ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋសភាជ្រើសតាំងបន្ថែមសមាជិកគណៈកម្មការជំនាញទាំង១០

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ត្រូវបានបំពេញបន្ថែមសមាជិក បន្ទាប់ពីរដ្ឋសភា ទើបតែបានជ្រើសរើសប្រធានគណៈកម្មការជំនាញទាំង១០ ក្នុងអំឡុងពេលបើក សម័យប្រជុំរដ្ឋសភាដំបូង នៃនីតិកាលទី៦ កាលពីដើមខែកញ្ញានេះ។

សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ បានដឹកនាំសមាជិកធ្វើការបោះឆ្នោតជ្រើសតាំងអនុប្រធាន១រូប លេខាធិការ១រូប និងសមាជិកពីចំនួន៧ ទៅ ៨រូប សម្រាប់ជួយការងារនៅក្នុងគណៈកម្មការជំនាញនីមួយៗ ទៅតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។

សូមបញ្ជាក់ថា គណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា គឺមានឯកឧត្តម ប៉ា សុជាតិវង្ស ជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា។ ឯកឧត្តម ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា។ ឯកឧត្តម ជា វណ្ណដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា។ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ អង្កេត បោសសំអាត និងមុខងារសាធារណៈ នៃរដ្ឋសភា។ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។ ឯកឧត្តម ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា។ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា។ លោកជំទាវ ងិន សុផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា។ ឯកឧត្តម ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ៕