ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កូរ៉េខាងជើងអនុញ្ញាតឱ្យអន្តរជាតិត្រួតពិនិត្យការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ខ្លួន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៩.០៩.១៨)

កូរ៉េខាងជើង៖ កាលពីថ្ងៃពុធប្រធានាធិបតីកូរ៉េខាងត្បូងលោកម៉ូនចេអ៊ីន (Moon Jae-in)
បាននិយាយថាប្រទេសកូរ៉េខាងជើងបានព្រមព្រៀងអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិធ្វើការឃ្លាំមើល
ការបំបាត់ជាអចិន្ត្រៃយ៍នូវទីតាំងផលិតមីស៊ីលដ៏សំខាន់របស់ខ្លួនហើយនឹងចាត់វិធានការបន្ថែមទៀតដូចជាការបិទមជ្ឈមណ្ឌលកម្មវិធីនុយក្លេអ៊ែរដ៏សំខាន់របស់ខ្លួនបើសិនជាសហរដ្ឋអាមេរិកអនុវត្តវិធានការ ដូចគ្នាដែរ ។

លោកប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយបន្ទាប់ពីបញ្ចប់កិច្ចចរចា​ជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន ​ ថាកូរ៉េខាងជើងនិងកូរ៉េខាងត្បូងបានយល់ស្របគ្នាថាឧបទ្វីបកូរ៉េគួរតែក្លាយទៅជា«ដែនដីសន្តិភាព»ដោយគ្មានអាវុធនុយក្លេអ៊ែរនិងការគំរាមកំហែង  ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាលោកគីមបាននិយាយថាលោកនឹងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូងនាពេលអនាគតដ៏ខ្លីខាងមុខ។