ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ឃួង ស្រេង ផ្តាំផ្ញើឱ្យក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ផ្សព្វផ្សាយ ការពិតពីកម្ពុជាដល់យុវជនអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើឱ្យក្រុមនាវាយុវជនអាស៊ី អាគ្នេយ៍ផ្សព្វផ្សាយការពិតពីកម្ពុជាដល់យុវជនអាស៊ាន ខណៈប្រទេសកម្ពុជាបច្ចុប្បន្ន មានស្ថានភាពប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ឯកឧត្ដម បានផ្តាំផ្ញើបែបនេះ នៅក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាជាង៣០នាក់ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា យុវជនយើងត្រូវធ្វើការផ្សព្វផ្សាយពី ការពិតនៅកម្ពុជាដល់យុវជនបណ្តាប្រទេសអាស៊ាន និងយុវជនជប៉ុនឱ្យបានយល់ ដឹងកាន់តែច្បាស់ពីកម្ពុជា។ ជាពិសេសស្ថានភាពបច្ចុប្បន្នរបស់កម្ពុជាប្រកបដោយសុខសន្តិ ភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានឈ្មោះបោះសំឡេងលើឆាកតំបន់ និង អន្តរជាតិ។ យុវជនរបស់យើងត្រូវហ៊ានបកស្រាយពន្យល់ដល់យុវជនអាស៊ាន និងយុវជន ជប៉ុនពីប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរយើង។
តំណាងសមាគមនាវាយុវជនអាស៊ី អាគ្នេយ៍កម្ពុជាបានឱ្យដឹងថា នេះជាការធ្វើដំណើរ ជាលើកទី៤៥ហើយដែលក្រុមយុវជនធ្វើដំណើរតាមនាវាឆ្លងកាត់ប្រទេស៤នៅតំបន់អាស៊ានរួមមាន ប្រុយណេ,ហ្វីលីពីន,ថៃនិងវៀតណាមដែលមានយុវជនអាស៊ាន និងយុជនជប៉ុន សរុបចំនួន៣៣០នាក់ដោយជួបគ្នាដំបូងនៅទីក្រុងតូក្យូ ប្រទេសជប៉ុនដើម្បីបើក កម្មវិធីជាផ្លូវការ។ កម្មវិធីធ្វើដំណើរតាមនាវាក្រោមការជួយឧបត្ថម្ភ ពីប្រទេសជប៉ុននេះ មានរយះពេល៥២ថ្ងៃដោយចាប់ចេញដំណើរពីថ្ងៃទី២៣ខែតុលា ដល់ថ្ងៃទី១២ធ្នូ ឆ្នាំ២០១៨នេះ ក្នុងគោល បំណងពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុនតាមរយៈយុវជនដោយ ផ្តោតសំខាន់ទៅលើការប្រជុំពិភាក្សា ការសម្តែងសិល្បៈ វប្បធម៌ និងការធ្វើដំណើរ។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់ជូននូវថវិកាចំនួន៥០០០ដុល្លារអាម៉េរិក ដល់ក្រុមនាវាយុវជនអាស៊ី អាគ្នេយ៍កម្ពុជា សម្រាប់បំពេញតម្រូវការក្នុងការធ្វើដំណើរផងដែរ៕

ដោយ សួស សំរិត