល់ថា ដើម្បី​ឱ្យគ្រួសាររបស់ពួកគាត់ចេញ​ផុតពីគ្រួសារដែលមាន​ជីវភាព​ខ្វះខាត កត្តាចាំបាច់ គឺត្រូវជួយឱ្យកូនៗរបស់ពួកគាត់មាន​ចំណេះដឹង ដើម្បីឱ្យកូនៗរបស់ពួកគាត់ទៅ សិក្សាបានទៀងទាត់ គឺត្រូវបានមធ្យោបាយធ្វើដំណើរ និង​សម្ភារៈសិក្សា។ ជាមួយគ្នានេះ លោកនឹងបន្តជួយដល់សហគមន៍នេះជាបន្តបន្ទាប់តាមរយៈសកម្មភាពផ្សេងៗ ហើយការទិញកង់ និង​សម្ភារសិក្សាមកផ្តល់ជូនដល់ពួកគាត់ គឺជា​ការ​ចូលរួមមួយចំណែក​ដល់គ្រួសារដែលមាន​ជីវភាពខ្វះខាត។

លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប​ បានថ្លែង​អំណរគុណ​ចំពោះសប្បុរស ជននានាដែលបាន​ជួយដល់សមាជិកសមាគមសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹង ពារាំង ដែលមានជីវភាពខ្វះខាត។ លោកបានគូសបញ្ជាក់ថា ពួកគេទាំងនេះថ្វីត្បិតគ្រួសារ នៅមានជីវភាពខ្វះខាត ប៉ុន្តែពួក​គាត់មិនមានការរុញរាទេ គឺគេ​បាន​លះបង់កម្លាំងកាយចិត្ត ក្នុងការ​ចូល​រួមការ​ពារ​ធនធានធម្មជាតិ​នៅ​ក្នុង​សង្កាត់​ជ្រាវ​នេះបានយ៉ាង​ល្អប្រសើរ។

លោកក៏បាន​អំពាវនាវឱ្យមាន​ការជួយគាំទ្រ និងចូល​រួមការ​ពារ​ធនធានធម្មជាតិ​នៅ​ក្នុង​សង្កាត់​ជ្រាវ​នេះ ព្រោះវាមានសកត្តានុពលទេសចរណ៍ធម្មជាតិដ៏ល្អ សម្រាប់ទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តតំបន់នេះ បានផ្តល់ប្រាក់ចំណូល​ដល់​ដៃប្រជាពលរដ្ឋនៅតំបន់នេះ ធ្វើឱ្យជីវ ភាពពួកគាត់​កាន់តែល្អប្រសើរ៕

ដោយ ឃុត សៅ