ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក-កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មស្ដីពីឱកាសធុរកិច្ច នៅក្នុងវិស័យកសិកម្ម​នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ — សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក-កម្ពុជា ដោយមាន​ការសម្របសម្រួល​ពីស្ថានទូតអាម៉េរិក នៅរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មមួយ ដោយផ្តោតលើវិស័យកសិកម្ម ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សរបស់​ប្រទេស​កម្ពុជា ក្រោម​ប្រធាន​បទ “ឱកាសធុរកិច្ច នៅក្នុងវិស័យកសិកម្ម​នៅកម្ពុជា” ដែលធ្វើឡើង​នៅសណ្ឋាគារ​ Rosewood ភ្នំពេញ ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៨។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​ស្ថានទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍​នេះគឺដើម្បី ជួយឱ្យក្រុមហ៊ុនអាម៉េរិកមានការយល់ដឹងស៊ីជម្រៅ​ទៅលើវិស័យ​នេះ ភ្ជាប់ទំនាក់ទំនងជាមួយ ភាគីកម្ពុជា ហើយស្វែងរក​មើលអនាគតដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏មាន​សក្តានុពល។

ក្នុងព្រឹត្តិការណ៍​នេះ ក៏មានប្រតិភូទាំង ១៦ តំណាងឱ្យក្រុមហ៊ុន ឈានមុខគេមួយ​ចំនួន ​​របស់សហរដ្ឋអាមេរិក មានដូចជាក្រុមហ៊ុន 3M, Absolute Packaging and Automation, Cargill, Humate USA, Hydro-Thermal Corporation, Intervet, John Deere, និងក្រុមហ៊ុន Syngenta។ ទន្ទឹមនេះ ក៏នឹងមានផងដែរ​នូវក្រុម​ហ៊ុននៅអាស៊ីអាគ្នេយ៍ ដែលចែកចាយមុខ ទំនិញសំខាន់ៗ​របស់អាម៉េរិក។

ជាមួយគ្នានេះ សម្រាប់ព្រឹត្ដិការណ៍ពាណិជ្ជកម្មនៅក្នុងរយៈពេល២ថ្ងៃ​ សមាជិកប្រតិភូ នឹងរៀនសូត្រអំពីវិស័យផ្សេងៗទាក់ទង​នឹង​​កសិកម្មកម្ពុជា ដូចជាស្រូវអង្ករ ចំណីសត្វ និង បសុសត្វ និងវារីវប្បកម្ម ភ្ជាប់ជាបណ្តាញ ក្រុមអ្នកជំនួញ​ក្នុងស្រុក និងទស្សនា​ទីតាំងផលិត កម្ម​ក្នុងមូលដ្ឋាន។ លើសពីនេះទៀត ពួកគេនឹងជួបជាមួយមន្រ្តីជាន់ខ្ពស់មកពីក្រសួងពាណិជ្ជ កម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។

សូមបញ្ជាក់ថា សម្រាប់អ្នកសារព័ត៌មានដែលមានបំណងយកព័ត៌មាននៅថ្ងៃទី ២៦ ខែកញ្ញាខាងមុខ ក្នុងឱកាសនៃការ​បើកពិធីនេះ ត្រូវចុះឈ្មោះជាមួយផ្នែកកិច្ចការសាធារណៈ​របស់ស្ថានទូតអាម៉េរិក ដោយហៅទូរស័ព្ទមកលេខ ០២៣ ៧២៨ ២៥៨ ឬអ៊ីម៉េលមក ChhayC@state.gov ត្រឹមថ្ងៃសុក្រ ទី ២១ ខែកញ្ញា​ ឆ្នាំ ២០១៨ វេលាម៉ោង ៥ ល្ងាច៕

ដោយ អ៊ុន រិទ្ធី