ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កសិករនៅឃុំស្នំក្រពើ ស្រុកគងពិសី បាននាំគ្នាងាកមកដាំសណ្តែកដី

AKP កំពង់ស្ពឺ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — ក្រៅពីដំណាំកសិផល ល្ពៅ ឪឡឹក កសិករនៅភូមិក្រាំងកណ្តាល ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ភាគច្រើនបានងាកមកចាប់អារម្មណ៍ទៅនឹងការដាំដុំសណ្តែកដី ដែលកំពង់តម្រូវ ការទីផ្សារ និងតម្លៃក៏ខ្ពស់ធ្វើឱ្យកសិករយើងសម្លឹងមើលឃើញពីការចំណូល ពីដំណាំសណ្តែកដីនេះ។

លោក បូ ធន អនុប្រធានភូមិក្រាំងកណ្តាល ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានប្រាប់AKPឱ្យដឹងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ថា ក្រុមគ្រួសារលោក និងប្រជាពលរដ្ឋ នៅភូមិនេះបាននាំគ្នាដាំសណ្តែកដីរៀងរាល់ឆ្នាំ ជាពូជសណ្តែកដីបំពង់ ហើយដាំបាន ទាំងរដូវវស្សានិងរដូវប្រាំង ដោយសារសណ្តែកដីក្នុងតំបន់នេះគឺដីល្បាយ ខ្សាច់ដីធូរ ព្រោះសណ្តែកដី ត្រូវការល្បាយខ្សាច់ដីធូរដីមានជីជាតិធ្វើឱ្យមើមចុះជ្រៅទើបអាច ទទួលផលបាន។

លោក បូ ធន បានបន្តទៀតថា សណ្តែកដីប្រើរយៈពេលដាំ៣ខែហើយ ភាគច្រើនគេតែងឃើញដាំតែក្នុងភូមិសាស្រ្តស្រុកគងពិសីនិងបសេដ្ឋព្រោះតែសណ្ឋានដីធូងាយដកដើមហើយទទួលបានផលច្រើន។ លោកបានបន្តថា ក្រៅពីប្រមូលទុកដាក់ផលស្រូវ រដូវវស្សារួចរាល់អ្នកភូមិក្រាំងកណ្តាលមិនទុកដីស្រែឱ្យនៅទំនេរឥតប្រយោជន៍នោះទេ ពួកគាត់ច្រើនដាំដំណាំរួមផ្សំមានដូចជាឪឡឹក ល្ពៅ ពោតបារាំង ពិសេសសណ្តែកដីនេះតែម្តង គឺពួកគាត់ដាំក្នុងចន្លោះដើមខែធ្នូដល់ខែមិថុនា ពោលគឺប្រមូលផលបាន២ដង ឯប្រាក់ចំណូល បានពីការដាំសណ្តែកដីច្រើនគួរសម បានពី៣០០រហូតដល់២០០០ដុល្លារ នៅពេលប្រមូលផលម្តងៗ អាស្រ័យលើទំហំដីដែលប្រជាកសិករដាំតែប៉ុណ្ណោះ៕

ដោយ លឹម សាន្ត