ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ្រូវិសាខា៖ នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពជាមួយណាហ្គាវើល នាជំនួបសប្តាហ៍ទី២១ លីគកំពូលកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨​ — លោក ហុក សុជីវ័ន គ្រូបង្គោលក្លិបវិសាខាបានបង្ហាញ នូវឆន្ទៈរបស់ខ្លួនប្រាប់ទីភ្នាក់ងារ សារព័ត៌មានកម្ពុជាAKPនៅថ្ងៃទី២០ ខែកញ្ញានេះថា ក្នុងនាមលោកជាគ្រូបង្វឹករួមទាំងកូន​ក្រុមទាំងអស់នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីប្រជែងជាមួយណាហ្គាវើល ដែលកំពុង ឈរនៅលើកំពូលតារាង នាការប្រកួតសប្តាហ៍ទី២១ ថ្ងៃទី២៣ ខែកញ្ញា នៅមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) នៅក្នុងការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០១៨។


លោកបញ្ជាក់ថា គ្រប់ការប្រកួតទាំងអស់ អ្នកណាក៏សុទ្ធតែចង់ឈ្នះដូចៗគ្នា ប៉ុន្តែរឿង លទ្ធផលយ៉ាងណានោះ វាអាស្រ័យទៅនឹងការប្រកួតលើទីលានជាក់ស្តែង ជាពិសេសគឺមិន​អាចពីលទ្ធផលទុកមុនទេថាតើសុំត្រឹមតែស្មើគ្នា ឬត្រូវតែឈ្នះនោះឡើយ។

គ្រូបង្វឹករូបនេះ បានបន្ថែមថា ចំពោះជំនួបទី២១របស់វិសាខាជាមួយក្រុមណាហ្គា វើលនឹងមានភាពតឹងតែង ដោយសារក្រុមណាហ្គាវើល គឺជាក្រុមដែលកំពុងឈរលើកំពូលតារាងនេះ។ សម្រាប់ លទ្ធផល២០សប្តាហ៍កន្លងមក វិសាខាឈរនៅចំណាត់ថ្នាក់លេខ៣បណ្តោះអាសន្ន ដោយ ឈ្នះ១៤ប្រកួតស្មើ៣ និងចាញ់៣ មាន៤៥ពិន្ទុ ស្របពេលដែល២០ប្រកួតរបស់ណាហ្គាវើល​ឈ្នះ១៦ ស្មើ២ប្រកួត និងចាញ់២ មាន៥០ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ១បណ្តោះអាសន្ន រីឯក្រុមការពារម្ចាស់តំណែងជើងឯករដូវកាលចាស់ បឹងកេត អែហ្វ.ស៊ី កំពុងឈរនៅលេខ២ ដែលមាន៤៨ពិន្ទុ។


គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០១៨ នេះនៅសល់តែ២សប្តាហ៍ ទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់ជាស្ថាពរហើយ ដោយក្រុមទាំង១២ ត្រូវមាន២២ប្រកួត ក្នុង១ក្រុមៗ ហើយលីគ កំពូលនេះនឹងត្រូវទម្លាក់១ក្រុមនៅបាតតារាង គឺក្រុមមិនដែលឈ្នះសោះ វេស្ទើនភ្នំពេញ ទៅកាន់លីគលំដាប់ទី២ ខណៈក្រុមជើងឯកលីគ ទី២នឹងត្រូវ ឡើងមកជំនួសបំពេញនៅលីគកំពូលវិញ៕

ដោយ ហេង ណាលីន