ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវទៅគ្រប់បណ្ដាក្រសួង-ស្ថាប័ន វិស័យ ឯកជន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្ដចូលរួមគាំទ្រដល់វិស័យវប្បធម៌ជាតិ

AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ — លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពងខ្ពស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវទៅគ្រប់បណ្ដា ក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្ដចូលរួម គាំទ្រដល់វិស័យវប្បធម៌ជាតិ និងសហការគ្នាកាន់តែទូលំទូលាយ។

ក្នុងពិធីពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥ មហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារខ្មែរលើកទី ១៩ និងការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីលើកទី១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ កាល ពីព្រឹកថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនការចូលរួម គាំទ្រ ដល់វិស័យវប្បធម៌ជាតិ ដើម្បីបង្កើតកម្មវិធី ឬព្រឹត្តការណ៍វប្បធម៌ឱ្យបានច្រើន ដោយបំផុស ការចូលរួម និងពង្រីកការយល់ដឹងដល់មហាជន ជាពិសេសស្រទាប់យុវជន អំពីគុណតម្លៃ នៃសិល្បៈវប្បធម៌ខ្មែរសំដៅអភិរក្ស និងលើកស្ទួយមរតកវប្បធម៌ជាតិឱ្យកាន់តែមានជីវិតរស់ រវើក និងប្រកបដោយនិរន្តភាព។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានចាត់ទុកថា ការរៀបចំពិព័រណ៍ និងមហោស្រពសិល្បៈនាពេលនេះ ជាព្រឹត្តិការណ៍វប្បធម៌ដ៏មានសារៈសំខាន់ ដែលរួមវិភាគ ទានដោយផ្ទាល់ដល់ការអភិរក្ស ផ្សព្វផ្សាយ និងលើកស្ទួយតម្លៃនៃបេតិកភណ្ឌវប្បធម៌ជាតិ ឱ្យ កាន់តែរីកចម្រើន ក្នុងក្របខណ្ឌ នៃកិច្ចសហការល្អរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន អង្គការ មហាជន សហគមន៍ និងសប្បុរសជននានាដែលជាដៃគូរអភិវឌ្ឍន៍ក្នុងការប្រមែប្រមូល ពូនផ្ដុំ ការចូលរួម ស្របតាមគោលការណ៍រដ្ឋជាអ្នកគ្រប់គ្រងគាំពារ ដៃគូឯកជនជាអ្នកអនុវត្តន៍។

ជាមួយគ្នានេះ ព្រះរាជាណាចក្រកម្ពុជា ជាផែនដីដែលសម្បូរដោយសម្បត្តិធម្មជាតិ បេតិកភណ្ឌវប្បធម៌ ទាំងរូបី និងអរូបី ដែលបុព្វបុរសដូនតាយើងបានបន្សល់ទុកមកជា ច្រើនជំនាន់ ធ្វើឱ្យកេរ្តិ៍ឈ្មើរបស់កម្ពុជាល្បីរន្ទឺសុសសាយនៅលើពិភពលោក។ ក្រៅពី សម្បត្តិបេតិកភណ្ឌវប្បធម៌រូបី ដូចជាប្រាសាទបុរាណ និងរមណីយដ្ឋានប្រវត្តិសាស្ត្រច្រើន រាប់ពាន់នៅពាសពេញផ្ទៃប្រទេស កម្ពុជាក៏មានសម្បត្តិបេតិក ភណ្ឌវប្បធម៌អរូបីដ៏សម្បូរបែប ផងដែរដូចជា របាំ ល្ខោន តន្រ្តី គំនូរ ចម្លាក់ សិប្បកម្ម សំលៀកបំពាក់ ម្ហូបអារហារ ប្រពៃណី ទំនៀមទំលាប់ និងពិធីបុណ្យនានាជាមួយនឹងចំណេះដឹង ជំនាញ បច្ចេកទេស ដែលបានផ្ទេរ ពីជំនាន់មួយទៅជំនាន់មួយរហូតមកដល់សព្វថ្ងៃនេះ។ លោកជំទាវឧបនាយករដ្ឋមន្រ្ដីបាន បន្ថែមទៀតថា កេរដំណែលវប្បធម៌ទាំងនេះ គឺជាដួងព្រលឹង និងជាអត្តសញ្ញាណជាតិខ្មែរ ដ៏រឹងមាំ មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន ហើយក៏កំពុងដើរតួនាទីដ៏សំខាន់ផងដែរ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ជាពិសេសតាម រយៈវិស័យទេសចរណ៍វប្បធម៌។

លោកំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥ មហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារខ្មែរលើកទី១៩ និង​ការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីលើកទី១៨នេះ ដែលមានបណ្ដាវិសយ័ឯកជនចូលរួម ប្រមាណជា២០០ស្ដង់ ដាក់តាំងពិព័រណ៍ រយៈពេល២ថ្ងៃ គឺមានគោលបំណងបំផុសចលនា មហាជន ជាពិសេស យុវជនឱ្យចូលរួមថែរក្សា ការពារ និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ ពិសេស ទម្រង់អាពាហ៍ពិពាហ៍ ម្ហូបអារហារនិងសម្លៀក បំពាក់ប្រពៃណីខ្មែរ។ លោកជំទាវរដ្ឋ មន្រ្ដីបានបន្ដទៀតថា ជារៀងរាល់ឆ្នាំក្រសួងវប្បធម៌បានផ្តួច ផ្តើមឱ្យមានការរៀបចំព្រឹត្តិ ការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍ មហោ ស្រពសិល្បៈ តាមរាជធានី ខេត្ត និងអង្គការសហគម ដោយមានដៃគូរឯកជនជាច្រើនចូលរួម។

ព្រឹត្តការណ៍នេះមានគោលបំណងបំផុសចលនាមហាជន ជាពិសេស យុវជនឱ្យចូលរួម ថែរក្សា ការពារ និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ ពិសេសទម្រង់អាពាហ៍ពិពាហ៍ ម្ហូបអារហារ និងសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលជាផ្នែកដ៏សំខាន់មួយនៃវប្បធម៌ជាតិ ដោយបណ្ដុះនូវ ស្មារតីស្រលាញ់ការយល់ដឹងអំពីគុណតម្លៃ និងការផ្ទេរបន្តទៅឱ្យអ្នកជាជំនាន់ក្រោយ។

លោកជំទាវបានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍នេះជួយពង្រឹងសមត្ថភាពសិល្បៈ ផ្លាស់ប្តូរ បទពិសោធន៍ និងលើកកម្ពស់គុណភាពផលិតផលវប្បធម៌ ដើម្បីឈានទៅសហការ និងប្រកួតប្រជែងជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ដោយទាញយកអត្ថ ប្រយោជន៍ពីវិស័យវប្បធម៌នេះ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕

ដោយ សួស សំរិត