ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋសភាបន្តសម័យប្រជុំលើកទី១ នីតិកាលទី៦ ដើម្បីបោះឆ្នោតជ្រើសតាំងសមាសភាពគណៈកម្មការជំនាញនានារបស់រដ្ឋសភា

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នេះ បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ របស់ខ្លួន ដើម្បីបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មការ នានាក្នុងរដ្ឋសភា។

សម័យប្រជុំដែលមានការចូលរួមពីសមាជិកសមាជិការដ្ឋសភាសរុបចំនួន ១១៥រូប ក្នុង ចំណោមសមាជិករដ្ឋសភាទាំងមូលចំនួន ១២៥រូប បានធ្វើការបោះឆ្នោត ជ្រើសតាំងបំពេញ បន្ថែមសមា​ជិកគណៈកម្មការនានាក្នុងរដ្ឋសភា នីតិកាលទី៦។

តាមការប្រកាសលទ្ធផលបោះឆ្នោតសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋ សភាបានឱ្យដឹងថា គណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភារួមមាន៖ ទី១.គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា មានសមាជិក ៨រូប ទទួលបានសំឡេងឆ្នោតព្រមចំនួន ១១៥សំឡេង។

ទី២.គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មមានសមាជិក ៧រូប ទទួលបានសំឡេងឆ្នោតព្រមចំនួន ១១៥សំឡេង។ ទី៣.គណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកមានសមាជិកចំនួន ៧រូប ទទួលបានសំឡេងឆ្នោតព្រមចំនួន ១១៥សំឡេង។ ទី៤.គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈមានសមាជិកចំនួន ៧រូប ទទួលបានសំឡេងឆ្នោតព្រមចំនួន ១១៥សំឡេង។

ទី៥.គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន មានសមាជិកចំនួន ៧រូប ទទួលបានសំឡេងឆ្នោតព្រមចំនួន ១១៥សំឡេង។ ទី៦.គណៈកម្មការនីតិកម្ម និងយុត្តិធម៌មានសមាជិកចំនួន ៧រូប ទទួលបានសំឡេងឆ្នោតព្រមចំនួន ១១៥សំឡេង។ ទី៧.គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍មានសមាជិកចំនួន ៨រូប ទទួលសំឡេងឆ្នោតព្រមចំនួន ១១៤សំឡេង។

ទី៨.គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីមានសមាជិកចំនួន ៧រូប ទទួលសំឡេងឆ្នោតព្រមចំនួន ១១៥សំឡេង។ ទី៩.គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានសមាជិកចំនួន ៧រូប ទទួលបានសំឡេងឆ្នោតព្រមចំនួន ១១៥សំឡេង និងទី១០.គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយមានសមាជិក ៧រូប ទទួលសំឡេងឆ្នោតព្រម ១១៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលដែលបានចូលរួម។

អនុលោមតាមលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងនេះសម្តេចចក្រី ប្រធានរដ្ឋសភា បានប្រកាសថា សមាជិកសមាជិកាបំពេញបន្ថែមក្នុងគណៈកម្មការនានានៃរដ្ឋសភា នីតិកាលទី៦ ត្រូវបានសម័យប្រជុំពេញអង្គរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប់ជាស្ថាពរ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦។ បន្ទាប់មកគណៈកម្មការជំនាញរបស់រដ្ឋសភានីមួយៗ ក៏បានជួបពិភាក្សាគ្នាជ្រើស រើសលេខាធិការ នៃគណៈកម្មការ និងអនុប្រធានគណៈកម្មការចំនួន ២រូប ផងដែរ។ យោងតាមបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាចែងថា គណៈកម្មការនៃរដ្ឋសភានីមួយៗ ត្រូវជ្រើសតាំងប្រធាន ១រូប អនុប្រធាន ១រូប និងលេខាធិការ ១រូប ដោយវិធីបោះឆ្នោត៕

ដោយ ប៉ាល់ សុង