ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ បៀលប្រាយ ជំរុញឱ្យនិស្សិត ពង្រឹងសមត្ថភាព ជំនាញ ផ្នែក បច្ចេកវិទ្យាឌីជីថល

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៨ — សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ បៀលប្រាយ ជំរុញឱ្យនិស្សិត ត្រូវពង្រឹងសមត្ថភាព ជំនាញ ផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីងាយស្រួលចាប់យកឱកាសការងារ ក្នុងសម័យឌីជីថល ។


លោក ឌៀម សីហា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ បៀលប្រាយ បានលើក ឡើងថា ការជំរុញនេះ ធ្វើឡើងស្របពេលដែលពិភពលោក កំពុងតែធ្វើបដិវត្តឧស្សាហ៍កម្ម ខណៈទីផ្សារការងារក្នុងវិស័យបច្ចេកវិទ្យា នឹងកើនឡើងច្រើនក្នុងឆ្នាំ២០២៥ខាងមុខនេះ។ លោកបន្តថា ជាក់ស្តែងនៅថ្ងៃនេះ ក្រុមហ៊ុនអាស៊ីវេលុយ ដែលជាក្រុមហ៊ុនធ្វើប្រតិបត្តិការលើ សេវាកម្មទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល បានផ្តល់នូវឱកាសការងារ ប្រមាណ២.០០០ កន្លែង ដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ។

តំណាងក្រុមហ៊ុនអាស៊ីវេលុយ បានឱ្យដឹងថា ស្របពេលដែលវិស័យការងារ បច្ចុប្បន្ន កំពុង វិវត្តន៍ទៅរកការប្រើប្រាស់នូវបច្ចេកវិទ្យា ឌីជីថលនោះ ធនធានមនុស្សក្នុងវិស័យនេះ ក៏ មានតម្រូវការខ្ពស់ផងដែរ។ ដូច្នេះ ទាមទារឱ្យនិស្សិតកម្ពុជា ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទាញបាននូវឱកាសទីផ្សារថ្មីនេះ។ លោកបានបន្ថែមថា បន្ថែមពីលើឱកាសការងារ ជាមួយនឹងក្រុមហ៊ុនអាស៊ីវេលុយនេះ ក្រុមហ៊ុន ក៏បានផ្តល់ជូននូវអាហារូបករណ៍ចំនួន ២០០ កន្លែងផងដែរ ចំពោះនិស្សិត ដែលចាប់អារម្មណ៍លើជំនាញនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន អាស៊ីវេលុយ មានសាខាប្រមាណ៤០ នៅទូទាំង ប្រទេស និងភ្នាក់ងារជាង២.០០០កន្លែង ដែលបានផ្តល់ឱកាសការងារប្រមាណ៥ម៉ឺននាក់ ដល់ប្រជាជនកម្ពុជា៕

ដោយ ម៉ៅ ចរិយា