ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ម្ចាស់ម៉ាកយីហោ និងភាគីពាក់ពន្ធ័គ្រោងបង្កើតអនុសញ្ញារួមគ្នាធ្វើឱ្យវិស័យកាត់ដេរនៅកម្ពុជាកាន់តែប្រសើរឡើង

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជួន បូណា៖

រដ្ឋមន្រ្ដីក្រសួងការងារបានអះអាងថា ម្ចាស់ម៉ាក និងត្រីភាគីនឹងបង្កើតអនុសញ្ញារួមមួយនាពេលខាងមុខនេះ ដើម្បីធ្វើឱ្យកាន់ប្រសើរឡើងនូវវិស័យកាត់ដេរនៅកម្ពុជា។

ប្រាប់អ្នកសាព័ត៌មានក្រោយជំនួបពិភាក្សាការងារ ជាមួយប្រតិភូតំណាងពាណិជ្ជនាមសម្លៀកបំពាក់ល្បីៗលើពិភពលោក ដឹកនាំដោយលោក Frank Hoffer នាយកប្រតិបត្តិគំនិតផ្ដួចផ្ដើម នៃគម្រោងសកម្មភាពដើម្បីការប្រែប្រួលផ្នែកលក្ខខណ្ឌការងារ ក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ហៅកាត់ថា(ACT) កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា នៅទីស្ដីការក្រសួងការងារ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា នៅអំឡុងពេលនេះ ម្ចាស់ពាណិជ្ជនាម (ម៉ាកយីហោ) សម្លៀកបំពាក់ល្បីៗលើពិភពលោក រួមជាមួយភាគីរាជរដ្ឋាភិបាល និយោជក និងសហជីព ក៏ដូចជាភាគីពាក់ព័ន្ធ កំពុងពិភាក្សាគ្នាលើគម្រោងបង្កើតអនុសញ្ញារួមមួយ ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនូវវិស័យកាត់ដេរ ក្នុងនោះការធានាការបញ្ជាទិញផលិតផលកាត់ដេរពីកម្ពុជា ក៏ជាគោលបំណងសំខាន់មួយដែរ។

ឯកឧត្តមបានឱ្យដឹងថា គោលដៅនៃគម្រោងនេះ គឺដើម្បីធ្វើឱ្យមានកិច្ចព្រមព្រៀងរួមគ្នាមួយ ឬហៅថា «អនុសញ្ញារួម» នៅក្នុងក្របខណ្ឌរោងចក្រ និងនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ (លើក្របខណ្ឌរោងចក្រ)។ ឯកឧត្តមបានបញ្ជាក់ថា ចំពោះការពិភាក្សាគ្នាអំពីអនុសញ្ញារួមនេះ គឺធ្វើយ៉ាងណាទាក់ទាញដៃគូពាក់ព័ន្ធនានា ចូលរួមឱ្យបានកាន់តែច្រើន រួមទាំងអ្នកបញ្ជាទិញទាំងឡាយ ពីព្រោះប្រសិនបើមានការឯកភាពក្នុងការរៀបចំអនុសញ្ញារួមនេះ អ្នកបញ្ជាទិញក៏ត្រូវធានាថានឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយអ្នកផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា រយៈពេលវែងតទៅមុខទៀត អាចរហូតដល់ ៤ឆ្នាំ ឬ ៥ឆ្នាំ ឬច្រើនជាងនេះ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យគម្រោង ACT ដាក់បញ្ចូលនូវបញ្ហាផ្សេងៗ ដើម្បីធានាឱ្យកាន់តែប្រសើរឡើង សម្រាប់កម្មករនិយោជិតនៅកម្ពុជា ដូចជា ការធានាឱ្យនិយោជក និងអ្នកបញ្ជាទិញទាំងឡាយ គាំទ្រមកដល់កម្មវិធីរបបសន្តិសុខសង្គម ដែលទាក់ទងនឹងការធានារ៉ាប់រងហានិភ័យការងារ ការថែទាំងសុខភាព ហើយនៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលនឹងដាក់ឱ្យអនុវត្តនូវរបបសោធននិវត្ត។ ក្រៅពីនេះ ឯកឧត្តមក៏បានស្នើឱ្យបញ្ចូលកម្មវិធីផ្សេងទៀត ដូចជា គម្រោងសុវត្ថិភាពចរាចរណ៍ បញ្ហាអនាម័យ និងសុខភាព ដើម្បីទប់ស្កាត់ករណីដួលសន្លប់ចំពោះកម្មករនិយោជិតក្នុងរោងចក្រនានាជាដើម។ ឯកឧត្តម អ៊ិត សំហេង បានបង្ហាញនូវសុទិដ្ឋិនិយមថា ទៅថ្ងៃអនាគត គម្រោង ACT នេះ នឹងបន្តការពិភាក្សាគ្នាបន្តទៅទៀត ដើម្បីឈានទៅសម្រេចបាននូវការចុះអនុសញ្ញារួមមួយ ។

គួរជម្រាបថា គម្រោង ACT គឺជាកិច្ចព្រមព្រៀងថ្មីមួយរវាងម្ចាស់ម៉ាកកម្រិតពិភពលោកមួយចំនួន អាជីវករលក់រាយ និងសហជីពមួយចំនួន ដើម្បីផ្លាស់ប្តូរឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ និងសម្រេចបានប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករនិយោជិត តាមរយៈការចរចាជាសមូហភាពនៅថ្នាក់វិស័យវាយភ័ណ្ឌ ដោយភ្ជាប់ជាមួយនឹងការគាំទ្រលើការកែសម្រួលបែបបទនៃការបញ្ជាទិញ និងម្ចាស់ម៉ាក។

ជាមួយគ្នានេះ គោលបំណងរបស់គម្រោងសកម្មភាពដើម្បីការប្រែប្រួលផ្នែកលក្ខខណ្ឌការងារ ក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ហៅកាត់ថា ACT គឺការប្តេជ្ញាចិត្តកម្រិតអន្តរជាតិ ក្នុងការសម្រេចឱ្យបានប្រាក់ឈ្នួលសមរម្យ ដោយបានបង្កើតឱ្យមានជាក្របខណ្ឌមួយ ដែលគ្រប់ភាគីពាក់ព័ន្ធ រួមមាន ម្ចាស់ម៉ាក និងអាជីវករលក់រាយ សហជីព រោងចក្រ សហគ្រាស និងរាជរដ្ឋាភិបាល អាចអនុវត្តទំនួលខុសត្រូវ និងតួនាទីរបស់ខ្លួន ក្នុងការសម្រេចឱ្យបានប្រាក់ឈ្នួលសមរម្យ៕