ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ស្រូវស្រែប្រមាណ៤ពាន់ហិកតា នៅខេត្តស្វាយរៀងប្រឈមនឹងកង្វះទឹក

AKP ស្វាយរៀង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ — ការងារបង្កបង្កើនផលនៅខេត្តស្វាយរៀង គិតមកដល់ពាក់កណ្តាលខែកញ្ញានេះ សម្រេចផលិតស្រូវវស្សាបានតែជាង១៦ពាន់ហិកតា បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ មាន ភាពយឺតយ៉ាវបន្តិច ដោយល្បាយទឹកភ្លៀងខ្សោយជាងឆ្នាំមុនបន្តិច ស្រោចស្រពនៅលើផ្ទៃដី មិនបានគ្រប់ទីកន្លែងដូចឆ្នាំមុននោះទេ។

យោងតាមរបាយការណ៍របស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃ ព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០១៨បានឱ្យដឹងថា ចលនាបង្កបង្កើនផលស្រូវរបស់កសិករនៅក្នុងខេត្តស្វាយរៀង ចាប់ពីដើមរដូវវស្សារហូតមកដល់ថ្ងៃទី១៨ ខែកញ្ញា នេះសម្រេចបានចំនួន ជាង១៦ម៉ឺន ៥ពាន់ហិកតា ស្មើនឹង ៩៨ភាគរយ នៃផែនការផលិតស្រូវប្រចាំឆ្នាំ ១៦ម៉ឺន៧ពាន់៥រយហិកតា បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ ថយចុះជាង៣ពាន់ហិកតា។ ភាពយឺតយ៉ាវនេះ ដោយ សារទឹកភ្លៀងមិនគ្រប់គ្រាន់ ថែមទាំងបណ្ដាលឱ្យស្រូវប្រឈមនឹងការខូចខាតប្រមាណ ជាង៤ពាន់ហិកតាផងដែរ នៅក្នុងស្រុកក្រុងចំនួន៦ក្នុង ចំណោមស្រុក ក្រុងទាំង៨។

របាយការណ៍មន្ទីរកសិកម្ម បានបញ្ជាក់ថា នៅឆ្នាំនេះល្បាយទឹកភ្លៀង ខ្សោយជាងឆ្នាំមុនបន្តិច ស្រោចស្រពនៅលើផ្ទៃដីមិនបានគ្រប់ទីកន្លែងនោះទ ធ្វើឱ្យការបង្ក បង្កើនផលជួបបញ្ហា បើទោះជាមន្ទីរធនធានទឹកខិតខំជីកស្តារនាំទឹកស្រោចស្រព ក៏ចលនាបង្ក បង្កើនផលមិនសម្រេចទៅតាមផែនការប្រចាំឆ្នាំដែរ ពីព្រោះទំហំផ្ទៃដីមានការរាំងស្ងួតច្រើន។

កសិករនៅឃុំញ ស្រុកកំពង់រោទ៍ ដែលស្រូវកំពុងប្រតែឈមនឹងបញ្ហា កង្វះទឹកនា ពាក់កណ្ដាលរដូវនេះ បានអំពាវនាវដល់មន្ទីរធនធានទឹក ជួយជីកស្តារប្រឡាយដើម្បីនាំ ទឹកទៅកាន់តំបន់របស់ពួកគាត់ ដើម្បីទប់ស្កាត់ការខូចខាតដំណាំស្រូវ និងបង្កើនការ ដាំដុះស្រូវឱ្យបានទាន់រដូវ។

លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្វាយរៀង បានបញ្ជាក់ថា មន្ទីរកំពុងធ្វើការសិក្សាស្វែងរកប្រភពទឹក ពីព្រោះគម្រោងជីកស្តារ ប្រឡាយនីមួយៗ ត្រូវចំណាយថវិកាច្រើន តែទោះជាយ៉ាងណាមន្ទីរមានទិសដៅ ជីកស្តារប្រឡាយនៅ គ្រប់តំបន់ដែលមានប្រភពទឹក ដើម្បីទាញយកទឹកទៅឱ្យពលរដ្ឋ បង្កបង្កើនផលឱ្យបានគ្រប់គ្រាន់៕

ដោយ សួស សំរិត