ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីត្រូវបានចាប់ខ្លួនពីបទពុករលួយថ្មី

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — កាលពីថ្ងៃទី១៩ ខែកញ្ញា គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) បាននិយាយថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយថ្មីមួយទៀតដែលទាក់ទងទៅនឹងមូលនិធិរដ្ឋអភិវឌ្ឍន៍ម៉ាឡេស៊ី Berhad 1 (1MDB) ។

លោក Najib មានអាយុ ៦៥ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៣ ខែកក្កដា ពីបទពាក់ព័ន្ធនឹងអំពើពុករលួយទាក់ទងនឹងរឿងអាស្រូវទឹកប្រាក់រាប់ពាន់លានដុល្លារអាម៉េរិករបស់ 1MDB។ ក្រោយមកគាត់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ។

លោកត្រូវបានគេចោទប្រកាន់ពីបទព្រហ្មទណ្ឌចំនួន ៣បទល្មើស ក្នុងអំឡុងពេលដែលលោកកាន់តំណែងជានាយករដ្ឋមន្ត្រី នឹងជារដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងការផ្ទេរទឹកប្រាក់ចំនួន ៤២លានរីងហ្គីត ឬស្មើនឹង ១០លានដុល្លារអាម៉េរិក ពីធនាគារ SRC International Sdn Bhd ទៅគណនីធនាគារផ្ទាល់ខ្លួនរបស់លោកកាលពីខែសីហា ឆ្នាំ ២០១១ និង ខែមីនា ឆ្នាំ ២០១៥។ លោកក៏បានប្រឈមមុខនឹងការចោទប្រកាន់ពីអំពើពុករលួយផងដែរ។

ក្រោយមក លោក Najib ត្រូវបានគេចោទប្រកាន់ពីបទលាងលុយកខ្វក់ចំនួន ៣ ផ្សេងទៀត ដែលនាំឱ្យបទល្មើសសរុបដែលគាត់ត្រូវបានកាត់ទោសមានដល់ទៅប្រាំពីរបទល្មើស។ លោកបានទទូចមិនទទួលស្គាល់ចំពោះការចោទប្រកាន់ទាំងនោះទេ។

លោក Najib បានបង្កើតមូលនិធិវិនិយោគ 1MDB នៅក្នុងឆ្នាំ ២០០៩ ដែលត្រូវបានគេរំពឹងថា នឹងបម្រើឱ្យដល់កិច្ចអភិវឌ្ឍន៍របស់ម៉ាឡេស៊ី តាមរយៈភាពជាដៃគូទូទាំងពិភពលោក និងការវិនិយោគផ្ទាល់ពីបរទេស។ ទោះជាយ៉ាងណា វាបានក្លាយជាកន្លែងនៃរឿងអាស្រូវលាងលុយកខ្វក់ដែលត្រូវបានគេចោទប្រកាន់ថា បានបណ្តាលឱ្យមានការខាតបង់រហូតដល់ ៣,៧ពាន់លានដុល្លារអាម៉េរិក និងនាំឱ្យមានការស៊ើបអង្កេតទៅលើទីផ្សារហិរញ្ញវត្ថុនៅក្នុងប្រទេសមួយចំនួន ដូចជាសហរដ្ឋអាមេរិក ស្វ៊ីស សិង្ហបុរី ម៉ាឡេស៊ី និងចិន។

ចាប់តាំងពីការស៊ើបអង្កេតទៅលើទ្រព្យសម្បត្តិជាច្រើនរបស់លោក Najib នៅទីក្រុងគួឡាឡាំពួរ នគរបាលបានរឹបអូសវត្ថុទ្រព្យសម្បត្តិរបស់លោកដែលមានតម្លៃរហូតដល់ទៅ ២៧៣លានដុល្លារអាម៉េរិក។ ការកាត់ទោសលោក Najib នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ខែកុម្ភៈ ដល់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩ ។ ប្រសិនបើលោកត្រូវបានផ្តន្ទាទោស នោះលោកនឹងប្រឈមនឹងទោសជាប់ពន្ធនាគារជា ច្រើនឆ្នាំ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)