ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម គន់ គីម អញ្ជើញចូលរួមក្នុងពិធីប្រគល់ប័ណ្ណ ប.ស.ស ជូនអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលសមាគម អតីតយុទ្ធជន កម្ពុជា និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធី ជួបសំណេះសំណាល និងប្រគល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជូនអតីតយុទ្ធជន កម្ពុជាខេត្តព្រះសីហនុចំនួន ១.០១៦នាក់ នៅសាលាខេត្តព្រះសីហនុ។ 
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ប្រធានសមាគមអតីតយុទ្ធជនខេត្តព្រះសីហនុ មានប្រសាសន៍ថា បច្ចុប្បន្នអតីតយុទ្ធជនខេត្តព្រះសីហនុ មានចំនួន ១.០១៦នាក់ យើងបានធ្វើបច្ចុប្បន្នភាពបានចំនួន ៤៩៧នាក់ នៅសល់ ១៦៩នាក់ ក្នុងនោះ ជនពលី ២៤នាក់ ជនមរណ: ២១នាក់ ជនពិការ ១២៣នាក់ និងនិវត្តន៍ជន ៤២៣នាក់ សមាគមអតីត យុទ្ធជនកម្ពុជាខេត្តព្រះសីហនុ យកចិត្តទុកដាក់ត្រួតពិនិត្យ តាមដាន និងជួយអន្តរាគមន៍ ដល់សមាជិកសមាគមអតីតយុទ្ធជន ដែលមានជំងឺ ជួយការលំបាកខ្វះខាតក្នុងជីវភាពតាម រយ:នៃការរៀបចំថវិកា និងសម្ភារមួយចំនួនដល់លំនៅឋាន ឬនៅមន្ទីរពេទ្យជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍សំណេះ សំណាលជាមួយនិវត្តន៍ជនថា ប័ណ្ណ បសស មានប្រសិទ្ធភាពក្នុងការយកទៅពិនិត្យ សម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ព្រមទាំងថ្លែងអរគុណដល់បងប្អូនអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ដែលមានទំនុកចិត្ត លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាការចូលរួមចំណែករបស់អតីតយុទ្ធ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន និងថ្លែងអំណរគុណប្រធាន សមាគម អតីតយុទ្ធជនខេត្ត បានខិតខំសាងសង់ផ្ទះ ជួយសម្រួលជីវភាពរស់នៅដល់ អតីតយុទ្ធជន នៅតាមឃុំ សង្កាត់ ស្រុក ក្រុង ពិសេសថែរក្សាសុខភាពដល់អតីតយុទ្ធជន របស់យើង តាមលទ្ធភាពដែលអាចធ្វើទៅបាន ធានាបាននូវ សុវត្ថិភាព និងផ្តល់របបសន្តិសុខសង្គមជូនដល់អតីតយុទ្ធជនបានទាន់ពេលវេលា។


ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថា ការចែកប័ណ្ណ ប.ស.ស ពេលនេះអាចឱ្យបង ប្អូនអតីតយុទ្ធជនរបស់យើងយកទៅប្រើប្រាស់ ដូចជាពិនិត្យ ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ណាក៏បាន ហើយយើងនឹងបន្តធ្វើប័ណ្ណ ប.ស.ស ជូនដល់គ្រួសារមរណ:បន្ថែមទៀត។ ក្នុង ដំណាក់កាលទីមួយ យើងធ្វើការចែកប័ណ្ណ ប.ស.ស ជូនដល់អតីតយុទ្ធជន និងដំណាក់ កាលទី២ យើងបន្តធ្វើប័ណ្ណ ប.ស.ស ចែកជូនគ្រួសារអតីតយុទ្ធជនទទួល ពលីមរណ: បន្តទៀត ដោយសារបច្ចុប្បន្នអតីតយុទ្ធជនរបស់យើងនៅទូទាំងប្រទេសមានជាង ១០ម៉ឺននាក់។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យប្រធានសមាគមអតីតយុទ្ធជនខេត្តព្រះសីហនុ សហការត្រៀមរៀបចំដីសម្បទានសង្គមកិច្ចបែងចែកជូនដល់អតីតយុទ្ធជនរបស់យើងឱ្យបានគ្រប់គ្នា ៕

ដោយ ងូ សុមុនី