ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋសភាផ្តល់សុពលភាពដល់សមាជិកសមាជិកាចំនួន ៣៨រូបជាផ្លូវការ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ — រដ្ឋសភាបានប្រកាសទទួលស្គាល់សមា​ជិកសមាជិកាថ្មី នៃរដ្ឋសភាជាប់ឆ្នោតចំនួន ៣៨រូបជាផ្លូវការ។

  

ការប្រកាសនេះធ្វើឡើង បន្ទាប់ពីសម័យប្រជុំលើកទី១ នីតិកាលទី៦ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តដោយលើកដៃផ្តល់នូវ សុពលភាព ជូនសមា​ជិកសមាជិកាថ្មី នៃរដ្ឋសភាជាប់ឆ្នោតទាំង ៣៨រូបនោះ។

សូមជម្រាបជូនថា ការដាក់សមាជិកថ្មី នៃរដ្ឋសភានាពេលនេះ គឺដើម្បីជំនួសឱ្យ សមាជិករដ្ឋសភា ដែលបានជាប់ឆ្នោតកាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិ កាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលបានចាកចេញពីរដ្ឋសភា ទៅធ្វើជាស មាជិករាជរដ្ឋាភិបាល និងជារដ្ឋលេខា​ធិការនៅតាមក្រសួងស្ថាប័នមួយ ចំនួនសរុបចំនួន ៣៨រូប។

ចំពោះសមាសភាពសមាជិកសមាជិការដ្ឋសភា ដែលបានប្រកាសសុពលភាពនា ពេលនេះរួមមាន៖ មណ្ឌលខេត្តបាត់ដំបងចំនួន២រូប មណ្ឌលខេត្តកំពង់ចាមចំនួន៥រូប មណ្ឌលខេត្តកំពង់ឆ្នាំងចំនួន២រូប មណ្ឌលខេត្តកំពង់ស្ពឺចំនួន៣រូប មណ្ឌល​ខេត្តកំពង់ធំ ចំនួន១រូប មណ្ឌលខេត្តកណ្តាលចំនួន៥រូប មណ្ឌលខេត្តក្រចេះចំនួន១រូប មណ្ឌលរាជធានីភ្នំពេញចំនួន៤រូប មណ្ឌលខេត្តព្រៃវែងចំនួន៥រូប មណ្ឌលខេត្តពោធិ៍សាត់ចំនួន៣រូប មណ្ឌលខេត្តព្រះសីហនុចំនួន២រូប មណ្ឌលខេត្តកែបចំនួន ១រូប មណ្ឌលខេត្តតាកែវចំនួន១រូប មណ្ឌលខេត្តឧត្តរមានជ័យចំនួន១រូប និងមណ្ឌលខេត្តត្បូងឃ្មុំចំនួន២រូប។

សូមបញ្ជាក់ថា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភានេះ ព្រះរាជាណាចក្រកម្ពុជា មានសភាតំណាងរាស្ត្រចំនួន២៥មណ្ឌលនៅទូទាំងប្រទេស ដោយមានអាសនៈតំណាង​រាស្ត្រសរុបចំនួន ១២៥រូប សុទ្ធសឹងមកគណបក្សប្រជាជនកម្ពុជា៕

ដោយ ប៉ាល់ សុង