ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

តុលាការប៉ាគីស្ថានបញ្ជាឱ្យដោះលែងអតីតនាយករដ្ឋមន្ត្រីនិងកូនស្រីលោក

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — ពួកមន្ត្រីតុលាការនិងពួកមេធាវីបាននិយាយថា តុលាការប៉ាគីស្ថានមួយកាលពីថ្ងៃពុធនេះ បានផ្អាក ការដាក់ទោសអតីតនាយករដ្ឋមន្ត្រី លោក ណាវ៉ាស សារីហ្វ ( Nawaz Sharif ) ព្រមទាំងបញ្ជាឱ្យដោះលែងលោកនៅក្រៅឃុំដោយមានបង់ប្រាក់ធានានៅប៉ុន្មានខែបន្ទាប់ពីលោក ត្រូវគេកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ពីបទពុករលួយ ។

តុលាការជាន់ខ្ពស់ក្រុងអ៊ីស្លាម៉ាបាដក៏បានបញ្ជាឱ្យដោះលែងកូនស្រីរបស់លោក សារីហ្វ ផងដែរគឺលោកស្រី ម៉ារីយ៉ាម និង ស្វាមី លោកស្រី កាពីតែនយោធាចូលនិវត្តន៍ លោក មូហាមម៉ាដ សាហ្វដារ នៅក្នុងសាលក្រមនោះ ដែលគេមើលឃើញថា ជាការជំរុញនូវសីលធម៌ដ៏ធំមួយសម្រាប់គណបក្សសម្ព័ន្ធមូស្លឹមប៉ាគីស្ថាន ( PML-N ) ជាគណបក្សប្រឆាំងបន្ទាប់ពីគណបក្សនេះបានចាញ់នៅក្នុងការបោះឆ្នោតទូទៅកាលពីក្នុងខែកក្កដា ។ លោកស្រី ម៉ារីយ៉ាម ត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ។

តុលាការនេះក៏បានដាក់ពិន័យផងដែរចំនួន ១០,៥ លានដុលា្លរលើលោក សារីហ្វ ដោយបញ្ជាឱ្យរឹបអូសយកអាផាត់មេនរបស់លោក សារីហ្វ នៅក្នុងសង្កាត់ Park Lanen នៃទីក្រុងឡុងដែលត្រូវប្រគល់ទៅរដ្ឋាភិបាលប៉ាគីស្ថាន ។ លោក សារីហ្វ ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងពន្ធនាគារមួយក្បែរទីក្រុងអ៊ីស្លាម៉ាបាដនោះ បាន ស្វែងរកឱ្យមានការផ្អាកការកាត់ទោសនៅក្នុងតុលាការ ។

តុលាការកំពូលប៉ាគីស្ថានបានបណ្តេញលោក សារីហ្វ ក្នុងឋានៈជានាយករដ្ឋមន្ត្រីកាលពីក្នុងខែ កក្កដា ឆ្នាំ ២០១៧ លើបទចោទប្រកាន់ពុករលួយនឹងបានបញ្ជាដល់ក្រុមឃ្លាំងមើលប្រឆាំងអំពើពុករលួយ , ការិយាល័យទទួលខុសត្រូវថ្នាក់ជាតិ ( NAB ) ឱ្យចាប់ផ្តើមដំណើរការប្រឆាំងនឹងលោក ព្រមទាំងគ្រួសាររបស់លោក ។ លោក សារីហ្វ ក៏ត្រូវបានគេហាមមិនឱ្យធ្វើនយោបាយអស់មួយជីវិតផងដែរ ។

NAB បានទាក់ទងទៅតុលាការកំពូល ឱ្យបញ្ឈប់តុលាការជាន់ខ្ពស់ក្រុងអ៊ីស្លាម៉ាបាដ កុំឱ្យធ្វើ សវនាការ ការអំពាវនាវរបស់លោក សារីហ្វ ប៉ុន្តែពាក្យសុំនេះត្រូវបានគេបដិសេធ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)