ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ជំនួយចិនជួយទាំងផ្នែកអភិវឌ្ឍន៍ និងពង្រឹងតួនាទីនយោបាយ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាងភក្តី៖
រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ជំនួយចិនជួយទាំងផ្នែកអភិវឌ្ឍន៍ និងពង្រឹងតួនាទីនយោបាយ ខណៈថ្នាក់ដឹកនាំប្រទេសទាំងពីរ​កំពុងបង្កើន​កិច្ចសហប្រតិបត្តិជាមួយគ្នាកាន់តែប្រសើរ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​បញ្ជាក់ថា ជំនួយ របស់រដ្ឋាភិបាលប្រទេសចិនសម្រាប់កម្ពុជា បាន​បម្រើ​ផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបានពង្រឹងនូវ​តួនា​ទីនយោបាយរបស់កម្ពុជានៅក្នុងការរក្សានូវឯករាជ្យ អធិបតេយ្យភាព​ផង​ដែរ។ នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្តម កេត សោផាន់ អ្នកនាំ​ពាក្យ​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្រោយជំនួប​ជម្រាបលារបស់ឯកឧត្តម ស្យ៊ុង ប៉ (Xiong Bo) ឯកអគ្គរដ្ឋទូតចិនប្រចាំ​កម្ពុ​ជា នៅទីស្តីការក្រសួងការបរទេស នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ។ឯកឧត្តមឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការគ្រប់​ជ្រុងជ្រោយរវាងកម្ពុជា និងចិន បានធ្វើឱ្យប្រទេសទាំងពីរឯកភាព​គ្នាយ៉ាង​មុតមាំជាមួយនឹងយុទ្ធសាស្ត្រនៃការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីនាំមកនូវ​ការអភិវឌ្ឍ និងវិបុលភាពសង្គមជាតិ។ ឯកឧត្តមបន្តថា ភាពជោគជ័យ និងការរីកចម្រើនរបស់កម្ពុជា ក៏ដូចជាភាពជោគជ័យ និងការរីក​ចម្រើន​របស់ប្រទេសចិនផងដែរ។ កាលពីថ្ងៃទី១៩ ខែកញ្ញា ឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិន ក៏បានចូលគាល់សួរព្រះសុខទុក្ខព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ដែលកំពុងគង់ប្រថាប់ ដើម្បីពិនិត្យព្រះរាជសុខភាពនៅក្រុងប៉េកាំង ដោយបានទូលថ្វាយ​ពីទំនាក់​ទំនង ចំណងមិត្តភាព រវាងចិននិងកម្ពុជា ដែលនឹងជំរុញទំនាក់​ទំនងភាព​ជា​ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំង​ពីរឱ្យ​ឡើងដល់កម្រិតថ្មីឥតឈប់ឈរបន្ថែមទៀត។