ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មេដឹកនាំកូរ៉េទាំងពីរ ព្រមព្រៀងគ្នាធ្វើកិច្ចប្រឹងប្រែងបន្ថែម ឆ្ពោះទៅរកការធ្វើមិនឱ្យមាននុយក្លេអ៊ែរ

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ( Kim Jong un ) បាននិយាយនៅក្រុងព្យុងយ៉ាងពីថ្ងៃពុធនេះថា លោកនឹងប្រធានាធិបតីកូរ៉េខាងត្បូង ដែលកំពុងធ្វើទស្សនកិច្ចលោក មូន ចា- អ៊ីន ( Moon Jae –in ) បានព្រមព្រៀងគ្នាប្រកាន់យកជំហានថែមទៀតឆ្ពោះទៅរកការធ្វើឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេ-អ៊ែរ នឹងការគំរាមកំហែងនៃជម្លោះប្រដាប់អាវុធ ។

ដោយនិយាយយោងទៅរកសេចក្តីប្រកាសរួម ដែលពួកគេបានចុះហត្ថលេខានៅមុនជួបអ្នកសារព័ត៌មាននោះ លោក គីម បាននិយាយនៅឯសន្និសីទកាសែតមួយនៅឯផ្ទះភ្ញៀវរដ្ឋ Paekhwawon ភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី២ រវាងលោក និងលោក មូន នោះថា សេចក្តីប្រកាសខែកញ្ញា នឹងបើកនូវកម្រិតដែលកាន់តែខ្ពស់មួយ សម្រាប់ការធ្វើឱ្យប្រសើរនៅក្នុងទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ព្រមទាំងនឹងនាំមកឱ្យកាន់តែជិតឡើងនូវសករាជសន្តិភាព និងវិបុលភាព ។

លោក គីម ​បាននិយាយថា លោកមានបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ ព្រមទាំងបានសង្កត់ធ្ងន់ថា សេចក្តីប្រកាស ប៉ានមូនហ្សូម ដែលបានចុះហត្ថលេខា ក្នុងអំឡុងកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកដំបូង​រវាងលោក និងលោក មូន កាលពីក្នុងខែមេសា នោះនឹងធ្វើជាមូលដ្ឋានសម្រាប់សករាជថ្មី នៃសន្តិភាពនៅលើឧបទ្វីបនេះ ។

មេដឹកនាំកូរ៉េខាងជើងក៏បាននិយាយផងដែរថា លោកនឹងធ្វើដំណើរទៅកូរ៉េខាងត្បូង ដើម្បីជួបលោក មូន នៅក្នុងអនាគតជិតៗនេះ ដែលនឹងធ្វើឱ្យលោកជាមេដឹកនាំកំពូលកូរ៉េខាងជើងលើកដំបូង ដែលមិនធ្លាប់មានទៅធ្វើទស្សនកិច្ចក្រុងសេអ៊ូលក្នុងប្រវត្តិសាស្ត្រទំនើបនេះ ។ ក្នុងអំឡុងសន្និសីទកាសែតរួមគ្នានេះ លោក មូន បាននិយាយថា មេដឹកនាំទាំងពីរបានធ្វើការពិភាក្សាគ្នានូវជំហាននានា ឆ្ពោះទៅរកការធ្វើមិនឱ្យមាននុយក្លេអ៊ែរជាលើកដំបូង ។

លោក មូន បាននិយាយថា កូរ៉េខាងជើងបានព្រមព្រៀងបិទជាអចិន្ត្រៃយ៍មូលដ្ឋានធ្វើតេស្តក្បាលម៉ាស៊ីនមីស៊ីល Dongchang –ri និងកំណល់បាញ់មីស៊ីលនៅក្រោមការចូលរួមនៃពួកអ្នកជំនាញការមកពីបណ្តាប្រទេសដែលមានជាប់ពាក់ព័ន្ធ ។ លោក មូន ក៏បាននិយាយផងដែរថា លោកសង្ឃឹមថា កិច្ចចរចារវាងកូរ៉េខាងជើង និង ស.រ.អា នឹងបន្តឡើងវិញឆាប់ៗនេះ ។

កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ដោយមេដឹកនាំទាំងពីរនោះបានអំពាវនាវឱ្យមានជំហាននានា ដើម្បីធ្វើឱ្យល្អប្រសើរថែមទៀតចំណងទាក់ទងអន្តរកូរ៉េ ។ ប្រមុខការពារប្រទេសមកពីភាគីទាំងពីរក៏បានចុះហត្ថលេខាផងដែរ លើកិច្ចព្រមព្រៀងដាច់ដោយឡែកមួយ ស្តីពីកិច្ចការយោធានៅក្នុងវត្តមានរបស់មេដឹកនាំទាំងពីរ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )