ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ស៊ីរីស្វាគមន៍កិច្ចព្រមព្រៀងតួកគី-រុស្ស៊ីស្តីពីតំបន់គ្មានយោធានៅអ៊ីដលីប

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ — ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បាននិយាយថា កាលពីថ្ងៃអង្គារនេះក្រសួងការបរទេសស៊ីរីបាន និយាយថា រដ្ឋាភិបាលស៊ីរីស្វាគមន៍កិច្ចព្រមព្រៀងរុស្ស៊ី-តួកគីស្តីពីការបង្កើតតំបន់គ្មានយោធាមួយ ក្នុងខេត្ត អ៊ីដលីបប្រទេសស៊ីរីភាគពាយ័ព្យ ។

ក្រសួងនេះបាននិយាយថា កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីការពិគ្រោះយោបល់គ្នាយ៉ាងល្អិត ល្អន់នឹងមានការសម្របសម្រួលគ្នាទាំងស្រុង រវាងរុស្ស៊ីនិងភាគីស៊ីរី ។ កិច្ចព្រមព្រៀងបង្កើតតំបន់ទ្រនាប់ នៅចន្លោះទីតាំងកងកម្លាំងរដ្ឋាភិបាលស៊ីរី ហើយនឹងពួកឧទ្ទាម នៅអ៊ីដលីបនេះ ត្រូវបានគេប្រកាស់បន្ទាប់ពីកិច្ចប្រជុំកំពូលមួយ រវាងមេដឹកនាំរុស្ស៊ីនិងតួកគី ដែលបានជួបគ្នាក្នុងទីក្រុងលំហែកាយរុស្ស៊ីសូជី (Sochi )កាលពីថ្ងៃចន្ទ ។

ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយសមភាគីតួកគីរបស់លោក គឺលោក រ៉េសេប តាយីប អែរដូហ្គាន ( Recep Tayyip Erdogan )ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ( Vladimir Tutin ) បាននិយាយថា តំបន់គ្មានយោធានឹងត្រូវគេបង្កើតឡើងត្រឹមថ្ងៃ១៥ ខែតុលា ។ តំបន់នេះនឹងត្រូវគេបង្កើត ឡើងនៅតាមបណ្តោយខ្សែបន្ទាត់ទាក់ទងគ្នានៃពួកប្រឆាំងប្រដាប់អាវុធ ហើយនឹងកងកម្លាំងរដ្ឋាភិបាល ដែលមានជម្រៅពី១៥ គីឡូម៉ែត្រ ទៅ២០គីឡូម៉ែត្រ ។

ពួកឧទ្ទាមរ៉ាឌីកាល់នឹងដកចេញពីតំបន់គ្មានយោធា ព្រមជាមួយគ្រឿងសព្វាវុធធុនធ្ងន់ ។ កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងធ្វើឱ្យភ្ញាក់ផ្អើលមួយ នៅពេលដែលវាកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមេដឹកនាំអ៊ីរ៉ង់, រុស្ស៊ី និងតួកគី បានធ្វើកិច្ចប្រជុំកំពូលត្រីភាគីមួយក្នុងក្រុងតេហេរ៉ង់ ដែលក្នុងអំឡុងពេលនោះ មេដឹកនាំអ៊ីរ៉ង់ និងរុស្ស៊ី បានច្រានចោលការអំពាវនាវមួយរបស់ប្រទេសតួកគី ឱ្យមានបទឈប់បាញ់គ្នាមួយ នៅអ៊ីដលីប ដែលជាទីតាំងពួកឧទ្ទាមយ៉ាងសំខាន់ចុងក្រោយនៅក្នុងប្រទេសស៊ីរីនោះ ។

យោធាស៊ីរីបាននឹងកំពុងបញ្ជូនកម្លាំងបន្ថែមទៅកាន់តំបន់ខ្សែបន្ទាត់ជួរមុខ នៅជុំវិញអ៊ីដលីបជា ផ្នែកនៃការរៀបចំបើកធ្វើការវាយលុកទ្រង់ទ្រាងធំមួយ ដើម្បីយកអ៊ីដលីបមកវិញ ដែលនៅទីនោះជនស៊ី វិល៣លាននាក់រស់នៅជាមួយពួកឧទ្ទាមដែលគេប៉ាន់ស្មានថា មានចំនួន៥០.០០០ នាក់ ដែលរួមបញ្ចូល ទាំងពួកឧទ្ទាម ដែលមានទំនាក់ទំនងនឹងពួកអាល់-កៃដាផង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)