ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលរំពឹងថា ប្រាក់ចំណូលប្រជាជនកម្ពុជាក្នុងម្នាក់នឹងកើនឡើង ជាង២០០០ដុល្លារសហរដ្ឋអាមេរិកក្រោបញ្ចប់អាណត្តិទី៦

AKP កំពង់ស្ពឺ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រំពឹង​ថាប្រាក់ចំណូលរបស់ប្រជាជនកម្ពុជាក្នុងម្នាក់ នឹងកើនឡើងដល់ជាង២០០០​ដុល្លារស​ហ​រដ្ឋ​អាមេរិក ក្រោពីបញ្ចប់អាណត្តិរាជរដ្ឋាភិបាលអាណត្តិទី៦ ក្នុងខណៈដែលបច្ចុប្បន្នប្រជាជន​កម្ពុ​ជាក្នុងម្នាក់កំពុងស្ថិតក្នុងប្រាក់ចំណូល ប្រមាណ ១៥៦០ ដុល្លារសហរដ្ឋអាមេរិកនោះ។


ក្នុងពីធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ចំនួន ២៧ ៤៤៤នាក់ ដែល​ម​ក​​ពី​រោងចក្រ សហគ្រាសចំនួន ២៤ ដែលត្រូវបាន​ប្រា​រព្ធធ្វើឡើង នាព្រឹកថ្ងៃពុធ ១០កើត ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៩​ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិ​ស្វា​យ​ទា​ប​​ ​ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្ដេចតេជោ ថ្លែងថា តាមការព្យាការណ៍​របស់​អង្គ​ភាព ស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (ASEAN+3 Macroeconomic Research Office «AMRO») បានឱ្យដឹងថា ឆ្នាំ២០១៨នេះ បើទោះបីជាកម្ពុជាត្រូវរៀបចំការបោះឆ្នោតក្តី ក៏​កំ​ណើនសេដ្ឋកិច្ចកម្ពុជា បន្ដកើនឡើងដល់៧.២ភាគរយ ដែលកើនឡើងពីឆ្នាំ២០១៧ ដែល​ត្រឹម​តែ​៧.១ភាគរយ។

សម្ដេចតេជោបានថ្លែងបន្ដទៀតថា កាលពីឆ្នាំទៅមិញ កម្ពុជា​បានស​ម្រេច​កំណើន​សេដ្ឋកិច្ច ៧ភាគរយ ហើយក្នុងច្បាប់ថវិកាឆ្នាំ២០១៨នេះ យើង​កំណត់ក្របខ័ណ្ឌ​ម៉ាក្រូ​សេ​ដ្ឋកិ​ច្ចត្រឹមតែ៧ភាគរយ និងអត្រាអតិផរណាក្រោម៣.៥ភាគរយ ប៉ុន្ដែអង្គភាពអាស៊ានបូក៣ វាយ​តម្លៃ​ថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នឹងកើនដល់៧.២ភាគរយ ជាមួយអត្រាអតិផរណាត្រឹមតែ ៣.១ភាគរយ​តែ​ប៉ុណ្ណោះ។ ដូច្នេះបើយោងទៅ​លើ​កំណើ​ន​សេដ្ឋកិច្ច​៧ភាគរយ ថេរ ចំនួនរយៈពេល៥ឆ្នាំ យើង​នឹ​ង​មាន​ប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ​ម្នាក់​ជាង​២០០០​ដុល្លារស​ហ​រដ្ឋ​អាមេរិក ដែលមុននេះ​យើង​មានតែរាប់សិបដុល្លារតែប៉ុណ្ណោះ ហើ​យ​ក្រោមរាប់រយដុល្លារ ឥឡូវយើងបានទៅជា​ប្រ​ទេស​​ដែលមានប្រាក់ចំណូល​មធ្យមកម្រិត​ទា​ប​។ ប៉ុន្តែប្រាក់២០០០​ដុល្លារស​ហ​រដ្ឋ​អាមេរិក វា​អត់​​ទាន់បានទៅដល់កម្រិត នៃប្រទេស​ដែ​ល​មានឋានៈជាប្រទេសដែលមាន​ប្រាក់ចំណូល​មធ្យ​ម​កម្រិត​ខ្ពស់នោះទេ ប្រាក់ចំណូលមធ្យម​កម្រិត​ខ្ពស់យើងនឹងសម្រេចនៅឆ្នាំ២០៣០ ដែលនេះ​ជា​ការដាក់ចេញនូវគោលដៅ​សម្រាប់​រ​យៈ​​​ពេលមធ្យម ហើយគោលដៅរយៈពេលវែង គឺឆ្នាំ២០​៥០​ ដែលនឹងក្លាយទៅ​ជាប្រទេស​ដែ​ល​​​មានប្រាក់ចំណូលខ្ពស់។

ក្នុង​ឱកាស​ជួប​សំណេះសំណាលជាមួយ​កម្មករនិយោជិតនេះដែរ​ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​កម្មករ​-​កម្មការិនី កុំ​ធ្វើ​សកម្មភាព​បិទផ្លូវ ដើម្បី​តវ៉ា​ទាមទារ​បញ្ហា​ផ្សេ​ង​ៗ ដូចជា ករណី​ទាមទារ​ប្រាក់​សំណង រឿង​ថៅកែ​រត់ចោល ជាដើម​ ដោយ​សម្តេច​ បា​នប​ញ្ជា​ក់​ថា សម្តេច​មិន​ឱ្យ​កម្មករ​-​កម្មការិនី បាត់បង់​ប្រាក់​នោះ​ទេ ហើយកន្លងមករាជរដ្ឋាភិបាល​ក៏​​បា​ន​​​បញ្ចេញ​ថវិកា​២២​លាន​ដុល្លារ សម្រាប់​ដោះស្រាយ​រឿងនេះ រួចមកហើយ​។ ការ​យក​ផ្លូវ​ធ្វើជា​ចំណាប់ខ្មាំង ដើម្បី​តវ៉ា​នេះ មិនមែន​ជា​រឿង​ល្អ​នោះ​ទេ ព្រោះ​មិនមែន​ប៉ះពាល់ ថៅកែ​រោងចក្រ​ទេ តែ​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ ជាពិសេស វា​អាច​ប៉ះពាល់ ដល់​អ្នក​ត្រូវ​ទៅរក​សេវា​សង្គ្រោះ​បន្ទា​ន់ នៅ​តាម​មន្ទីរពេទ្យ​ ពិសេសគឺខុសច្បាប់​ថែមទៀត​ផង​។ ​

សម្តេច​តេជោ ហ៊ុន សែន បាន​បន្ត​​អំពាវនាវ​ឱ្យម្ចាស់​​រោងចក្រ សហ​គ្រាស និង​កម្មករ ត្រូវ​បន្ត​រួម​គ្នា​រក្សា​សន្តិភាព និង​ត្រូវ​ចាត់​ទុក​​រោង​ចក្រ​​ជា​សហគមន៍​ដ៏​ល្អ​មួយ ដែល​ម្ចាស់​រោងចក្រ និង​កម្មករ​និយោជិត ចេះ​រួមរស់​ជា​មួយ​គ្នា គោរព​យោគយល់​គ្នា​ទៅវិញទៅមក និង​ត្រូវ​រួម​គ្នា​រក្សា​ការងារ​ឱ្យបាន​គង់វង្ស​។ ទន្ទឹម​នឹ​ង​​នេះ​​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ធ្វើ​ការអំពាវនាវ​សារ​ជា​ថ្មី​ឱ្យ​រោងចក្រ សហ​គ្រាស មួ​​យ​​​ចំនួនទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ​​ដែល​មិន​បាន​ចុះបញ្ជី សូម​មក​ចុះបញ្ជី ដើម្បី​ផ្តល់​ឱកា​ស​​​ឱ្យ​កម្មករ​នៃ​រោងចក្រ របស់ខ្លួន ទទួលបាន​សេវា​គាំពារ​សង្គម ដោយ​មិន​គិតថ្លៃ សេវា​ព្យា​បា​ល​ជំងឺ និង​ស្ត្រី​ដែល​ឆ្លងទន្លេជាដើម​។៕

ដោយ ជឹម ណារី