ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ្នកផលិតកាំបិត ចប ពូថៅ ខ្វែវ នៅខេត្តកំពង់ធំប្រើគ្រឿងម៉ាស៊ីន ដំដែកជំនួសកម្លាំងមនុស្ស

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

ខេត្តកំពង់ធំ៖ អ្នកផលិតកាំបិត ចប ពូថៅ នៅខេត្តកំពង់ធំ បានរកឃើញបច្ចេកទេសថ្មី ទាន់សម័យ ដោយប្រើគ្រឿងម៉ាស៊ីន ដំដែកជំនួសវិញ ព្រោះវាលឿនជាង ការប្រើដោយកម្លាំងមនុស្ស ហើយសល់ប្រាក់កម្រៃច្រើនជាងមុន ។

លោក ម៉ាត់ ហៀត ជនជាតិខ្មែរឥស្លាមជាអ្នកប្រកបមុខរបរបផលិតកាំបិត ពូថៅ ញញួរ ចបនិងខ្វែវ ព្រមទាំងជួសជុលគ្រឿងដែកផ្សេងទៀត ស្ថិតនៅភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានឲ្យដឹងថា ក្រុមគ្រួសាររបស់លោកបានចាប់យកអាជីពមួយនេះអស់រយៈពេលជាង៣០ឆ្នាំមកហើយ ដោយប្រើកម្លាំងមនុស្សចាប់ពី៣នាក់ទៅ៤នាក់ ទើបអាចដំដែកថែបនិងដែកជន្ទៀសបាន ធ្វើជាកាំបិត ពូថៅ ចបនិងខ្វែវបានត្រឹមតែពី៦ទៅ៨ប៉ុណ្ណោះក្នុងមួយថ្ងៃ។

តែមកដល់ឆ្នាំ២០១៨នេះ គាត់បានរកឃើញបច្ចេកទេសថ្មី ដោយទិញគ្រឿងម៉ាស៊ីនអស់តម្លៃជាង៣ពាន់ដុល្លា មកដំ និងផលិតជំនួសកម្លាំងមនុស្សវិញ ព្រោះការងាកមកប្រើដោយម៉ាស៊ីននេះវាលឿនជាង ការផលិតដោយកម្លាំងមនុស្ស ហើយអាចផលិតកាំបិត ចប ពូថៅបានច្រើនជាងមុនទ្វេដង និងអាចរកប្រាក់ចំនេញបានជាមធ្យមចាប់ពី១២ម៉ឺនទៅ១៥ម៉ឺនរៀលក្នុង១ថ្ងៃ។

លោកបន្តថា សព្វថ្ងៃនេះមានអតិថិជនបានបញ្ជាទិញដុំនិងរាយ និងជួសជុល ច្រុងថ្មីជារៀងរាល់ថ្ងៃ ស្ទើតែរកពេលផលិតអោយគេមិនទាន់ផង។

លោកបញ្ជាក់ថា ជាងដំដែកផលិតកាំបិត ចបពូថៅ និងខ្វែវ នៅក្នុងខេត្តកំពង់ធំ បែបទាន់សម័យនេះ ទើបតែមានពី២ទៅ៣កន្លែងប៉ុណ្ណោះ ក្រៅពីនេះនៅបន្តផលិតដោយកម្លាំងមនុស្សដដែលដូចជាបងប្អូនខ្មែរឥស្លាម នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយ ខេត្តកំពង់ធំជាដើម។

លោក ម៉ាត់ ហៀត បានបន្ថែមថា ក្រៅពីការផលិតកាំបិតពូថៅចបនិងខ្វែវ ខាងលើនេះ លោកក៏មានការទទួលបង្ហាត់បង្រៀនសិស្សតាមបែបទាន់សម័យនេះផងដែរ ៕