ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកអគ្គរដ្ឋទូតចិនបញ្ចប់អាណត្តិការទូតនៅកម្ពុជា ជម្រាបលាសម្ដេចតេជោនាយករដ្ឋមន្ត្រី

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្ដម Xiong Bo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដែ​ល​បញ្ចប់អាណត្តិការទូតនៅកម្ពុជានោះ ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេតេជោ ហ៊ុន សែ​ន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និង​ជម្រា​ប​​លា នាព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅវិមានសន្តិភាព។


ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានប្រាប់អ្នកយកព័ត៌មានក្រោយ ​ជំ​នួ​បនោះថា ឯកឧត្ដម Xiong Bo បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេច​តេជោយ៉ាង​ជ្រា​ល​ជ្រៅជាទីបំផុត ដែលសម្ដេចបានគាំទ្ររាល់កិច្ចការងាររបស់ឯកឧត្ដម ក្នុងឱកាសដែល​ឯក​ឧត្ដម​បាននិងកំពុងបំពេញបេសកកម្មការទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម បានលើកឡើងថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ឯកឧត្ដមបានធ្វើការងារយ៉ាងច្រើន ជាពិ​សេ​​សក្នុងការជួយសម្របសម្រួលក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្ដមប្រធានាធិបតី និងនា​យ​ក​​រ​ដ្ឋ​ម​​ន្ត្រី​ចិនមកកាន់កម្ពុជា ក៏ដូចជាដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីទៅ​កាន់​ប្រ​ទេ​សចិនផងដែរ។

ជាងនេះទៀតក៏មានដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាច្រើន ​រប​ស់​​ចិ​ន​ ក៏ដូចជា កម្ពុជា ក្នុងការផ្លាស់ប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមក។ ឯកឧត្ដមឯកអគ្គ រដ្ឋទូតបានបន្តថា ក្នុង​រយៈ​ពេល​២ឆ្នាំដែលឯកឧត្ដមបំពេញបេសកកម្មការទូតនៅកម្ពុជា គឺបាន យកចិត្តទុកដាក់យ៉ាង​ខ្លាំ​ង​​ក្នុ​ង​​ការ​ជំរុញ ការអនុវត្តនូវនយោបាយខ្សែក្រវ៉ាត់ និងផ្លូវ និងកិច្ច សហប្រតិបត្តិការ​យ៉ាង​ច្រើ​ន​ទៀ​ត​ ដែលក្នុនោះបានផ្ដល់នូវលទ្ធផលយ៉ាងត្រចះត្រចង់ គឺ ពង្រីក និងពង្រឹង​ទំនាក់ទំនង​កិច្ច​ស​ហ​ប្រ​តិ​​បត្តិ​ការ​រវា​ងចិន និងកម្ពុជា ឈានទៅដល់ចំណុច ថ្មីមួយទៀត។

ជាការឆ្លើយតប សម្ដេចអគ្គមហាសេនាបតីតេតេជោ ហ៊ុន សែ​ន​ បានថ្លែងអំណរគុណ​យ៉ាងជ្រាល​ជ្រៅ​ចំ​ពោះ​​​ឯកឧត្ដមឯកអគ្គរដ្ឋទូត និងមន្ត្រីការទូតទាំងអស់ ដែលបានប្រឹងប្រែង អស់ពីកម្លាំង​កាយ​ចិ​ត្ត​ ធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិន បានរីកចម្រើនកាន់តែខ្លាំងឡើង ថែមទៀត។ សម្ដេច​តេជោបា​ន​​មានប្រសាសន៍ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា ចិន គឺបានឈានទៅដល់កិច្ច​ស​ហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយ ថ្មីៗនេះ ឯកឧត្ដមប្រធានាធិប​តី​ ស៊ី ជិនពីង បានមានប្រសាសន៍ថាកម្ពុជា និងចិនគឺជា​មិត្តដែកថែប នោះគឺកសាង​ឡើង​ដោ​យ​​ភាពស្មោះត្រង់រវាងមិត្ត និងមិត្ត។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋាភិ​បា​ល និងប្រជាជនចិន ដែលកន្លងមកតែងតែគាំទ្រ និងផ្ដល់ជំនួយសម្រាប់ការអភិវឌ្ឍ​ប្រទេ​ស​​​កម្ពុជា៕

ដោយ ជឹម ណារី