ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងទេសចរណ៍ ប្រគល់ជ័យលាភី “យុវជនទេសចរណ៍ឆ្នើម ឆ្នាំ២០១៨”

AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ –គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍បានរៀបចំពិធីប្រគល់ ជ័យ លាភី “យុវជនទេសចរឆ្នើម ឆ្នាំ២០១៨” ក្រោមប្រធានបទ៖ «ការរៀបចំវត្តទេសចរណ៍គំរូ» វិញ្ញាសា «វត្តហរិរក្សរាជិនី (វត្តវាំងចាស់) ជាវត្តទេសចរណ៍គំរូ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម ជា បូរ៉ា រដ្ឋមន្រ្តីស្តីទីនៃក្រសួងទេសចរណ៍ ពិធីនេះធ្វើឡើងកាលពីរថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅ ទីស្តីការក្រសួងទេសចរណ៍

យោងតាមរបាយការណ៍របស់គណៈកម្មការវាយតម្លៃកម្មវិធីប្រកួតប្រជែងយុវជនទេសចរឆ្នើម ឆ្នាំ២០១៨ បានឱ្យដឹងថា ដោយមានការគាំទ្រពីក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា គណៈកម្មាធិការជាតិវាយ តម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យទេសចរណ៍ បានដាក់ចេញនូវកម្មវិធីប្រកួតប្រជែងយុវជនទេសចរឆ្នើម ឆ្នាំ២០១៨ ក្រោមប្រធានបទ៖ «ការរៀបចំវត្តទេសចរណ៍គំរូ» វិញ្ញាសា «វត្តហរិរក្សរាជិនី (វត្តវាំងចាស់) ជាវត្តទេសចរណ៍គំរូ ស្ថិតនៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

កម្មវិធីប្រកួតប្រជែងនេះបានផ្ដោតសំខាន់ទៅលើ៣ចំណុច រួមមានដូចជា ទី១. វត្តទេសចរណ៍ គំរូដើរតួនាទីជាផលិតផលទេសចរណ៍ដ៏សំខាន់មួយ ជាផ្នែកមួយនៃផលិតផលទីក្រុងស្អាត និងជាការឆ្លើយតប នឹងគោលនយោបាយផែនការយុទ្ធសាស្រ្តរបស់ក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាលក្នុងការជំរុញការធ្វើពិពិធកម្មផលិតផលទេសចរណ៍ឱ្យកាន់តែសម្បូរបែប ក៏ដូច ជាការពង្រឹង គុណភាពផលិតផលបន្ថែម ជាពិសេសគឺការគាស់កកាយនូវសក្តានុពល ទេស ចរណ៍ដែលមាននៅតាមបណ្តារាជធានី-ខេត្ត ទី២. ប្រទេសកម្ពុជាជាប្រទេសមានព្រះពុទ្ធ សាសនាជាសាសនារបស់រដ្ឋ មានវត្តអារាមនៅទូទាំងប្រទេសច្រើនពាន់កន្លែង ហើយការរីក ចម្រើននៃពុទ្ធចក្រក៏បានដើរស្របគ្នានឹងការរីកចម្រើននៃវិស័យអាណាចក្រ ទី៣. ការជំរុញ ការចូលរួម ពីយុវជនជានិស្សិតដែលមានគំនិតច្នៃប្រឌិតក្នុងការបង្កើតថ្មីនានា ជាការជំរុញ លើកទឹកចិត្តឱ្យមានការចូលរួមពីយុវជនក្នុងការអភិវឌ្ឍទីតាំងវត្តអារាមឱ្យក្លាយ ជាផលិតផល ទេសចរណ៍ដ៏ទាក់ទាញ ដោយរួមបញ្ចូលទេសចរណ៍ វប្បធម៌ និងសាសនា ឈរលើគោល គំនិតនៃការអភិវឌ្ឍ និងការអភិរក្ស ភាពស្អាត និងបៃតង គុណភាព និងភាពសម្បូរបែប។ ជាក់ស្តែង ក្រោយពីមានការដាក់ចេញនូវសេចក្តីជូនដំណឹងលេខ១៦០ សជណ.អគឧ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ និងបានធ្វើពិធីផ្សព្វផ្សាយនៅទីតាំងវត្តវាំងចាស់ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីអាជ្ញាធរថ្នាក់ខេត្ត ស្រុក និងមន្ទីរពាក់ព័ន្ធ មានបេក្ខជន-បេក្ខនារី ដែលចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះ ជានិស្សិតមកពី សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច វិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យ លីមកុកវីង។ ទន្ទឹមនេះ បេក្ខជននៃក្រុមនីមួយៗបានឆ្លងកាត់ការត្រួតពិនិត្យ និងផ្តល់មតិ យោបល់ពីគណ:កម្មការជាច្រើនលើក មុននឹងឈានមកដល់ការវាយតម្លៃដំណាក់កាលចុងក្រោយ ដោយគណ:កម្ម ការបានធ្វើការវាយតម្លៃបច្ចេកទេសចុងក្រោយ (ពិន្ទុបច្ចេកទេស៨០ ភាគរយ) លើលទ្ធផលការងារ ក្រុមឆ្នើមទាំង៥ក្រុម (Top 5) ដែលជាបេក្ខភាពដណ្តើម យកជ័យលាភីយុវជនទេសចរ ឆ្នើមឆ្នាំ២០១៨។ ក្រោយមកទៀត ដើម្បីឱ្យសាធារណជនបាន ចូលរួមផ្តល់មតិយោបល់លើ លទ្ធផលការងារនៃក្រុមឆ្នើមនីមួយៗ គណ:កម្មការបានធ្វើការ បង្ហោះជាផ្លូវការនូវវីដេអូអំពី ស្នាដៃនៃក្រុមទាំង៥ នៅលើគេហទំព័រផ្លូវការរបស់ក្រសួងទេស ចរណ៍ ដើម្បីឱ្យសាធារណជន និង fans ធ្វើការចុច Like បោះឆ្នោតជូនក្រុមដែល ពេញចិត្តជាងគេ(ពិន្ទុ២០ភាគរយ)។ ជាលទ្ធផល ជ័យលាភីបានទៅលើក្រុមនិស្សិតរួមមាន លោក ងួន ពិសិដ្ឋ (មកពីសាកលវិទ្យាល័យន័រតុន ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍) លោក ឡេង ដេវីដ (មកពីសាកលវិទ្យាល័យលីមកុកវីង ផ្នែកស្ថាបត្យកម្ម) កញ្ញា ឆាង វ៉ាន់លីកា (មកពី សាកលវិទ្យាល័យលីមកុកវីង ផ្នែក ស្ថាបត្យកម្ម)។ ក្រុមជ័យលាភីទទួលបានវិញ្ញាបនបត្រ ជ័យលាភី និងទឹកប្រាក់ឧបត្ថម្ភចំនួន ៣លានរៀល។

គួរបញ្ជាក់ថា ក្រុមការងារនឹងរៀបចំចងក្រងស្នាដៃរួមលើការរៀបចំវត្តទេសចរណ៍គំរូ ដោយរួមបញ្ចូលខ្លឹមសារគោលចម្បងៗ នៃលទ្ធផលសិក្សាស្រាវជ្រាវរបស់ក្រុមនិស្សិត ទាំង៥ ក្រុម ដើម្បីធ្វើការចែករំលែក ផ្សព្វផ្សាយបន្ត និងជំរុញឱ្យមានការរៀបចំជាវត្តទេស ចរណ៍គំរូ នៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា ក៏ដូចជាជំរុញដល់ផ្នែកឯកជន ឱ្យរៀបចំ ជាកញ្ចប់ទស្សនកិច្ចទៅកាន់គោលដៅវត្តទេសចរណ៍គំរូទាំងនេះផងដែរ៕

ដោយ ទូច វលក្ខណ៍