ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ការប្រកួតកីឡាហែលទឹកពានរង្វាន់សម្តេចក្រឡាហោម ស ខេងឆ្នាំ២០១៨ គ្រោងធ្វើនៅ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ

AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ — សហព័ន្ធខ្មែរកីឡាហែលទឹកនឹងរៀបចំការប្រកួតកីឡា កីឡាហែលទឹកពានរង្វាន់សម្តេច ក្រឡាហោម ស ខេង លើកទី៥ ឆ្នាំ២០១៨ នៅថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះ នៅអាងហែល ទឹក​ពហុកីឡដ្ឋានជាតិ។


អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានអះអាងថា ព្រឹត្តិការណ៍នេះ នឹងបានផ្តល់ឱកាសបន្ថែមដល់យុវជននានាបានបញ្ចេញសមត្ថភាពរបស់ខ្លួន ក្នុងការប្រជែងមេដាយ ក្រោយពីបានការហ្វឹកហាត់នៅតាមក្លឹបរៀងៗខ្លួន។ អគ្គលេខាធិការ ចាត់ទុកថា ការប្រកួតកីឡាហែលទឹកពានរង្វាន់ សម្តេចក្រឡា ហោម ស ខេង គឺជាព្រឹត្តិ ការណ៍ធំទី៣ នៅក្នុងចំណោមព្រឹត្តិការណ៍កីឡាហែលទឹកថ្នាក់ជាតិនានា ដែលបាន ប្រារព្ធធ្វើ​ឡើងជាច្រើនលើកក្នុង១ឆ្នាំៗ។

ការប្រកួតនេះមាន៧ក្លិបគ្រោងនឹងចូលរួម ដោយមាន៥ វិញ្ញាសា​ ដូចគ្នានឹងការប្រកួត​ កាលឆ្នាំ២០១៧ កន្លងទៅដែរ។ គួររម្លឹកថា ក្រៅពីការប្រកួតថ្នាក់ជាតិនេះ សហព័ន្ធខ្មែរកីឡាហែល ទឹកមានបេសកកម្ម​អន្តរជាតិដ៏ធំមួយទៀត គឺការចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជន នៅប្រទេស​អាហ្សង់​​ទីន នាចុងឆ្នាំ២០១៨នេះជាមួយនឹង២ប្រភេទកីឡាផ្សេងទៀត គឺវាយសី និងចំបាប់ តាមរយៈសិទ្ធិអនុគ្រោះ។ មុនចេញប្រកួតយុវជនអូឡាំពិក ក្រុម​អត្ត​ព​លិ​ក​ហែលទឹក​កម្ពុជា១៨​នាក់​នឹងត្រូវចេញទៅហ្វឹកហាត់​រយៈពេល​១០ថ្ងៃ នៅ​ប្រទេស​ជប៉ុន នាថ្ងៃទី ២៤ ខែកញ្ញាដល់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ៕

ដោយ ហេង ណាលីន