ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ការតវ៉ាដ៏ធំធ្វើឡើងក្នុងប្រទេសជប៉ុនកត់សម្គាល់ខួបទី៣ នៃច្បាប់សន្តិសុខដែលមានរឿងចម្រូងចម្រាស់

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — មនុស្សរាប់ពាន់នាក់នៅទូទាំងប្រទេសជប៉ុន បានប្រមូលផ្តុំគ្នាកាលពីថ្ងៃពុធធ្វើការតវ៉ាប្រឆាំងនឹង ច្បាប់សន្តិសុខ ដែលមានរឿងចម្រូងចម្រាស់ ដែលបានអនុម័តដោយសភាកាលពី៣ឆ្នាំកន្លងទៅនេះ ។

ពួកអ្នតវ៉ាជាង៥០០០នាក់បានប្រមូលផ្តុំគ្នាក្នុងឧទ្យាន Hibiya កណ្តាលក្រុងតូក្យូ កាលពីល្ងាចថ្ងៃពុធ នេះ ដែលអំពាវនាវឱ្យបោះបង់ចោលច្បាប់សន្តិសុខ ដែលមានរឿងចម្រូងចម្រាស់នេះ ។

លោក តេ ស៊ូរ៉ូ ហ្វូគូយ៉ាម៉ា អគ្គលេខាធិការគណបក្សប្រធិបតេយ្យអាស្រ័យច្បាប់រដ្ឋធម្មនុញ្ញច្បាប់ជប៉ុន ( CDPJ ) បាននិយាយនៅឯការប្រមូលផ្តុំគ្នានោះថា ច្បាប់សន្តិសុខនេះ បានរំលោភលើរដ្ឋធម្មនុញ្ញ សន្តិភាពនិយមជប៉ុន ហើយប្រជាជននឹងបន្តធ្វើការប្រយុទ្ធឱ្យមានការបោះបង់ចោលច្បាប់ ដែលមានរឿងចម្រូងចម្រាស់នេះ ។

នៅឯការប្រមូលផ្តុំគ្នាមួយទៀតក្បែរអាគារសភានេះ លោកស្រី ហ៊ីតូមី ស៊ូជីអ៊ូរ៉ា តំណាងម្នាក់នៃ ក្រុមស៊ីវិលមួយ ដែលឧទ្ទិសដល់បណ្តឹងប្រឆាំងនឹងច្បាប់សន្តិសុខ ដែលមានរឿងចម្រូងចម្រាស់នេះ បាន និយាយថា គិតមកដល់ខែកញ្ញាឆ្នាំនេះបណ្តឹងបែបនេះចំនួន២៥ ត្រូវបានគេប្តឹងទៅតុលាការចំនួន ២២ នៅទូទាំងប្រទេសជប៉ុនដោយមានដើមបណ្តឹងជាង៧.៥០០នាក់ ។
លោកស្រីបាននិយាយថា ច្បាប់សន្តិសុខដែលមានរឿងចម្រូងចម្រាស់នេះ បានជ្រៀតចូលទៅក្នុងច្បាប់រដ្ឋធម្មនុញ្ញសន្តិភាពនិយមជប៉ុន ហើយអាចអូសទាញប្រទេសជប៉ុនឱ្យចូលទៅសង្គ្រាម ហើយគេសង្ឃឹមថា បណ្តឹងនេះអាចព្រមានប្រជាជនពីគ្រោះថ្នាក់ ដែលបាននាំមកដោយច្បាប់ ដែលមានរឿងចម្រូងចម្រាស់នេះ ។

អ្នករិះគន់យោធាជប៉ុន លោក តេតស៊ូអូ ម៉ាអេដា បាននិយាយថា ចាប់តាំងពីច្បាប់សនិ្តសុខថ្មីត្រូវបានគេអនុម័ត ការធ្វើសមាហរណកម្ម រវាងយោធាអាមេរិក និងកងកម្លាំងស្វាយការពារជប៉ុនបាននឹងកំពុងធ្វើឱ្យស៊ីជម្រៅ ហើយរដ្ឋាភិបាលជប៉ុនក៏បាននឹងកំពុងព្យាយាមផងដែរ ដើម្បីធ្វើការផ្លាស់ប្តូរច្បាប់រដ្ឋធម្ម នុញ្ញសន្តិភាពនិយមនេះ ។

លោកបានអំពាវនាវដល់ប្រជាជនឱ្យធ្វើសកម្មភាព នឹងរារាំងកុំឱ្យមានចលនាបែបនេះ ដែលអាច នាំមកនូវគ្រោះថ្នាក់ដល់ប្រទេសជប៉ុន ។ ការតវ៉ាដែលមានកម្រិតផ្សេងៗ ក៏ត្រូវបានគេធ្វើឡើងផងដែរ នៅក្នុងអាណាខេត្តហុកកៃដូ , នីអ៊ីហ្គាតា , យ៉ាម៉ាហ្គាតា និង ការហ្គោស៊ីម៉ា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)