ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ទីរ​ពាណិជ្ជកម្មខេត្តសៀមរាប ​គ្រោងបើកឱ្យមានផ្សារណាត់កសិករលក់បន្លែ ផ្លែឈើធម្មជាតិនៅចុង​ខែតុលាខាងមុខនេះ

AKP សៀមរាប ថ្ងៃទី១៩ ខែកញ្ញា ឆ្នំា២០១៨ — ដើម្បី​លើក​កម្ពស់ផលិតផលខ្មែរមន្ទីរ​ពាណិជ្ជកម្មខេត្តសៀមរាប ​គ្រោងបើកឱ្យមាន ផ្សារណាត់កសិករលក់បន្លែផ្លែឈើធម្មជាតិនៅចុង​ខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ហើយការបើកឱ្យមាន​ផ្សារណាត់លក់បន្លែផ្លែឈើនេះ ជារួមគ្នាលើកតម្កើងនូវ គុណតម្លៃ នៃបន្លែផ្លែរឈើខ្មែរ។

លោក​ ភឿន​ គឹមលី​ ប្រធានមន្ទីរពាណិជ្ជ​កម្ម​ខេត្ត​សៀមរាបបានឱ្យ​ដឹងថា ​ដើម្បីជំរុញឱ្យ មានសមត្ថភាពប្រកួតប្រជែងបន្លែផ្លែឈើមានសុវត្ថិភាព​ គុណភាពបន្លែល្អ និង​មាន​ប្រភពច្បាស់ លាស់ ដែលកសិករខិតខំដាំដុះដោយផ្ទាល់ សម្រាប់បំពេញតម្រូវការដល់ ប្រជាពលរដ្ឋខេត្តសៀមរាបនោះ​ មន្ទីរ​ពាណិជ្ជកម្មខេត្តសៀមរាប គ្រោងនិងរៀបចំឱ្យមាន ផ្សារបន្លែសុវត្ថិភាពនាចុងសប្តាហ៍ដែល​ហៅ​ថា ​ផ្សារ​ណាត់កសិករខេត្តសៀមរាប នៅចុងខែតុលាឬដើមខែវិច្ឆិកាឆ្នំាំ២០១៨ខាងមុខនេះ។ ផ្សារណាត់​នេះមានដាក់​តាំង​លក់បន្លែ ធម្មជាតិ​នៅ​រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១ថ្ងៃត្រង់។​ មន្ទីរពាណិជ្ជកម្មកំពុងស្នើសុំទៅខេត្ត ដើម្បីជ្រើសរើសយកទីតាំងស្ថិតនៅក្បែររង្វង់ មូលវត្ត ដំណាក់ជាប់មាត់ស្ទឹងសៀមរាប​ ដើម្បីរៀបចំដាក់ឱ្យដំណើរការ​ផ្សារ​ណាត់កសិករនេះ។

លោកបាន​បន្តថា ផ្សារណាត់កសិករនេះ នូវរាល់បន្លែដែលយក​មកដាក់លក់ គឺជាបន្លែដែល​ដាំដោយកសិករនៅក្នុងខេត្តសៀមរាបផ្ទាល់ ហើយបន្លែរមានសុវត្ថិភាព​បំផុត។ បច្ចុប្បន្នមានកសិកដែលដាំបន្លែសុវត្ថិភាពចំនួន៤៣៨នាក់នៅក្នុងស្រុកចំនួន៥ គឺស្រុកពួក ស្រុក​បន្ទាយស្រី ស្រុកសូទ្រនិគម ស្រុក​ប្រាសាទ​បាគង និងក្រុងសៀមរាប ហើយសម្រាប់ការបើកដំបូងគឺមានត្រឹមតែ១៥ស្តង់ប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា ផ្សារណាត់កសិករនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយនូវកសិផល ដែលប្រជាកសិករផលិតបាន ប្រកបដោយសុវត្ថិភាព អនាម័យល្អ តាមស្តង់ដារ និងមិនធ្វើឱ្យប៉ះពាល់ដល់សុខុមាភាពអ្នកបរិភោគ។ ម្យ៉ាងវិញទៀតការរៀបចំឱ្យមានផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាព នាពេលនេះ គឺដើម្បីផ្តល់ឱកាសប្រជាកសិករនាំយកកសិផលដែល​ខ្លួនផលិតបាន​មកដាក់លក់ដោយផ្ទាល់បាន​ប្រាក់ចំណូលផ្ទាល់មិនឆ្លងកាត់ឈ្មួញកណ្តាលនោះទេ។

លោកបន្តថា បន្លែសុវត្ថិភាព​ គឺ​មាន​ត្រូវការ​ខ្ពស់នៅកម្ពុជាជាពិសេសនៅខេត្តសៀមរាប ដែលមាន​អ្នកទេសចរបានមកសម្រាក់កម្សាន្តត្រូវការហូបចុកបន្លែធម្មជាតិ។ ប៉ុន្តែការផ្គត់ ផ្គង់បន្លែ ផ្លែឈើ មានសុវត្ថិភាពនៅលើទីផ្សារក្នុងស្រុកនៅមានកម្រិតតិចតួចនៅឡើយ ដូច្នេះការបង្កើនផលិតកម្មបន្លែ ផ្លែឈើសុវត្ថិភាព និងបិទស្លាកសញ្ញាត្រឹមត្រូវតាមស្តង់ដារ ជាការងារចាំបាច់បំផុត ដែលត្រូវបង្វែរទិសពីការអភិវឌ្ឍតាមបែបវិបុលកម្ម ទៅកាន់ការ អភិវឌ្ឍតាមបែបប្រពលវប្បកម្ម និងកសិពាណិជ្ជកម្ម ប្រើប្រាស់បច្ចេកទេសទំនើប គ្រាប់ពូជល្អ និងបង្កើនតម្លៃបន្ថែមក្នុងការកែច្នៃកសិផល ឆ្លើយតបទៅតាមតម្រូវការទីផ្សារទាំងបរិមាណ គុណភាព សុវត្ថិភាព និងស្តង់ដារ៕

ដោយ ឃុត សៅ