ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ឆាយ ថន អញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលយេនឌ័រ ក្នុងផែនការ និងស្ថិតិឆ្នាំ២០១៨ និងផ្សព្វផ្សាយអនុសញ្ញាស៊ី-ដ នៅខេត្តឧត្តរមានជ័យ

AKP ឧត្តរមានជ័យ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តមទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាលយេនឌ័រក្នុងផែនការនិងស្ថិតិឆ្នាំ២០១៨ និងការផ្សព្វផ្សាយអនុសញ្ញា ស៊ី-ដ និងពិធីសារតាមជម្រើស នៅសាលាខេត្តឧត្តរមានជ័យ កាលពីថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ទិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២0 ខែកញ្ញា ឆ្នាំ២០១៨ ដោយមាន ការចូលរួមពីឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារយេនឌ័រ នៃក្រសួងផែនការ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មកពីមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីមន្ទីរផែនការ មកពី៨ខេត្តក្រុង មាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និង កំពង់ធំ សរុបប្រមាណជាង ១០០នាក់។


ឯកឧត្តម ឆាយ ថន បានមានប្រសាន៍ថា ក្រសួងផែនការ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា តែងតែមានការគាំទ្រ ហើយនឹងនៅតែបន្តការគាំទ្រជានិច្ច ចំពោះសកម្មភាព និង វគ្គបណ្តុះបណ្តាលនានា ពាក់ព័ន្ធនឹងបញ្ហាយេនឌ័រ។ យេនឌ័រ គឺជាបញ្ហាដ៏សំខាន់ក្នុង ចំណោមបញ្ហាសំខាន់ៗនានា ដែលត្រូវបានយកចិត្តទុកដាក់ខ្លាំង ពីសំណាក់រាជរដ្ឋាភិបាល និង ក៏ដូចជាអង្គការសង្គមស៊ីវិលនានា លើពិភពលោក។ សកម្មភាពជាច្រើន ដែលសំដៅ លើកស្ទួយសមភាពយេនឌ័រនៅក្នុងប្រទេស ត្រូវបានធ្វើឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា រួមទាំងការរៀបចំច្បាប់ និងលិខិតបទដ្ឋាននានា ដែលធានាការពារ និង លើកតម្កើងសិទ្ធិស្ត្រី ការបញ្រ្ជាបយេនឌ័រ ក្នុងគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការ គ្រប់កម្រិត ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងការផ្តល់ឱកាស និងតួនាទីដល់ស្ត្រីជាដើម។


ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថា តាមរយៈការបើកវគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍ សមត្ថភាព ជូនដល់មន្ត្រីរាជការជានារីនេះ នឹងផ្តល់ជូនដល់ពួកគាត់នៅពេលអនាគតនូវឱ កាសក្នុងការទទួលបាន ការជឿទុកចិត្តលើខ្លួនឯង និងការទទួលបានតួនាទីភារកិច្ច ស្មើភាពគ្នាជាមួយបុរសដោយពិតប្រាកដ សំដៅលើកកម្ពស់ជីវភាពរបស់គាត់ឱ្យមានភាព ប្រសើរឡើង៕

ដោយ ទិត ស្រ៊