ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលខេត្ដព្រះវិហារ នាំយកអំណោយកាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋងាយរង គ្រោះបំផុតចំនួន១០៨គ្រួសារ នៅស្រុកជាំក្សាន្ត

AKP ព្រះវិហារ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានចុះសួរសុខទុក្ខ និងបាននាំយកមុងសុវត្ថិភាព អាវ និង អំណោយមនុស្សធម៌របស់កាក បាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១០៨ គ្រួសារ មកពីភូមិ ចំនួន៧ ក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ពិធីនេះបានធ្វើឡើង កាលពីថ្ងៃ សៅរ៍ ១៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ។ 
ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍សាកសួរស្ខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះលោក យាយ លោកតា បងប្អូន​ទាំងអស់ ដែលជានិច្ចជាកាលសម្តេចតែងគិតគូរជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជា ពលរដ្ឋក្រីក្រជួបកាខ្វះខាតគ្រប់ៗគ្នា ដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយ ឡើយ។

ឯកឧត្តមអភិបាលខេត្ដក៏បានផ្តាំផ្ញើបងប្អូនទាំងអស់ធ្វើយ៉ាងត្រូវចេះប្រើប្រាស់មុង សម្រាកក្នុងមុងសុវត្ថិភាពជានិច្ច ជៀសវាង កើតជំងឺក្រុនចាញ់ គ្រុនឈាម ព្រោះរដូវវស្សា​សម្បូរមូសដែកគោល និងមូសខ្លាខ្លាំងណាស់ ជាពិសេសត្រូវរស់នៅស្អាត ហូបស្អាត ផឹកស្អាតជានិច្ច ។ សូមបញ្ជាក់ថា សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន មុងសុវត្ថិភាព១ អាវ១ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ឃីត១ និងអាហារបំប៉ន១កេស ផងដែរ៕

ដោយ ទិត ស្រ៊