ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២៣០គ្រួសារបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ

AKP ឧត្តរមានជ័យ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ –ឯកឧត្តម ស ថាវី អភិបាលនៃគណ:អភិបាលខេត្ត និង ជាប្រធានកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជាខេត្តឧត្តរមានជ័យ បានអញ្ចើញចែកអំណោយសង្គ្រោះបន្ទាន់ របស់សាខាកាក បាទ ក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ស្រ្តីមេម៉ាយ និងចាស់ជរាគ្មានទីពឹង ចំនួន៤ឃុំរបស់ស្រុកបន្ទាយអំពិលសរុបចំនួន២៣០គ្រួសារពិធីនេះបានធ្វើ​ឡើងនៅវត្តគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃ ព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៨

ឯកឧត្តម ស ថាវី បានមានប្រសាសន៍ផ្តាំផ្ញើរ និងសាកសួរសុខទុក្ខពីសំណាក់សម្តេច កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរដល់ បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ពិសេសការជំរុញឱ្យសាខាកាកបាទក្រហមថ្នាក់ខេត្ត ថ្នាក់ ស្រុកត្រូវចុះជាប់ជាប្រចាំ និងពិនិត្យមើលពីបញ្ហាសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ជាពិសេស មិនត្រូវទុកពួកគាត់ចោលឱ្យស្លាប់ដោយការ ដាច់អាហារឡើយ ឯកឧត្តមបានបន្ដថា នេះមិនមែនជាលើកទី១នោះទេ គឺបេសកកម្ម មនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ដតែងចុះជាប់ជាប្រចាំទោះទីណា កន្លែងណា ថ្ងៃ ឬក៏យប់ឡើយ ។

ឯកឧត្តមអភិបាលខេត្ដបានបន្តទៀតថា ពេលនេះគឺជារដូវវស្សា តាមការព្យាករណ៍របស់ ក្រសួងធនធានទឹក និងឧតុនិយមគឺនៅមានភ្លៀងជាបន្តបន្ទាប់ទៀត និងអាចមានខ្យល់កន្ត្រាក់ ដូច្នេះបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព និង ជំងឺផ្សេងៗ ដែលត្រូវតែការពារ ជាពិសេសហូបស្អាត និងផឹកស្អាតដើម្បីការពារសុខភាព

សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូននាពេលនេះ ដោយក្នុងគ្រួសារៗ ទទួលបាន អង្គរ ២៥ គីឡូក្រាម មី១កេស  ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ  ឃីត១កញ្ចប់ ( មានភួយ១ , ក្រមា, មុង១, សារ៉ុង១)

ដោយ ទិត ស្រ៊