ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន លើកទឹកចិត្ដដល់សិស្ស និស្សិតកម្ពុជា ពង្រឹងការផលិតភាពយន្ដ អប់រំខ្លីៗនេះ ឱ្យកាន់តែមានគុណភាពល្អបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ — រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានជំរុញលើកទឹកចិត្ដដល់ក្រុមសិស្ស និស្សិតកម្ពុជា ពង្រឹងការផលិត ភាពជីវចលឌីជីថលនេះ ឱ្យកាន់តែមានគុណភាពល្អ និងការច្នៃប្រឌិតខ្ពស់ ដើម្បីចូលរួមអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅ ឱ្យបានកាន់តែទូលំទូលាយថែមទៀត។


ក្នុងកម្មវិធីប្រកួតប្រជែងគំនូរជីវចលឌីជីថលលើកទី៥នៅកម្ពុជា ឆ្នាំ២០១៨ នាព្រឹកថ្ងៃ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រសួងបានឱ្យតម្លៃទៅលើ ភាពយន្ដគំនូរជីវចលនេះណាស់ ពីព្រោះបើយើងចេះផលិតបានល្អ អាចធ្វើបានយ៉ាងខ្លីៗ នឹងធ្វើឱ្យរូបភាពបង្ហាញនូវការទាក់ទាញ។ ឯកឧត្តមបញ្ជាក់ថា ក្រសួងព័ត៌មានលើកទឹក​ដល់ សិស្ស និស្សិត ក្នុងការចូលរួមប្រកួតកីឡាគំនូរជីវចលនេះដែលធ្វើជារៀងរាល់ឆ្នាំដើម្បីបង្ហាញ អំពីស្នាដៃ និងការខិតខំប្រឹងប្រែងផលិត ការច្នៃប្រឌិតខ្ពស់របស់ក្មួយៗជាសិស្ស និស្សិត ធ្វើ ការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ដើម្បីឱ្យសាធារណជនងាយយល់ និងអាចងាយស្រួល មើលឃើញរូបភាពក្នុងការអប់រំ និងសេចក្ដីណែនាំផ្សេងៗ។

ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ដថា ក្រសួងព័ត៌មាន នឹងផ្ដល់ជាកញ្ចប់ថវិកាសម្រាប់សិស្ស និស្សិត ដែលមានគម្រោង ឬលើកជាសំណើចង់ផលិតភាពយន្ដលើប្រធានបទណា មួយដែល គិតថាល្អ និងចូលរួមចំណែកជួយអប់រំ ព្រមទាំងលើកកម្ពស់ការយល់ដឹងដល់សង្គមទាក់ទង នឹងបញ្ហាបរិស្ថាន បញ្ហាចរាចរណ៍ ឬបញ្ហាគ្រឿងញៀនជាដើម ដើម្បីបញ្ជ្រាបការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយថែមទៀត។

ឯកឧត្តមរដ្ឋក៏បានកោតសរសើរចំពោះក្មួយៗជាសិស្ស និស្សិត មកពីតាមសាលា ផ្សេងៗ ដែលមានគំនិតច្នៃប្រឌិត និងខិតខំស្វែងរកគំនិតល្អៗក្នុងការបង្កើតជាភាពយន្ដរបស់ ខ្លួន ទាំងរូបភាព និងសំឡេង ក្នុងន័យចូលរួមអប់រំទាំងច្បាប់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន នៅក្នុងសង្គមឱ្យបានកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តមបានលើកឡើងទៀតថា ការបង្កើតជាភាពយន្ដអប់រំតាមរយៈគំនូរជីវចលនេះ គឺធ្វើឱ្យកុមារក៏ដូចជាមនុស្សទូទៅ មានការចាប់អារម្មណ៍ខ្លាំងណាស់ក្នុងការតាមដានមើល តាមកញ្ចក់ទូរទស្សន៍ចំពោះភាពយន្ដខ្លីៗនេះ។ ទន្ទឹមនេះ ក្រសួងនឹងបន្ដបើកវគ្គបណ្ដុះ បណ្ដាលលើការផលិតភាពយន្ដគំនូរជីវចលឌីជីថលនេះ ដើម្បីឱ្យសិស្ស និស្សិតបានយល់ដឹង​កាន់តែច្បាស់ និងកាន់តែមានគុណភាពល្អ នាពេលប្រកួតលើកក្រោយៗបន្ដបន្ទាប់​ទៀត។
ឯកឧត្ដមបានអះអាងថា តាមរយៈការផលិតនូវខ្សែភាពយន្ដអប់រំខ្លីៗនេះ នឹងធ្វើឱ្យ​សាធារណជនទូទៅ មានគំនិតក្នុងការគិត និងចូលរួមកែលម្អបញ្ហានៅក្នុងសង្គម ជាពិសេស ការ​ផលិតភាពយន្ដគំនូរជីវចលនេះ នឹងជួយបង្កើននូវគុណភាព ការច្នៃប្រឌិតខ្ពស់ រួមនឹង បច្ចេកទេសក៏កាន់តែខ្ពស់ ខណៈពេលមានថវិកាគ្រប់គ្រាន់សម្រាប់បង្កើតជាភាពយន្ដ អប់រំខ្លីៗ នេះផងដែរ។


បើតាមការបញ្ជាក់ពីឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា នេះគឺជាលើកទី៥ហើយ ដែលទូរទស្សន៍ជាតិកម្ពុជា បានរៀបចំការប្រកួតប្រជែងគំនូរជីវចល​ឌីជីថលនៅកម្ពុជា ក្នុងគោលបំណងផ្ដល់ឱកាសដល់សិស្ស និស្សិត ដែលមានចំណូលចិត្ដ ខាងការរចនាកម្មវិធីទូរទស្សន៍តាមប្រព័ន្ធឌីជីថល បានបង្ហាញនូវស្នាដៃដែលខ្លួនបានផលិត បាន និងផ្លាស់ប្ដូរគំនិតទស្សនៈ បទពិសោធន៍លើជំនាញនេះពីម្នាក់ទៅម្នាក់ និងពីសាលាមួយ ទៅ សាលាមួយទៀត។ ឯកឧត្តមបានបន្ដទៀតថា កម្មវិធីគំនូរជីវចលឌីជីថលនេះ នឹងជួយ ជំរុញ និងលើកកម្ពស់ការផលិតកម្មវិធីទូរទស្សន៍តាមបែបគំនូរជីវចល សម្រាប់កម្មវិធីអប់រំដល់ កុមារ ជាពិសេសលើកកម្ពស់គុណភាពនៃការផលិតកម្មវិធីទូរទស្សន៍តាមបែបអេនីម៉េសិន​នៅ កម្ពុជានាពេលខាងមុខ។

សូមបញ្ជាក់ថា ការប្រកួតប្រជែងគំនូរជីវចលឌីជីថលលើកទី៥នៅកម្ពុជា ឆ្នាំ២០១៨នេះ មានក្រុមសិស្ស និស្សិតចូលរួមចំនួន១២ក្រុម មកពីវិទ្យាល័យ សាលាសិល្បៈ និងសាកលវិទ្យា​ល័យនានា។ សម្រាប់ជ័យលាភីលេខ១ ប្រចាំឆ្នាំ២០១៨នេះ គឺបានទៅលើយុវសិស្ស ផាន់ សុខេង មកពីសាលាហ្វាពន្លឺសិល្បៈ ដោយទទួលបានថវិកាចំនួន៦០០ដុល្លារ។ ដោយឡែក ចំពោះអ្នកជាប់ជ័យលាភីផ្នែកគំនិត ជ័យលាភីផ្នែករូបភាព និងជ័យលាភីផ្នែកសាច់រឿង គឺក្នុង ១ក្រុមៗ ទទួលបានថវិកា៣០០ដុល្លារផងដែរ៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា