ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វៀតណាមក្លាយជាប្រធានសមាគមសន្តិសុខសង្គមអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨​ — សន្តិសុខសង្គមវៀតណាម ( VSS ) នឹងកាន់តំណែងជាប្រធានប្តូរវេននៃសមាគមសន្ដិសុខសង្គម អាស៊ាន (ASSA) សម្រាប់អាណត្តិឆ្នាំ ២០១៨-២០១៩។

ពិធីប្រគល់តំណែងប្រធាននេះបានប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែកញ្ញា នៅខេត្ត Khanh Hoa ភាគ កណ្តាល ក្នុងអំឡុងពេលនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខសង្គមអាស៊ានលើកទី ៣៥ ។

អនុរដ្ឋមន្ត្រី នឹងជាអគ្គនាយក VSS លោកស្រី Nguyen Thi Minh បាននិយាយថា ការធ្វើជាប្រធាន ប្តូរវេននៃសមាគមសន្តិសុខសង្គមអាស៊ាន គឺជាអភ័យឯកសិទ្ធិសម្រាប់វៀតណាមដែលឆ្នាំនេះ គឺជាខួបលើកទី ២០ របស់សមាគម។
លោកស្រី Minh បាននិយាយថា »វៀតណាមចង់ធ្វើការជាមួយសមាជិកសមាគមសន្តិសុខសង្គមអាស៊ាន ដើម្បីធ្វើឱ្យគ្រួសារ ASSA កាន់តែធំ និងរឹងមាំ» ។

លោកស្រីបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងចំណោមសមាជិក ASSA ទាំងអស់ក្នុងពេលខាងមុខ ដើម្បីនាំមកនូវទំនាក់ទំនងដ៏ល្អបំផុតសម្រាប់សន្តិសុខសង្គមប្រកបដោយនិរន្តភាពដល់ប្រជាជនអាស៊ានទាំងអស់។
លោក Dao Viet Anh អគ្គនាយករង VSS ត្រូវបានតែងតាំងជាអគ្គលេខាធិការ ASSA ។ ដោយបង្កើតឡើងតាំងពីឆ្នាំ ១៩៩៨ បច្ចុប្បន្ន ASSA មានសមាជិកចំនួន ១៩ស្ថាប័នសន្តិសុខសង្គមមកពីប្រទេសជាសមាជិកអាស៊ានទាំងដប់។

សមាគមនេះត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់កិច្ចអភិវឌ្ឍន៍សន្ដិសុខសង្គមនៅក្នុងតំបន់ ដែលស្របគ្នាជាមួយសេចក្តីប្រាថ្នា ច្បាប់ និងបទប្បញ្ញត្តិនានារបស់ប្រទេសជាសមាជិក​ លើកកម្ពស់កិច្ចសហប្រតិបត្ដិការក្នុងតំបន់លើគ្រប់វិស័យទាំងអស់នៃសន្តិសុខសង្គម និងផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានស្តីពីសន្តិសុខសង្គមដល់គ្នាទៅវិញទៅមក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)