ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រាជរដ្ឋាភិបាល​កម្ពុជា​កំពុងតែរៀបចំឯក​សារដាក់​ប្រាសាទ​កោះកេរ បញ្ជូលជាសម្បត្តិបេតិក ភណ្ឌពិភពលោកបន្ទាប់ពី​ប្រាសាទសំបូរព្រៃគុក

AKP សៀមរាប ថ្ងៃទី២១ ខែកញ្ញាឆ្នំា២០១៨ –លោកជំទាវ​រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​អះអាងថា អាជ្ញាធរ​ជាតិ​ព្រះ​វិហារបាននិង​កំពុងតែរៀបចំឯក​សារ​ពាក់ព័ន្ធ​ និង​ប្រាសាទ​កោះកេរ ដើម្បី​ត្រៀម​ដាក់​ប្រាសាទ​បុរាណ​ខ្មែរ​ដ៏ អស្ចារ្យ​មួយនេះ​ទៅ​ក្នុង​បញ្ជីបេតិកភណ្ឌពិភពលោករបស់​អង្គការយូណេស្កូ ហើយការរៀប ចំឯក​សារទាំង​នេះ​អាច​ប្រើ​ប្រាស់ពេលវេលាប្រមាណ​ជា៤ឆ្នំាំទើបរួច​រាល់។

ថ្លែង​ប្រាប់​ក្រុម​អ្នកសាព័ត៌មាន​ក្រោយពីបញ្ជប់​កិច្ចប្រជុំបច្ចេកទេសលើកទី៤ របស់គណៈកម្មា ធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃព្រះវិហារ កាលពី​ល្ងាច​ថ្ងៃទី ២០ខែកញ្ញាឆ្នាំ២០១៨ ​លោកជំទាវ​ ភឿង សកុណា រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បានមាន​ប្រសាសន៍ថា ប្រាសាទ​កោះកេរជាប្រាសាទ​បុរាណ​ខ្មែរមួយដ៏អស្ចារ្យ​ដែល​ត្រូវ​បាន និង កំពុងរៀបចំឯកសារស្នើសុំដាក់​បញ្ជូល​ជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុង​បញ្ជីរបស់អង្គ ការ យូណេស្កូ បន្ទាប់​ពី​ប្រាសាទសំបូរព្រៃគុក​។ ​បច្ចុប្បន្ននេះអាជ្ញាធរ​ព្រះ​វិហារ​កំពុងតែរៀបចំឯកសារពាក់ព័ន្ធ និង​ប្រាសាទ​កោះកេរនេះ និង​បាន​ឈាន​ទៅ​មុខ​បន្តិចហើយ។

លោកជំទាវបាន​បន្តថា ការ​រៀប​ចំឯក​សារ​សម្រាប់​បញ្ជូល​ប្រាសាទ​កោះកេរទៅ​ជាសម្បត្តិបេតិ កភណ្ឌពិភពលោកនេះ​ គឺ​ត្រូវ​ប្រើពេល​វែង​ឆ្ងាយ​ទៀត​ព្រោះ​ថា ឥឡូវការ​រៀបចំដាក់ប្រាសាទ​ណាមួយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺមាន​ការ​ពិបាក​ជាង​មុន​ខ្លាំងដោយលក្ខខណ្ឌ របស់​អង្គការយូណេស្កូតម្រូវ និងមានការតឹងតែង​ ​លំបាកជាងមុន។លោកជំទាវបាន អះអាងថា ប៉ុន្តែទោះជាមានការ​លំបាកក្តី​ក៏ក្រុម​មន្រ្តី​ជំនាញ​នៅ​តែបន្តការងារ​នេះ​ទាំង​នៅ​ថ្នាក់ ជាតិ​ និង​ថ្នាក់​អន្តរជាតិ ហើយការរៀបចំឯក​សារទាំង​នេះ​អាច​ប្រើ​ប្រាស់ពេលវេលាប្រមាណ​ជា៤ឆ្នំាំទើបរួច​រាល់។ លោកជំទាវបង្ហាញនូវក្ដីរំពឹងថា ប្រាសាទ​កោះកេរ និង​ចូល​ជាសម្បត្តិ បេតិកភណ្ឌបានព្រោះប្រាសាទ​កោះកេរមាន​សក្តានុពលមួយធំ គឺ​ជា​អតីតជារាជធានី របស់ ខ្មែរ។

លោកជំទាវបានគូស​បញ្ជាក់ទៀតថា ការ​រៀបចំ​ឯក​សារដាក់ប្រាសាទឬបេតិកភណ្ឌជាតិណា មួយទៅ​ជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺចាំបាច់ត្រូវមាន​ការ​ចូលរួមស្ទើគ្រប់ស្ថាប័ននៅក្នុង​ប្រទេស ដូច្នេះបើមាន​ភាព​ជោគជ័យ​ គឺជា​ជោគជ័យ​របស់ប្រទេសជាតិ​ ហើយការ​រៀប​ចំ​ឯក​សារ​ដាក់​ប្រាសាទ​កោះ​កេរ​ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន មាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង។

យោងតាមឯកសារ​ប្រវត្តិសាស្ត្រ​មួយចំនួន បាន​អះអាងថា ប្រាសាទ​កោះកេរ បាន​កសាងឡើង​ក្នុង​រជ្ជកាល​ព្រះបាទជ័យ​វរ្ម័នទី៤(៩២៨-៩៤២)ការកសាងប្រាសាទនេះ ឡើងក្នុង គោលបំណងដើម្បីឧទ្ទិស​ថ្វាយ​ព្រះ​ឥសូរ​តាមបែប​ព្រហ្មញ្ញសាសនា។ ប្រាសាទ​នេះ​ ពី​ដើម​ឈ្មោះ​ឆក​គគីរ ឬ​ផៃ្ទ​ដីគោក​គគីរសព្វ​ថៃ្ង​ហៅថា អតីត​រាជធានី​កោះកែរ មានផៃ្ទ​ដី​ទំហំ ២៥៦ គីឡូម៉ែត្រ​ក្រឡា រួមមានប្រាសាទចំនួន៩៨នៅក្នុងតំបន់នោះ។ ចំណែក​ប្រាសាទ​ទាំងនោះ ​មិនបាន​សង់​ជាប់ៗ​គ្នានោះ​ទេ ​ពោលគឺ​នៅ​ដាច់ៗ​ពីគ្នា​ចាប់ពី១គីឡូម៉ែត្រ​ ទៅ៣​ឬ៤គីឡូម៉ែត្រ​ ហើយក៏​មាន​ប្រាសាទ​ខ្លះ​ត្រូវ​រង​ការខូចខាត​បាត់​បង់ក​ប់​ក្នុង​ដី​ខ្លះ​ក៏មាន។ ប្រាសាទ​កោះកេរ​មាន៧ជាន់ កម្ពស់៣៥ម៉ែត្រ កសាងឡើង​តាំងពី​សម័យបុរាណ​ទុក​សម្រាប់​ជាការគោរពបូជា​តាម​លទ្ធិ​ព្រហ្មញ្ញសាសនា៕

ដោយ ឃុត សៅ