ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងរៀបចំដែនដី ណែនាំឲ្យមានការរៀបចំកន្លែងសម្រាកពិសារអាហារថ្ងៃត្រង់ នៅក្នុងរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេង គ្រី៖៖

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត ចាត់វិធានការរៀបចំឱ្យមានកន្លែងសម្រាកពិសារអាហារថ្ងៃត្រង់ នៅក្នុងរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអះអាងថា ការរៀបចំឱ្យមានកន្លែងសម្រាកពិសារអាហារថ្ងៃត្រង់ នៅក្នុងរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានានេះគឺយោងតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានថ្លែងសំណេះសំណាលជាមួយកម្មករ កម្មការនីជាង២ម៉ឺនប្រាំពីរពាន់នាក់នៅស្រុកគងពិសីខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៩។

ឯកឧត្ដម ជា សុផារ៉ាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍តាមរយៈសេចក្ដីជូនដឹណឹងថាដើម្បីសម្រួលដល់ការបំពេញការងាររបស់កម្មករ និយោជិតដែលបម្រើការងារតាមបណ្ដារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្នើដល់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្តចាត់វិធានការដូចខាងក្រោម៖

១ ចំពោះរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាដែលកំពុងដំណើរការ ត្រូវរៀបចំឱ្យមានកន្លែងសមស្របសម្រាប់កម្មករ និយោជិតសម្រាកពិសារអាហារថ្ងៃត្រង់។

២ ចំពោះការស្នើសុំសាងសង់ថ្មី ដូជា អគាររោងចក្រ សហគ្រាស គ្រិៈស្ថានឬអគារសេវាកម្មដែលមានមនុស្សច្រើនបម្រើការងារ ត្រូវ គូស បញ្ជាក់អំពីកន្លែងសម្រាប់សម្រាកពិសារអាហារថ្ងៃត្រង់នៅក្នុងគំនូសប្លង់ស្ថាបតយ្យកម្មស្នើសុំលិខិតអនុញ្ញាតសាសង់ អោយបានសមស្របតាមបទដ្ឋានបច្ចេកទេសនិងបទដ្ឋានគតិយុត្តិនានាជាធរមាន។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានស្នើដល់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត ចាត់ចែងអនុវត្ដអោយមានប្រសិទ្ឋភាព៕