ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោ ហ៊ុន សែនថា អង្គភាពអាស៊ានបូក៣ បានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជានឹងស្ថិតក្នុងរង្វង់៧,២ ភាគរយនៅក្នុងឆ្នាំនេះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកស្រី ផន វាសនា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា អង្គភាពអាស៊ានបូក៣ បានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជានឹងស្ថិតក្នុងរង្វង់៧,២ ភាគរយនៅក្នុងឆ្នាំនេះ  ខណៈដែលឆ្នាំ២០១៧កម្ពុជាសំរេចបានក្នុងរង្វង់៧ភាគរយ ដូច្នេះបញ្ជាក់ថា កម្ពុជាកំពុងមាន សេដ្ឋកិច្ចល្អប្រសើរ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី ចំនួនជាង២ម៉ឺន៧ពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ សម្តេចតេជោ បានបន្តថា ទោះជាយ៉ាងណាកម្ពុជាត្រូវខិតខំប្រឹងប្រែង បន្តទៀតពីមួយអាណត្តិទៅមួយអាណត្តិ ដើម្បីធ្វើយ៉ាងណាជំរុញសេដ្ឋកិច្ចរបស់យើងឲ្យមានកំណើនខ្ពស់ ហើយសម្តេចសង្ឃឹមថាចប់អាណត្តិទី៦នេះ ប្រាក់ចំណូលរបស់ប្រជាជន កម្ពុជានឹងកើនឡើងជាង២ពាន់ដុល្លារក្នុងម្នាក់ ខណៈដែលសព្វថ្ងៃនេះយើង កំពុងស្ថិតនៅក្នុងប្រាក់ចំណូលជិត១៦០០ដុល្លារក្នុងម្នាក់។ សម្តេចតេជោ បន្ថែមថា បច្ចុប្បន្ន យើងបានក្លាយទៅជាប្រទេសដែលមានប្រាក់ ចំណូលមធ្យមកម្រិតទាប ហើយនឹងប្រែក្លាយទៅជាប្រទេសដែលមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងនៅឆ្នាំ២០៥០ កម្ពុជានឹងក្លាយជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ ដែលជាគោលដៅរបស់កម្ពុជា សម្រាប់រយៈពេលមធ្យម និងរយៈពេលវែង ដែលទាមទារឲ្យមានការចូលរូមគ្រប់ភាគីពាក់ពន្ធ័ ដើម្បីសំរេចគោលដៅនេះ។ (មានសំឡេងដើម)