ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាត់ទុកនិវត្តន៍ជនគឺជាសមាជិកបុគ្គលគ្រួសារតែ មួយរបស់ក្រសួងដដែល

AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ — រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុក មន្ត្រីរាជការចូលនិវត្តន៍គឺនៅតែជាគ្រួសារតែមួយរបស់ ក្រសួងព័ត៍មានដដែល។

 ក្នុងពិធីជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូននិវតុ្តន៍ជន ដែលជាអតីត មន្ត្រីបម្រើការនៅក្នុងក្របខ័ណ្ឌក្រសួងព័ត៌មានចំនួន ៣៧៦នាក់ កាលពីព្រឹកថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា មន្រ្ដីរាជការខ្លះបានចូលរួមបម្រើការងារ តាំងពីគ្រាដ៏លំបាកលំបិន ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩មក ហើយ ពិតជាបានបន្សល់ទុកនូវ ស្នាដៃជាច្រើន សម្រាប់ប្រទេសជាតិនៅក្នុងវិស័យព័ត៌មាន ដែលមន្រ្ដីរាជការចូលនិវត្ដន៍ទាំងអស់នោះ ក្រសួងមិនត្រូវបានបំភ្លេចចោលសោះឡើយ។

ឯកឧត្តមរដ្ឋមន្រ្ដីបានសុំឱ្យមន្ត្រីរាជការវ័យក្មេង ដែលកំពុងបម្រើការនៅក្របខ័ណ្ឌ ក្រសួងព័ត៌មានទាំងអស់ សុំការចែករំលែកបទពិសោធន៍ការងារពីមន្ត្រីចូលនិវត្តន៍ ដែលអាច ហៅពួកគាត់ថាជាអ្នកជើងចាស់នៅក្នុងវិស័យព័ត៌មាន ដើម្បីឱ្យការបំពេញការងារ ប្រចាំថ្ងៃ របស់ផ្នែកនីមួយៗទទួលបាននូវភាពជោគជ័យថ្មីៗបន្ថែមទៀត។


លោក មី វ៉ាត តំណាងនិវត្តន៍ជនមកពីអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ក្រសួងព័ត៌មាន បានសម្តែងនូវក្តីគោរពចំពោះសណ្តានចិត្តដ៏ល្អរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវដែលតែងបានគិតគូរដល់សុខទុក្ខចំពោះមន្ត្រីរាជការដែលកំពុងបម្រើការងារ ក៏ដូច​ជាមន្ត្រីរាជការចូលនិវត្តន៍ ហើយតែងតែបានចាត់ទុក ទាំងអស់គ្នា គឺជាសមាជិកគ្រួសារ តែមួយរបស់ក្រសួងព័ត៌មាន។


សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ក៏បានផ្តល់ជូននូវអំណោយលើកទឹកចិត្តជូនដល់និវត្តន៍ជនទាំង៣៧៦នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា១០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម និងសម្ភារមួយចំនួន ព្រមទាំងបានអញ្ជើញ ពួកគាត់ទទួលទានអាហារសាមគ្គីរួមគ្នាផងដែរ៕

ដោយ ប៉ាល់ សុង រូបថត៖ ខឹម សុវណ្ណារ៉ា