ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ធនាគារអភិវឌ្ឍន៍អាស៊ី ប្រកាសបន្ដសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ រៀបចំឯកសារយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ — ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានប្រកាសបន្ដសហការជាមួយរាជ​រដ្ឋា​ភិបាល​​​កម្ពុជា​ ​ក្នុងការរៀបចំឯកសារយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ ២០១៩-២០២៣ ដែល​​ត្រូវដើរ​តាមយុទ្ធសាស្រ្តឆ្នាំ២០៣០របស់ADB។
ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប នាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២០​ ខែកញ្ញានេះ នៅទី ស្ដីការក្រសួងសេដ្ឋកិច្ច លោកស្រី ក្លេអូ កាវ៉ាវ៉ាគី (F. Cleo Kawawaki) អគ្គនាយរង ទទួល បន្ទុកនាយកដ្ឋានអាស៊ី អាគ្នេយ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានអះអាងថា ការរៀបចំ ឯកសារយុទ្ធសាស្រ្ដនេះ កម្ពុជា​ត្រូវ​មានសង្គតិភាពជាមួយនឹងផែន​ការយុទ្ធ​សាស្ត្រ​​អភិវឌ្ឍន៍ ជាតិ និងយុទ្ធសាស្រ្តចតុកោណដំណាក់​កាលទី៤ ដើម្បីកំណើន​ការងារ សមធម៌ និងប្រសិទ្ធ ភាព សម្រាប់កសាងមូលដ្ឋានឆ្ពោះ​ទៅសម្រេច​ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោកស្រី បាន វាយតម្លៃខ្ពស់ចំពោះស្ថិរភាពនយោបាយរបស់កម្ពុជា ពិសេសការខិតខំ​ប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលកម្ពុជា ក្នុងការបន្ដរក្សា និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយ​ចីរភាព រក្សា​បាន​នូវ​សមធម៌ សង្គមល្អប្រសើរ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ លោកស្រី បាន លើកឡើងថា លទ្ធផលដ៏ល្អប្រសើរទាំងនេះ គឺរាជរដ្ឋាភិបាល​កម្ពុជា មាន​គោល​នយោបាយ​ត្រឹមត្រូវ ច្បាស់​លាស់ ក្នុង​​ការអភិវឌ្ឍ​ប្រទេសជាតិ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​ទេសាភិបាលរបស់កម្ពុជាប្រចាំ ADB បានថ្លែងអំណរគុណ ចំពោះ ADB ដែលនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ក្នុង ភាពជាដៃគូល្អ និងស្មើភាពគ្នា ជាពិសេសកិច្ច​សហ​ប្រ​តិបត្តិការ​ដ៏ល្អប្រសើររបស់ ADB ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ច​អភិវឌ្ឍន៍ប្រទេសកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ដែរថា ដើម្បីអាចបន្តរក្សាបាន នូវកំណើនសេដ្ឋកិច្ច ខ្ពស់ប្រកបដោយចីរភាព សំដៅសម្រេចបាននូវគោលដៅ ក្នុង​ការប្រែក្លាយ​កម្ពុជា ឱ្យទៅជា ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេស ចំណូល ខ្ពស់ក្នុងឆ្នាំ២០៥០នោះ រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា​នីតិកាលទី៦ នៃរដ្ឋសភា បានរៀបចំ និងដាក់ចេញនូវឯកសារគោល នយោបាយ យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាលទី៤ ដែលមិនត្រឹមតែសម្រាប់ដោះ ស្រាយនូវ បញ្ហាប្រឈមខាងលើនោះទេ ប៉ុន្តែថែមទាំងត្រៀមខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ និងសេដ្ឋកិច្ចឌីជីថល ដែលជានិន្នាការថ្មី នៃសេដ្ឋកិច្ចសកលលោកផងដែរ ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានខិតខំជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ដែលធ្វើឱ្យ​ផលិត​ផល​សរុបក្នុងស្រុក​សម្រាប់ប្រជាជនម្នាក់ៗ បានកើនឡើងជាង៧ដង គឺពី ប្រមាណជាង២០០ ដុល្លារអាម៉េរិក នៅឆ្នាំ១៩៩២ ដល់ជិតប្រមាណ១.៥០០ ដុល្លារ​អាម៉េរិក នៅឆ្នាំ២០១៨នេះ៕

ដោយ គង់ សិរីរ័ត្ន