ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំ៩ចំណុច ស្តីពីការការពារសន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ — ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំដល់គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ឱ្យខិតខំយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរ ដែលមកកម្សាន្តនៅកម្ពុជា។

នេះបើតាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ ដែលចុះហត្ថលេខាដោយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា មូលហេតុនៃការចេញសេចក្តីណែនាំនេះ គឺដោយសារតែនៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាក្នុងប្រទេសកម្ពុជា មានប្រមាណជាង៣លាននាក់ ដែលមានការកើនឡើង១៣ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ ក្នុងនោះ មានភ្ញៀវទេសចរចិនច្រើនជាងគេ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ដែលឈរនៅលំដាប់ខ្ពស់ទាំង១០ប្រទេស។

ក្រសួងបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចសង្គម ដោយបាននាំមកនូវចំណូលជាតិ ផ្តល់ឱកាសការងារ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ ជាក់ស្តែង កាលពីឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៥,៦លាននាក់ កើនឡើង១១,៨ភាគរយ និងទទួលបានចំណូលជូនជាតិ ៦០០លានដុល្លារអាម៉េរិក រួមចំណែកប្រមាណ១២ភាគរយ នៃផលិតផលក្នុងស្រុកសរុប និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ដោយផ្ទាល់ជាង ៦៥ម៉ឺននាក់។ ដើម្បីបង្ការ និងធានាសន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរ ជាពិសេសជនជាតិចិន ក្រសួងទេសចរណ៍ធ្វើការណែនាំដល់គ្រប់មន្ទីរទេសចរណ៍ រាជធានី-ខេត្ត ឱ្យខិតខំយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាសន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរ ដែលមកកម្សាន្តនៅកម្ពុជាចំនួន៩ចំណុចធំៗរួមមាន៖

១.តាមដានរាល់ព័ត៌មាន និងសេចក្តីជូនដំណឹងពីអាកាសធាតុ ក្នុងករណីមានខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ ឬគ្រោះធម្មជាតិផ្សេងៗដែលអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរនិងជាពិសេសម្ចាស់ទូកម៉ាស៊ីនដឹកទេសចរ។

២.ត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូនទេសចរ (ផ្លូវទឹក ផ្លូវគោក ផ្លូវដែក) ត្រូវមានសោភណភាព គុណភាព ផាសុកភាព និងមានសម្ភារ សង្រ្គោះពេលមានគ្រោះ។

៣.ត្រូវមានស្លាកសញ្ញាសុវត្ថិភាព និងសញ្ញាគ្រោះថ្នាក់ផ្សេងៗទៀត នៅតាមតំបន់រមណីយដ្ឋាននានាជាភាសាខ្មែរ អង់គ្លេស និងភាសាទី៣(យោងតាមសារាចរណែនាំលេខ០០៤សរណនចុះថ្ងៃទី២៩ខែមីនា ឆ្នាំ២០១៨)។

៤.ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ត្រូវមានបំពាក់ប្រព័ន្ធសុវត្ថិភាពឱ្យបានត្រឹមត្រូវទៅតាមកម្រិតស្តង់ដារ (បំពង់ពន្លត់អគ្គិភ័យ កាមេរ៉ាសុវត្ថិភាព ច្រកសុវត្ថិភាព…)។

៥.ត្រូវមានវិធានការការពារ និងត្រៀមទុកជាមុននូវសម្ភារសង្រ្គោះបឋម ដើម្បីជួយដល់ភ្ញៀវទេសចរនៅពេលជួបនូវគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ។

៦.ត្រូវធ្វើការណែនាំដល់ទីភ្នាក់ងារនិងការីទេសចរមិនត្រូវរៀបចំខ្សែទស្សនកិច្ចទៅកាន់ទី កន្លែងណាដែលមានហានីភ័យខ្ពស់ ជាពិសេសសម្រាប់ភ្ញៀវទេសចរជនជាតិចិន។

៧.ត្រូវមានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងបន្ទាន់នៅពេលដែលភ្ញៀវទេសចរជួបគ្រោះថ្នាក់ផ្សេងៗ។

៨.អ្នកវិនិយោគបរទេសរួមទាំងជនជាតិចិន ដែលមករកទទួលទានរយៈពេលវែងនៅកម្ពុជាមានបំណងចង់បើកបររថយន្តដោយខ្លួនឯងលើផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានប័ណ្ណបើកបរកម្ពុជាតាមមធ្យោបាយពីរយ៉ាងគឺ៖

ក-ត្រូវប្រឡងយកប័ណ្ណបើកបរដូចប្រជាពលរដ្ឋខ្មែរដែរ,

ខ-ត្រូវយកប័ណ្ណបើកបររបស់ប្រទេសខ្លួនមកប្តូរយកប័ណ្ណបើកបរកម្ពុជា ដោយដាក់ពាក្យសុំនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងករណី ប័ណ្ណបើកបរមិនសរសេរជាភាសាអង់គ្លេស ឬភាសាបារាំងត្រូវបកប្រែជាភាសាខ្មែរ ឬភាសាអង់គ្លេស ឬភាសាបារាំង ដោយមានការបញ្ជាក់ទទួលស្គាល់ពីស្ថានទូត ឬទីស្ថានកុងស៊ុល ឬ ស្ថានរបស់បេសកកម្មរបស់ខ្លួន។

៩.ចំពោះជនបរទេសដែលកាន់ប័ណ្ណបើកបរអន្តរជាតិ “International Driving Permit” ដោយអនុលោមតាមអនុសញ្ញាទីក្រុងវីយ៉ែន ឆ្នាំ១៩៤៩ ឬឆ្នាំ១៩៦៨ អាចបើកបររថយន្តនៅលើផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជាបាន ប៉ុន្តែត្រូវភ្ជាប់មកជាមួយនូវប័ណ្ណបើកបរជាតិរបស់ជនបរទេសនោះ៕

ដោយ គង់ សិរីរ័ត្ន