ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោ៖ ការដូរទីតាំងឃុំឃាំងលោក កឹម សុខា គឺក្នុងគោលដៅមនុស្សធម៌ និងរក្សាសុវ​ត្ថិភាពពិរុទ្ធជន

AKP កំពង់ស្ពឺ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ — ដោយថ្លែងមិនចំឈ្មោះលោក កឹម សុខា ដែលត្រូវបានតុលាការដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​​ជាបណ្ដោះអាសន្នកាលពីពេលថ្មីៗកន្លងមកនោះ ប្រមុខ​រាជ​រដ្ឋា​ភិបាលកម្ពុជា សម្ដេច​អគ្គ​ម​ហា​​​សេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា​គឺគ្មានការរួចទោសអ្វីទាំងអស់ គឺគ្រាន់​តែ​ប្ដូរ​ទី​តាំងឃុំឃាំងខ្លួន ក្នុងគោលដៅមនុស្សធម៌ និងរក្សាសុវត្ថិភាពពិរុទ្ធជនតែប៉ុណ្ណោះ។

ក្នុងពីធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ចំនួន ២៧ ៤៤៤នាក់ ដែល​ម​ក​​ពី​រោងចក្រ សហគ្រាសចំនួន២៤ ដែលត្រូវបាន​ប្រា​រព្ធធ្វើឡើង នាព្រឹកថ្ងៃពុធ ១០កើត ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៩​ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិ​ស្វា​យ​ទា​ប​ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្ដេចតេជោ ថ្លែងថា ការប្ដូរទីតាំងឃុំខ្លួននោះ គឺ​ក្នុង​គោលដៅ​មនុ​ស្សធម៌ និងរក្សាសុវត្ថិភាពពិរុទ្ធជន គឺខ្លាចក្រែងពិរុទ្ធជនស្លាប់ក្នុងពន្ធនាគារ វា​បង្កើតរឿងដល់រាជរដ្ឋាភិបាល។​ នៅប្រទេសរបស់យើងមិនទាន់មានច្បាប់ឃុំខ្លួនក្នុងផ្ទះ​នោះ​ទេ ដូច្នេះតុលាការគេកំណត់តំបន់មួយឱ្យមនុស្សហ្នឹងស្នាក់នៅ ហើយគេអាចចង្អុលឱ្យស្នាក់​នៅ​ក្នុងផ្ទះហ្នឹងតែម្ដង។ ថ្ងៃក្រោយយើងក៏ត្រូវរៀបចំច្បាប់​សម្រាប់ការឃុំខ្លួន​ក្នុង​ផ្ទះ​ផងដែរ ដែ​ល​នេះអាចជាការខ្វះចន្លោះទៅលើផ្នែកច្បាប់។

សម្ដេចបន្តថា ការធ្វើសកម្មភាពណា​មួយរបស់​ពិរុ​ទ្ធជន ត្រូវតែពាក់ព័ន្ធជាមួយនឹង សាលដីកាតុលាការដែលគេកំណត់ បើមិនដូច្នេះតុលាការ​គេ​នឹ​ងមានសិទ្ធិនឹងយកទៅឃុំឃាំងនៅកន្លែងណាផ្សេង តាមឆន្ទានុសិទ្ធិរបស់តុលាការ។ សូមបញ្ជាក់ថា ​​លោក​ កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបាន​តុ​លា​កា​រ​​សម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ នៅ​​វេលាទៀបភ្លឺឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដោយសារតែបញ្ហាសុខភាព​របស់​លោ​​​ក ប​ន្ទាប់ពីឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង (ម៣) រយៈពេលជាង១ឆ្នាំ។ ការដោះ​លែង​នេះ​​ឱ្យ ​នៅ​ក្រៅឃុំបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ បានភ្ជាប់នូវលក្ខ​ខណ្ឌ​មួយ​ចំនួន៕

ដោយ ជឹម ណារី