ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្ដីក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានរដ្ឋបាល ព្រៃឈើ និងអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម

AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ –ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ ចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែង ឯកឧត្តម កែវ អូម៉ាលីស្ស ជាប្រតិភូរាជរដ្ឋាភិ បាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងទី២ឯកឧត្តម ងិន ឆាយ ជាប្រតិភូរាជ រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងមន្រ្ដីរាជការ ក្នុងក្រសួង ពិធីនេះ បានប្រព្រឹត្ដទៅ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨

ឯកឧត្តម វេង សាខុន បានលើកឡើងថា ការផ្លាស់ប្ដូរថ្នាក់ដឹកនាំទាំងពីររូបនេះ ក្នុងគោល បំណងធ្វើឱ្យសម្រេចបាននូវនយោបាយកំណែទម្រង់ របស់រាជរដ្ឋាភិបាល និងទទួលបាន ជោគជ័យតាមផែនការយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣ របស់ក្រសួងកសិកម្ម។ ឯកឧត្តមរដ្ឋមន្រ្ដីបានណែនាំដល់មន្រ្ដីរាជការ​ និងថ្នាក់ដឹកនាំទាំងអស់ ចាំបាច់ត្រូវយកចិត្ត ទុកដាក់ខ្ពស់អនុវត្តន៍ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន ឱ្យបាន ពេញលេញ ដោយត្រូវធ្វើសកម្មឱ្យបានកាន់តែប្រសើរជាងមុន មានភាពទូលំទូលាយជាងមុន និងមានប្រសិទ្ធភាពជាងមុន ដើម្បីឱ្យប្រជាជនគ្រប់រូបបានទទួលផលប្រយោជន៍ពីរាជរដ្ឋាភិ បាល បានច្រើនជាងមុន។ ក្រៅពីនេះ ត្រូវអនុវត្តន៍ផែនការជាយុទ្ធសាស្រ្ត និងគោលនយោ បាលរបស់ រាជរដ្ឋាភិបាល និងរបស់ក្រសួង ក៏ដូចជាការអនុវត្តឱ្យបានពេញលេញនូវលិខិត បទដ្ឋានគតិយុត្ត និងលក្ខន្តិកមន្រ្តីរាជការស៊ីវិលទន្ទឹមនេះ ត្រូវខិតខំស្រាវជ្រាវ និងរៀបចំ ការធ្វើទំនើបកម្មកសិកម្មប្រកបដោយភពវៃឆ្លាត បរិយាប្ន ធន់នឹងការប្រែប្រួលអាកាសធាតុ មាននវានុវត្តន៍ និងមានឧត្តមភាពក្នុងការប្រកួតប្រជែង

ឯកឧត្តមបានណែនាំដល់មន្រ្ដីរាជការ ថ្នាក់ដឹកនាំទាំងអស់ ត្រូវប្រកាន់យកក្រមសីល ធម៌វិជ្ជាជីវៈមន្រ្តីរាជការ ដែលជាអ្នកផ្តល់សេវាសាធារណៈ និងជាអ្នកផ្ទេរចំណេះដឹងដល់ កសិករប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ បន្តផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អទាំងក្នុងវិស័យផលិតកម្មសត្វ និងសុខភាពសត្វ ហើយនឹង សហគមន៍ព្រៃព្រមទាំងលើកទឹក ចិត្តវិស័យឯកជន និងកសាងភាពជាដៃគូក្នុងការចូលរួមក្នុងការអភិវឌ្ឍ ផ្សព្វផ្សាយ បញ្ចូល បច្ចេកវិទ្យាថ្មីៗក្នុងវិស័យកសិម្ម រួមជាមួយការប្រើគ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្ម ការផលិតពូជ ជីនិងថ្នាំកសិកម្ម ការកែច្នៃវេចខ្ចប់ និងជំរុញទីផ្សារក្នុងស្រុក និងនាំចេញ ៕

ដោយ ទូច វលក្ខណ៍