ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្ដីក្រសួងកសិកម្ម អញ្ចើញចុះត្រួតពិនិត្យមើលការស្តារឡើងវិញ ផលប៉ះពាល់គ្រោះរាំងស្ងួត នៅខេត្តឧត្តរមានជ័យ

AKP ឧត្ដរមានជ័យ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអញ្ចើញចុះត្រួត ពិនិត្យមើលស្ថានភាពស្តារឡើងវិញផលប៉ះពាល់គ្រោះរាំងស្ងួត និង សំណេះសំណាលជាមួយ ប្រជាកសិករ នៅស្រុកចុងកាល់ ក្រុងសំរោង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការចុះនេះធ្វើឡើង កាលពីថ្ងៃសៅរ៍ ១៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។


ឯកឧត្តម ស ថាវី អភិបាលខេត្ដឧត្ដរមានជ័យ បានលើកឡើងថា ខេត្តឧត្ដរមានជ័យ គឺ ជាខេត្តដែលដីមានជីជាតិងាយស្រួលដាំដុះដំណាំគ្រប់ប្រភេទទទួលបានទិន្នផលខ្ពស់ បើមានភ្លៀងធ្លាក់គ្រប់គ្រាន់។ ឯកឧត្តមបានបន្ដថា ដោយមានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្មនោះ មន្ទីរកសិកម្មខេត្តបានខិតខំយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយ ព្រមទាំង ផ្តល់យោបល់ល្អៗជូនដល់ប្រជាកសិករអំពីបច្ចេកទេស ក្នុងការដាំដំណាំ ដោយចំណាយ តិចផ្តល់​ផលច្រើន និងបង្ហាញអំពីរបៀបនៃការប្រើប្រាស់ជីធម្មជាតិដែលមិនប៉ះពាល់សុខភាព មនុស្សនិងសត្វ។ ទន្ទឹមនេះ ចំពោះការធ្វើស្រែចំការកើនឡើងរហូតពីមួយឆ្នាំទៅមួយឆ្នាំ នៅឆ្នាំ ២០១៨នេះប្រជាកសិករក្នុងខេត្ដធ្វើស្រែបានចំនួន៩៥.០០០ហិកតា លើសផែនការដែលបាន គ្រោងទុកតែចំនួន៨៦.៥០០ហិកតា ។
ឯកឧត្តម វេង សាខុន បានមានប្រសាសន៍កោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ ថ្នាក់ដែលបានសហការ និងផ្ដល់លទ្ធភាពឱ្យមន្ទីរបានជំរុញលើកទឹកចិត្តដល់បងប្អូនប្រជា កសិករឱ្យខិតខំយកចិត្តទុកដាក់ចំពោះការងារបង្កបង្កើនផលដំណាំគ្រប់ប្រភេទបានល្អ ព្រោះ ខេត្តឧត្តរមានជ័យគឺជាខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសជិតខាង ងាយស្រួលនាំចេញ។ ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំកៀរគររកដៃគូមកវិនិយោគ ជាពិសេសនាំយកដៃគូវិយោគទុនចិន ដើម្បីមកបង្កើតរោងចក្រនាំចេញដំណាំកសិផលឱ្យកាន់ តែច្រើន និងមានតម្លៃសមរម្យដើម្បីឱ្យប្រជាកសិករយើងមានជីវភាពកាន់តែប្រសើរ ឡើងនៅ តំបន់ជាយដែននេះ៕

ដោយ ទិត ស្រ៊