ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងរៀបចំដែនដីណែនាំដល់មន្ទីររៀបចំដែនដីរាជធានី ខេត្ដ រាល់ការស្នើសុំសាងសង់ រោងចក្រ សហគ្រាស ត្រូវមានកន្លែង​សម្រាប់សម្រាកពិសាអាហារ

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ការស្នើសុំសាងសង់ថ្មី ដូចជារោងចក្រ សហគ្រាស គ្រឹះស្ថាន ឬអគារសេវាកម្មដែលមានមនុស្សច្រើន សម្រាប់​បម្រើ ការងារ ត្រូវគូសបញ្ជាក់អំពីកន្លែងសម្រាប់សម្រាកពិសាអាហារថ្ងៃត្រង់នៅក្នុងគំនូសប្លង់ ស្ថាបត្យកម្មស្នើសុំលិខិតអនុញ្ញាតសាងសង់។ នេះបើយោងតាមលិខិតរបស់រដ្ឋមន្រ្តី ក្រសួង រៀបចំដែន នគរូបនីយកម្ម និងសំណង់​ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។

ក្នុងលិខិតផ្ញើជូនប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ទូទាំងប្រទេស ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា ចំពោះ​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​នានា ដែល​កំពុង​ដំណើរការ ត្រូវ​រៀបចំ​ឱ្យមាន​កន្លែង​សមស្រប​សម្រាប់​កម្មករ​និយោជិត សម្រាក​ពិសា​អាហារ​ថ្ងៃត្រង់។

ជាមួយគ្នានេះ ចំពោះ​ការ​ស្នើសុំ​សាងសង់​ថ្មី ដូចជា​អគារ​រោងចក្រ សហគ្រាស គ្រឹះស្ថាន ឬ​អគារ​សេវាកម្ម​ដែលមាន​មនុស្ស​ច្រើន​បម្រើ​ការងារ ត្រូវគូស​បញ្ជាក់​អំពី​កន្លែង​សម្រាប់​សម្រាក​ពិសា​អាហារ​ថ្ងៃត្រង់ នៅក្នុងគំនូស​ប្លង់​ស្ថាបត្យកម្ម ស្នើសុំ​លិខិត​អនុញ្ញាត​សាងសង់ ឱ្យបាន​សមស្រប​តាម​បទដ្ឋាន​បច្ចេកទេស និង​បទដ្ឋាន​គតិយុត្តិនានា​ជា​ធរមាន៕

ដោយ ចាន់ សុធីវង្ស