ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចិនអំពាវនាវឱ្យមានការសន្ទនាគ្នាថែមទៀតរវាងកូរ៉េខាងជើងនិង ស.រ.អា

AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ — អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយពីថ្ងៃព្រហស្បតិ៍ថា ចិនគាំទ្រយ៉ាងរឹងមាំដល់កិច្ចប្រជុំក្រុងព្យុងយ៉ាងរវាងមេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូង ហើយសង្ឃឹមថា កូរ៉េខាងជើង និង ស.រ.អា នឹងមិនឱ្យបាត់បង់ពេលវេលា ដើម្បីធ្វើការទាក់ទងគ្នា និងការសន្ទនាគ្នាថែមទៀត ដើម្បីធ្វើឱ្យឧបទ្វីបកូរ៉េគ្មាន នុយក្លេអ៊ែរ ។

នៅក្រោមសេចក្តីប្រកាសរួមមួយដែលបានចុះហត្ថលេខានៅឯកិច្ចប្រជុំកំពូលនេះ កូរ៉េខាងជើង បាននិយាយថា ខ្លួនមានបំណងបន្តនូវជំហានថែមទៀតឆ្ពោះទៅរកការធ្វើមិនឱ្យមាននុយក្លេអ៊ែរ តួយ៉ាងដូចជាការបំផ្លាញចោលជាអចិន្ត្រៃយ៍មូលដ្ឋាននុយក្លេអ៊ែរ​ Yongbyon យ៉ាងសំខាន់របស់ខ្លួន ប្រសិនបើ ស.រ.អា ប្រកាន់យកសកម្មភាពដែលស៊ីគ្នា ស្របទៅតាមស្មារតី នៃកិច្ចព្រមព្រៀងកូរ៉េខាងជើង – ស.រ.អា ដែលបានសម្រេចនៅឯកិច្ចប្រជុំកំពូលនៅសិង្ហបុរី កាលពីក្នុងខែមិថុនា ។

លោក ជេង សួង ( Geng Shuang ) អ្នកនាំពាក្យបានប្រាប់សន្និសីទសារព័ត៌មានតាមទម្លាប់មួយថា ជំហររបស់កូរ៉េខាងជើង មានតម្លៃដែលគួរឱ្យពេញចិត្ត ។ យើងសង្ឃឹមថា កូរ៉េខាងជើង និង ស.រ.អា នឹងជួបគ្នាទៅវិញទៅមក ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េវ ( Mike Pompeo ) បាននិយាយពីថ្ងៃពុធ ក្នុងសេចក្តីថ្លែងការណ៍មួយថា ស.រ.អា ត្រៀមខ្លួនចូលរួមជាបន្ទាប់នៅក្នុងកិច្ចចរចា ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរនូវទំនាក់ទំនង ស.រ.អា – កូរ៉េខាងជើង ។

ដោយកត់សម្គាល់ការធ្វើអត្ថាធិប្បាយធ្វើឡើងដោយ ស.រ.អា នោះលោក ជេង បាននិយាយថា ចិនគាំទ្រនឹងសង្ឃឹមថា កូរ៉េខាងជើង និង ស.រ.អា នឹងមិនធ្វើឱ្យបាត់បង់ពេលវេលា ដើម្បីធ្វើការទាក់ទងគ្នា និងការសន្ទនាគ្នាថែមទៀត , យកកង្វល់ដែលសមហេតុសមផល របស់គ្នាទៅវិញទៅមក មកធ្វើការពិចារណា , កសាងនូវជំនឿទុកចិត្តគ្នា ទៅវិញទៅមក , អនុវត្តន៍ការមូលមតិគ្នា ដែលបានសម្រេចដោយមេដឹកនាំនៃ ប្រទេសទាំងពីរ ព្រមទាំងធ្វើការសម្រាប់ការអភិវឌ្ឍជាបន្តនៅក្នុងការធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ នឹងនៅក្នុងដំណោះស្រាយនយោបាយនៃបញ្ហានេះ ។ អ្នកនាំពាក្យនោះបាននិយាយថា ភាគីដែលមានជាប់ទាក់ទងដទៃទៀតក៏គួរតែប្រកាន់យកសកម្ម ភាពនឹងធ្វើកិច្ចប្រឹងប្រែងរួមគ្នាផងដែរ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )